អន្តរជាតិ
ឌូ​ទើតេ​៖ មូលដ្ឋានទ័ព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​គោលដៅ​ដាក់​អាមេរិក មិនមែន​ហ្វីលីពីន​ទេ​
20, Feb 2018 , 11:56 am        
រូបភាព
​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​សារភាពថា ចិន​កំពុង​សាងសង់​មូលដ្ឋាន​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​លោក​មិនមាន​ក្ដីបារម្ភ​ពី​គ្រោះថ្នាក់​ផ្នែក​យោធា​អ្វី​ឡើយ​។ លោក ឌូ​ទើ​តេ អះអាងថា គោលដៅ​របស់​ចិន មិនមែន​ហ្វីលីពីន​ឡើយ តែ​អាមេរិក​ឯណោះ​ទេ​។ មិន​ត្រឹម​មិន​ព្រួយ​ទេ ហ្វីលីពីន​ចង់​ចាប់ដៃ​ចិន​ដើម្បី​រុករក​ធនធានធម្មជាតិ​រួមគ្នា​នៅ​តំបន់​មាន​ជម្លោះ​ដដែល​នេះ​ទៀតផង​។​



«​វា​ជា​រឿង​ឆ្កួត​បើ​នរណាម្នាក់​គិតថា ចិន​នឹង​ប្រើ​សព្វាវុធ​របស់ខ្លួន​វាយប្រហារ​ហ្វីលីពីន​។​» នេះ​ជាស​ម្ដី​ចេញពី​មាត់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ជុំវិញ​សកម្មភាព​របស់​ចិន​ក្នុងការ​សាងសង់​មូលដ្ឋានទ័ព​នៅក្នុង​តំបន់​ប្រទាញប្រទង់​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ លោក ឌូ​ទើ​តេ ទទួលស្គាល់ថា ចិន​ពិតជា​កសាង​បន្ទាយទ័ព​មែន ប៉ុន្តែ​សព្វាវុធ​របស់​ចិន​មិនមែន​សំដៅ​អ្នកជិតខាង​ដូច​ហ្វីលីពីន​ឡើយ ឯ​គោលដៅ​ធំ​គឺ​អាមេរិក​។

​ក្នុងការ​ជួបជុំ​ជាមួយ​អ្នកជំនួញ​ហ្វីលីពីន និង​ចិន​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ លោក ឌូ​ទើ​តេ បញ្ជាក់ថា ចិន​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​ដើម្បី​ប្រឆាំង​អាមេរិក​តែមួយគត់ ព្រោះ​អាមេរិក​ចង់​បំផ្លាញ​ចិន​។ ឯ​ហ្វីលីពីន​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler ដែល​ស្រង់់​សម្ដី​លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​ទៀតថា កុំ​ខ្វល់​នឹង​មី​ស៊ី​ល​នៅ​ទីនោះ វា​មិនមែន​តម្រង់​ដាក់​ហ្វីលីពីន​ឡើយ​។​

​ជាមួយគ្នា​នោះ លោក ឌូ​ទើ​តេ ក៏បាន​រំឭក​ពាក្យសន្យា​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែលថា ចិន​នឹងមិន​សាងសង់​អ្វី​នៅ​តំបន​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal នៃ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ប្រធានាធិបតី​ហ្វីលីពីន​ដែលមាន​ទំនោរ​ទៅរក​ក្រុង​ប៉េកាំង ជឿថា ប្រធានាធិបតី​ចិន​នឹង​គោរព​សម្ដី​របស់ខ្លួន ព្រោះ​លោក​ជា​មនុស្ស​មាន​កិត្តិយស​។

​ច្បាស់​ណាស់​ថា ហ្វីលីពីន​ដឹង​ពី​សមត្ថភាព​របស់ខ្លួន ដែល​មិនអាច​ប្រៀបផ្ទឹម​ចិន​បានឡើយ ហើយក៏​មិនអាច​ធ្វើ​អ្វី​ចិន​បានដែរ បើ​ចិន​ធ្វើ​សកម្មភាព​នៅ​តំបន់​ប្រទាញប្រទង់​ស្រេច​នឹង​ចិត្ត​របស់ខ្លួន​នោះ​។ បើ​មិនអាច​តវ៉ា​បាន មានតែ​សហការ​ជាមួយ​ចិន​ដើម្បី​ទទួល​ប្រយោជន៍​ពី​ធនធាន​រ៉ែ​មាន​ប្រេង​ជាដើម​។ បើតាម​លោក ឌូ​ទើ​តេ ក្រុង​ម៉ានីល និង​ក្រុង​ប៉េកាំង​កំពុង​ចរចា​គ្នា​ដើម្បី​រុករក​ប្រេង​រួមគ្នា ហើយ​លោក​ថែមទាំង​បង្ហើប​ពី​ការ​បែ​កង​ចែក​ផល​ទៅទៀត​។​

​ខណៈ​ការប៉ុនប៉ង​រុករក​ប្រេង​រួមគ្នា​ស្ថិតក្នុង​ដំណាក់កាល​ចរចា​ក្ដី លោក ឌូ​ទើ​តេ និយាយថា ហ្វីលីពីន​នឹង​ទទួលបាន​ចំណែក​ធំជាងគេ គឺ​ពីរភាគបី ឯ​ចិន​យក​មួយ​ភាគបី​។ ការបែងចែក​នេះ​ធ្វើឡើង​ការរុករក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ប៉ុណ្ណោះ ចំណែកឯ​តំបន់ Philippine Rise វិញ ហ្វីលីពីន​គឺជា​ម្ចាស់ ដ្បិត​ចិន​ទាមទារ​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល​ទៅហើយ​៕


Tag:
 ហ្វីលីពីន​
  អាមេរិក​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com