ជាតិ
កូនស្រី​ច្បង​លោក កឹម សុខា បាន​បណ្ណ​សរសើរ​ខាង​ប្រជាធិបតេយ្យ ពី​តំណាងរាស្ត្រ​អាមេរិក​
20, Feb 2018 , 2:25 pm        
រូបភាព
កញ្ញា កឹម មនោវិទ្យា ឡើងទទួលបណ្ណសរសើរខាងប្រជាធិបតេយ្យ ពីតំណាងរាស្ត្រអាមេរិក ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅទីក្រុងឡងបិចនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២0១៨
កញ្ញា កឹម មនោវិទ្យា ឡើងទទួលបណ្ណសរសើរខាងប្រជាធិបតេយ្យ ពីតំណាងរាស្ត្រអាមេរិក ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅទីក្រុងឡងបិចនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២0១៨
​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់លោក កឹម សុខា និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​បណ្ណ​សរសេ​រ​ស្តីពី​កា​រត​ស៊ូដើម្បី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ពី​តំណាងរាស្ត្រ​ពីររូប​នៃ​សហរដ្ឋអាមេរិក គឺ​លោក Ed Royce និង Alan Lowenthal​។ ការផ្តល់​បណ្ណ​សរសើរ​នេះ ធ្វើឡើង​ក្នុងឱកាស​ដែល​កញ្ញា កឹម មនោ​វិទ្យា ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ ក្នុង​ទីក្រុង​ឡង​បិ​ចនៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២0១៨​។



​លោក Ed Royce បាន​សរសេរ​ក្នុង​បណ្ណ​សរសើរ​ថា​៖«​វា ជា​កិត្តិយស​របស់​អ្នក ដែល​បាន​ប្តេជ្ញាចិត្ត ក្នុងការ​គាំទ្រ​គោលការណ៍​ប្រជាធិបតេយ្យ​។ សូម​អរគុណ​ចំពោះ​ការប្រឹងប្រែង​យ៉ាង​ខ្ជាប់ខ្ជួន​របស់​អ្នក​។ ឯ​លោក Alan Lowenthal បានសរសេរថា​៖«​ភាពជា​អ្នកដឹកនាំ​របស់​អ្នក​ក្នុងការ​លើកកម្ពស់​សិ​ទិ្ធ​មនុស្ស​និង​ប្រជាធិបតេយ្យ គួរតែ​ទទួលបាន​ការកោតសរសើ​រ​»​។

​កញ្ញា កឹម មនោ​វិទ្យា ត្រូវបាន​គេ​សង្កេតឃើញថា ជា​តួអង្គ​លេចធ្លោ​មួយរូប និង​មាន​សកម្មភាព​យ៉ាងខ្លាំង​ក្លា​ក្នុងការ​ស្វែងរក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ជួយ​ឪពុក​របស់​នាង ឲ្យ​បាន​រួច​ផុតពី​ពន្ធនាគារ​។ កាលពី​ប៉ុន្មាន​ខែ​មុន កញ្ញា កឹម មនោ​វិទ្យា បាន​ពឹងពាក់​មេធាវី​អន្តរជាតិ​មួយក្រុម ឲ្យ​យក​ករណី​ឃុំខ្លួន​លោក កឹម សុខា ទៅប្តឹង​នៅ​ក្រុមការងារ​ទទួលបន្ទុក​ផ្នែក​ការឃុំខ្លួន​ដោយ​បំពាន (The Working Group on Arbitrary Detention) ដែលជា​អង្គភាព​មួយ​របស់​អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​។
​កន្លងទៅ កញ្ញា កឹម មនោ​វិទ្យា ក៏​អំពាវនាវ​ឲ្យ​អង្គការ​សហ​ប្រជា​តិ ព្យួរ​អាសនៈ​របស់​ប្រទេស​កម្ពុជា ផងដែរ​។

​បច្ចុប្បន្ននេះ កញ្ញា កឹម មនោ​វិទ្យា នៅតែ​បន្ត​ធ្វើដំណើរ​ទៅតាម​បណ្តា​ប្រទេស​នានា ដើម្បី​ជំរុញ​ឲ្យ​ដាក់​សម្ពាធ​បន្ថែម​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ មិនមែន​មានតែ​កញ្ញា កឹម មនោ​វិទ្យា​នោះទេ ថ្នាក់ដឹកនាំ​ផ្សេងទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ពុះពារ​ខ្លាំង​ណាស់ដែរ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ​។

​ដោយ​យល់ថា ដើម្បី​ឲ្យ​ការទាមទារ​នេះ​ទទួលបាន​ជោគជ័យ លោក សម រង្ស៊ី រួមទាំង​អតីត​ថ្នាក់ដឹកនាំ​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ឡើង​។ ប៉ុន្តែ​ពួកគេ អាចធ្វើ​សកម្មភាព​តែ​នៅក្រៅ​ប្រ​ទេ​ប៉ុណ្ណោះ​។ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ចលនា​សង្គ្រោះ​ជាតិ ថា​ជា​ក្រុម​ឧទ្ទាម​។ ថ្មីៗ​នះ ក្រសួងមហាផ្ទៃ បានដាក់​បណ្តឹង​ទៅកាន់​តុលាការ ដើម្បី​ប្តឹង​ថ្នាក់ដឹកនាំ​និង​សមាជិក​នៃ​ចលនា​នេះ​។

​នៅក្នុង​ប្រទេស​កម្ពុជា សកម្មភាព​របស់​ក្រុម​អ្នកប្រឆាំង បាន​បាត់​ទាំងស្រុង ចាប់​តាំង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២0១៧៕



Tag:
 កឹម មនោ​វិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com