អន្តរជាតិ
ហ្វីលីពីន ចាប់ដៃជាមួយចិនរកមធ្យោបាយដើម្បីរុករកប្រេងនៅសមុទ្រចិនខាងត្បូង
× រដ្ឋាភិបាលក្រុងម៉ានីល និងរដ្ឋាភិបាលក្រុងប៉េកាំង បានចរចាគ្នាដើម្បីធ្វើកិច្ចព្រមព្រៀងមួយក្នុងការរុករកប្រេងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ។ សកម្មភាពថ្មីនេះ ធ្វើឡើងស្របពេល ដែលភាគីពាក់ព័ន្ធនៃជម្លោះសមុទ្រចិនខាងត្បូង ក៏កំពុងតែបន្តនីតិវិធីចរចាបង្កើតជាក្រមបទដ្ឋានមួយជាក់លាក់គ្រប់គ្រងសកម្មភាពមិនប្រក្រតីនៅតំបន់មានជម្លោះ។
« ខ្ញុំអាចប្រាប់អ្នកបានថា យើងកំពុងតែបន្តការងារយ៉ាងសកម្ម ដ្បិតយើងពិតជាត្រូវការវា ។ ហើយ ហ្វីលីពីន នឹងសម្រេចឲ្យបាននូវក្របខណ្ឌផ្នែកច្បាប់ ដែលនឹងអនុញ្ញាតឲ្យមានការរុករួមគ្នាបាន » ។ នេះគឺជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Alan Peter Cayetano ទៅកាន់អ្នកសារព័ត៌មានពាក់ព័ន្ធការចរចារុករកប្រេងរួមគ្នារវាងហ្វីលីពីន និងចិន ។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Jakarta Post នៅថ្ងៃ ១៨ កុម្ភៈ ប្រមុខការទូតហ្វីលីពីន ដដែលនោះ ក៏បានអះអាងដែរថា រដ្ឋាភិបាលហ្វីលីពីន ក្រោមដឹកនាំដោយលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ពិតជាមានការប្តេជ្ញាចិត្តក្នុងរុករកប្រភពថាមពលថ្មី ដើម្បីស្របតាមតម្រូវការ និងពិសេសនោះ ដើម្បីផ្គត់ផ្គង់រោងចក្រថាមពលមួយចំនួនផងដែរ ។
គួរជម្រាបដែរថា នៅសប្តាហ៍មុនដដែល មន្ត្រីជាន់ខ្ពស់ហ្វីលីពីន និងចិន បានជួបគ្នានៅក្នុងរដ្ឋធានីម៉ានីល ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើមរួម ក៏ដូចជាពិនិត្យមើលឡើងវិញនូវបញ្ហា ដែលចំណុចចម្រូងចម្រាសនៃដែនទឹករវាងប្រទេសទាំងពីរ ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ នីតិវិធីនៃការចរចាដើម្បីរុករកប្រេងជាមួយគ្នារបស់ភាគីជម្លោះសមុទ្រចិនខាងត្បូងទាំងពីរ ធ្វើឡើងស្របពេល ដែលអាស៊ាន ជាមួយនឹងចិន ក៏កំពុងតែចាប់ផ្តើមនីតិវិធីដើម្បីសម្រេចឲ្យបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដើម្បីគ្រប់គ្រង ។ ភាគីជម្លោះសមុទ្រចិនខាងត្បូងទាំងអស់ មានដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងចិន ។
ចិន គឺជាភាគីជម្លោះតែមួយគត់ ដែលបានទាមទារស្ទើរតែទាំងស្រុងនៃតំបន់ជម្លោះ ។ នៅក្នុងឆ្នាំ២០១៦ កន្លងទៅ ហ្វីលីពីន បានឈ្នះក្តីចិន តាមរយៈបណ្តឹងរបស់អតីតប្រធានាធិបតីហ្វីលីពីនមុនទៅកាន់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ក្រុងឡាអេ ។ ក៏ប៉ុន្តែ គិតចាប់ពីលោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូទើតេ ឡើងកាន់តំណែងមក លោកមិនដែលធ្លាប់ប្រកាសអនុវត្តសាលដីរបស់តុលាការអន្តរជាតិនោះឡើយ ។ សម្រាប់លោក ការប្រឹងតទល់ជាមួយនឹងចិន មិនលទ្ធផលល្អឡើយ ៕
Tag:
ហ្វីលីពីន
ចិន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com