អន្តរជាតិ
មេដឹកនាំ​នេ​ប៉ាល់​ថ្មី​សន្យា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​ដើម្បី បន្ថយ​ការពឹង​ផ្អែកលើ​ឥណ្ឌា​
20, Feb 2018 , 8:19 pm        
រូបភាព
នាយរដ្ឋមន្ត្រីថ្មីរបស់នេប៉ាល់ KP Sharma Oli
នាយរដ្ឋមន្ត្រីថ្មីរបស់នេប៉ាល់ KP Sharma Oli
​ក្រោយ​ស្បថ​ចូលកាន់​តំណែង​ភ្លាម នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​ដែលជា​អ្នកនយោបាយ​បក្ស​កុម្មុយនីស្ត បានប្រកាស​ដោយ​ចំហ​ថា លោក​នឹង​ចាប់ផ្តើម​គម្រោង​សាងសង់​វា​រី​អគ្គីសនី​របស់​ចិន​ឡើងវិញ​។ ក្រៅពីនេះ លោក​ក៏​សន្យា​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​មហា​យក្ស​ឥណ្ឌា​ដូច​មុន​ផង​។​



​ដោយមាន​ទំនោរ​ទៅរក​ចិន​ស្រាប់ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​មកពី​បក្ស​កុម្មុយនីស្ត​រួបរួម​ម៉ាក​-​លេនីន (Unified Maxis-Leninist) លោក Khadga Prasad Sharma Oli  បាន​បញ្ជាក់ថា រដ្ឋាភិបាល​លោក​នឹង​អនុញ្ញាត​ឲ្យ​មានការ​ចាប់ផ្តើម​គម្រោង Budhi Gandaki  ដែលមាន​ទំហំ ២,៥ ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​វា​រី​អគ្គីសនី​ឡើងវិញ​នៅពេល​ខាងមុខ​។

​យោងតាម​សារព័ត៌មាន South China Morning Post នាយករដ្ឋមន្ត្រី​ដែល​ទើប​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នោះបាន​និយាយ​ដូច្នេះ​៖ «​បុរេវិនិច្ឆ័យ​នយោបាយ និង​សម្ពាធ​ពី​ក្រុមហ៊ុន​មួយចំនួន​ជាហេតុ​ផល​ដែល​ជំរុញ​ឲ្យ​មានការ​ផ្អាក​គម្រោង​សាងសង់​នេះ​។ ប៉ុន្តែ​សម្រាប់​យើង វា​រី​អគ្គីសនី​ជា​អ្វីដែល​យើង​យកចិត្តទុកដាក់​។ យើង​នឹង​អនុវត្ត​គម្រោង​នេះឡើយ​វិញ​»​។

​លោក​បាន​បន្ថែមទៀតថា រដ្ឋាភិបាល​នេ​ប៉ាល់​ក៏​នឹង​ជំរុញ​ការផ្សាភ្ជាប់ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​បន្ថែម​ជាមួយ​ចិន​ដោយ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ផង​។ តាមពិតទៅ​គម្រោង​សាងសង់​វា​រី​អគ្គីសនី​របស់​ចិន​ខាងលើ​ត្រូវបង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​កុម្មុយនីស្ត​(​កណ្តាល​និយម​លទ្ធិ​ម៉ៅ​) កាលពី​ខែមិថុនា​ឆ្នាំមុន ដោយ​នេ​ប៉ាល់​ជា​សមាជិក​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​។

​ប៉ុន្តែ​ក្រោយមក គម្រោង​នេះ​ត្រូវបាន​ព្យួរ​ដោយ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​បក្ស​សមាជ​ប្រជាជាតិ​នេ​ប៉ាល់ (Nepali Congress) ដែល​ដែលមាន​សមា​ចិត្ត​ចំពោះ​ឥណ្ឌា​។ គេ​វាយតម្លៃថា កាលនោះ​នេ​ប៉ាល់​រង​សម្ពាធ​ពី​ឥណ្ឌា​ព្រោះ​មហា​យក្ស​មួយ​នេះ​បារម្ភ​ពី​ការកើនឡើង​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​នៅក្បែរ​ព្រំដែន​ខ្លួន​ដែរ​។​

​ដោយឡែក លោកនាយក​រដ្ឋមន្ត្រី​ថ្មី Sharma Oli ក៏​សន្យា​ត្រួតពិនិត្យ និង​កំណត់​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ឥណ្ឌា​ដែរ ដោយ​ធ្វើយ៉ាងណា​ធានា​កាត់បន្ថយ​ការ​ផ្តេកផ្តួល​លើ​មហា​យក្ស​អាស៊ី​ខាងត្បូង​នេះ​។ ក្នុងនោះ​មានការ​ត្រួត​ពិនិត្យឡើងវិញ​ការអនុវត្ត​ក្នុង​កិច្ចសហប្រតិបត្តិការ​យោធា​យូរអង្វែង​ដែល​ទាហាន​នេ​ប៉ាល់​ត្រូវ​បម្រើ​ការងារ​ក្នុងចំណោម​កងទ័ព​ឥណ្ឌា​នោះ​។ ទោះជា​យ៉ាងណាក្តី មេដឹកនាំ​នេ​ប៉ាល់​រូបនេះ​យល់ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​នេ​ប៉ាល់ និង​ឥណ្ឌា​នៅតែ​រឹងមាំ​។

«​យើង​តែងតែមាន​ទំនាក់ទំនង​ល្អ​បំផុត​មួយ​ជាមួយ​ឥណ្ឌា​។ វា​មាន​ធាតុ​ផ្សំ​ខ្លះ​ក្នុង​រដ្ឋាភិបាល​ឥណ្ឌា​ដែល​តែងតែ​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ពីគ្នា​។​ប៉ុន្តែ​មេដឹកនាំ​ឥណ្ឌា​បាន​ធានា​ចំពោះមុខ​យើង​ថា វា​នឹងមិន​មានការ​លូកលាន់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នេ​ប៉ាល់​នៅពេល​អនាគត​ឡើយ ហើយ​យើង​នឹង​គោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក​ដែរ​»​។ នេះ​ជាការ​កត់សម្គាល់​របស់​លោក Sharma Oli​។

. ទំនាក់ទំនង​រវាង​លោក Oli និង​ឥណ្ឌា​មិនសូវ​ល្អ​
​តាមពិតទៅ ទំនាក់ទំនង​រវាង​លោក Sharma Oli និង​មហា​យក្ស​ឥណ្ឌា​ជា​មិត្ត​ជិតខាង​មិនដែល​ល្អ​ឡើយ​។ លោក Sharma Oli ធ្លាប់​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​ម្តង​ពី​ឆ្នាំ ២០១៥ ដល់ ២០១៦ ហើយ​កាលនោះ​ហើយ​ជម្លោះ​រវាង​រដ្ឋាភិបាល​លោក និង​រដ្ឋាភិបាល​ឥណ្ឌា​កើតឡើង​។ ដើមចម​នៃ​បញ្ហា​គឺ ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ថ្មី ដោយ​ឥណ្ឌា​ចោទប្រកាន់ថា រដ្ឋធម្មនុញ្ញ​នេះ​រើសអើង ប្រជាជន​នេ​ប៉ាល់​ដែលមាន​ដើមកំណើត​ឥណ្ឌា​។

​ឆ្លើយតប​នឹង​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នេះ ឥណ្ឌា​បានដាក់​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​នេ​ប៉ាល់​តែម្តង ប៉ុន្តែ​វិធានការ​នេះ​ប្រៀបដូចជា​រុញ​ទូក​បណ្តោយ​ទឹក​។ ប្រមុខ​រដ្ឋាភិបាល​នេ​ប៉ាល់​លោក Sharma Oli បាន​ងាក​ទៅរក​ជំនួយ​ពី​ចិន ហើយ​កិច្ចព្រមព្រៀង​សំខាន់ៗ​ជាច្រើន​ត្រូវបាន​ភាគី​ចុះ​រួមគ្នា​ផង​កាលនោះ​។  មិន​ត្រឹមតែ​ងាក​ទៅរក​ចិន​ទេ លោក Sharma Oli បានសម្រេច​លុបចោល​ទ​ស្សន​កិច្ច​ប្រធានាធិបតី​ទៅកាន់​ប្រទេស​ឥណ្ឌា​ថែម​ទៀតផង​។

​ក្នុងការ​ឃោសនាបោះឆ្នោត​កន្លងមក លោក Sharma Oli ក៏​អា​ចរក​សំឡេងគាំទ្រ​បាន​ច្រើន​ដោយ​ប្រើប្រាស់​ការឃោសនា​ប្រឆាំង​ឥណ្ឌា​ដែរ​។ អ្នកនយោបាយ​កុម្មុយនីស្ត​រូបនេះ​លើកយក​បញ្ហា​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ដែល​ឥណ្ឌា​ដាក់ចេញ​ប្រឆាំង​នេ​ប៉ាល់ និង​បញ្ហា​ដទៃទៀត​ដើម្បី​ទាញយក​ប្រជាប្រិយភាព​រហូត​ឈ្នះ​បាន​អាសនៈ​១២១ ក្នុងចំណោម​អាសនៈ​សរុប ២៧៥​ក្នុង​សភា​នោះ​។ 

​សម្រាប់​លោក Sharman Oli ការ​ងាក​ទៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​ជា​រឿង​យុទ្ធសាស្ត្រ​ការទូត ដោយ​ទាញយក​ប្រយោជន៍​ផង និង​ធ្វើយ៉ាងណា​ឲ្យ​នេ​ប៉ាល់​មាន​ទឹកមាត់ប្រៃ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​ឥណ្ឌា​ផង​។ នេះ​ក៏ដោយ​សារ ឥណ្ឌា​បច្ចុប្បន្ន បារម្ភ​ខ្លាំង​ពី​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅ​បណ្តា​ប្រទេស​ជុំវិញ​ដូចជា​ស្រីលង្កា និង​នេ​ប៉ាល់​តែម្តង​។ គ្រាន់តែ​លោក Sharma Oli ជាប់ឆ្នោត​ភា្ល​ម នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ទូរ​សព្ទ​ទៅ​លោក​បី​ដង​រួចទៅហើយ​ដើម្បី​ប្រាប់​ពី​ឆន្ទៈ​ឥណ្ឌា​ក្នុង​ការពង្រឹង​ចំណងមិត្តភាព​ជាមួយ​នេ​ប៉ាល់​។ សប្តាហ៍​មុននេះ​ទៀត ក្រុង​ញ៉ូ​វ​ដែ​លី​បាន​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​លោកស្រី Sushma Swaraj ទៅកាន់​ប្រទេស​នេ​ប៉ាល់​ថែមទៀត​ដើម្បី​ពាំនាំ​សារ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការបន្ត​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែរ​៕


Tag:
 ឥណ្ឌា​
  នេ​ប៉ាល់​
 ​ចិន​
  Khadga Prasad Sharma Oli
© រក្សាសិទ្ធិដោយ thmeythmey.com