កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​គ្រូ Chelsea៖ តោ​ខៀវ​មិនត្រូវ​ផ្តោតលើ Messi ពេក​ទេ តែ​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​បាល់​វិញ​
20, Feb 2018 , 4:59 pm        
រូបភាព
Chelsea នឹង​បើកទ្វារ​ស្វាគមន៍ FC Barcelona ក្នុង​ទឹកដី Stamford Bridge នៃ​ក្របខណ្ឌ UEFA Champion League ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​នា​រាត្រី​ថ្ងៃ​អង្គារ​ទី​២០ ខែកុម្ភៈ វេលា​ម៉ោង ២:៤៥​នាទី រំលងអធ្រាត្រ [​ម៉ោង​នៅ​កម្ពុជា​]​។ ក្នុងជំនួប​នេះ​លោក Ruud Gullit ដែលជា​អតីត​អ្នកចាត់ការ​ក្រុមបាល់ទាត់​ម្នាក់​បាន​ណែនាំ​ក្រុម​រហស្សនាម​តោ​ខៀវ​កុំ​ផ្តោត​តែ​លើ Lionel Messi ខ្លាំងពេក តែ​ត្រូវ​សិក្សា​ឲ្យ​ស៊ីជម្រៅ​ពី​ក្រុម Barcelona ទាំងមូល​ទើប​ជាការ​ល្អ​។​



Ruud Gullit ដែលជា​អតីត​កីឡាករ និង​អ្នកចាត់ការ Chelsea អំឡុង​ឆ្នាំ ១៩៩៦ ដល់ ១៩៩៨ បាន​ប្រាប់ SportMail ដូច្នេះ​ថា​៖«​អ្នក​មិនអាច​បញ្ឈប់ Messi បានទេ​។ ហើយ​នោះ​មិនមែនជា​អ្វីដែល Chelsea ត្រូវផ្តោត​សំខាន់​នោះដែរ ដូច្នេះ​ត្រូវ​មើល​លើ​ក្រុម​ទាំងមូល​។ ចំណុច​សំខាន់បំផុត​ដែល​កីឡាករ Chelsea ត្រូវធ្វើ​លើ​ទីលាន​គឺ​នៅពេល​គ្រប់គ្រង​បាល់ និង​ការបញ្ជូន​បាល់​ឲ្យ​ដៃគូ​ឲ្យ​ចំ​គោលដៅ​។ នេះ​ជា​គន្លឹះ​ល្អ​បំផុត​»​។​



​បុរស​វ័យ​៥៥​ឆ្នាំ ដែលជា​អតីត​អ្នកចាត់ការ Sampdoria និង AC Milan បាន​បន្ថែមថា​៖«Chelsea អាចធ្វើ​បាន​ក្រោម​ការដឹកនាំ​របស់ Antonio Conte ហើយ​ខ្ញុំ​ស្គាល់​គាត់ គាត់​ជា​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​ល្អ​បំផុត​»​។​



​ក្រៅពី​ជំនួប​រវាង Chelsea និង Barcelona នៃ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ នៅមាន​មួយគូ​ទៀត​គឺ​ម្ចាស់ផ្ទះ Bayern Munich ក៏​នឹង​បើកទ្វារ​កីឡដ្ឋាន Arena ដើម្បី​ទទួលភ្ញៀវ Besiktas សម្រាប់​ការប្រកួត​ជើង​ទី​១ នៅវេលា​ម៉ោង​ដូចគ្នានេះដែរ​៕


Tag:
 បាល់ទាត់​
  UEFA Champion League
  Chelsea
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com