អន្តរជាតិ
អ្នកស្រាវជ្រាវ​៖ អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ គួរ​ចូល​ជា​សមាជិក​អាស៊ាន​
15, Mar 2018 , 4:00 pm        
រូបភាព
នាយរដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាល់ខុម ធឺនប៊ូល និងអតីតនាយករដ្ឋមន្ត្រីឡាវលោក ថោងស៊ីង ថាម៉ាវង្ស (រូបភាព៖ AFP)
នាយរដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាល់ខុម ធឺនប៊ូល និងអតីតនាយករដ្ឋមន្ត្រីឡាវលោក ថោងស៊ីង ថាម៉ាវង្ស (រូបភាព៖ AFP)
​វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី (ASPI) បានផ្តល់​យោបល់​ថា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​គួរតែ​ចូលរួម​ជា​សមាជិក​អាស៊ាន​ក្នុង​កម្រិត​ថ្មី ជា«​​ដៃគូ​នៃ​សហគមន៍​អាស៊ាន​»​។ ស្ថាប័ន​នេះ​អះអាងថា ការចូលរួម​ជាមួយ​អង្គ​ការ​តំបន់​នេះ​សំខាន់​សម្រាប់​មហាអំណាច​គីឡូ​មធ្យម​ដូចជា អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់​នេះ ខណៈដែល​អាស៊ាន​រង​សម្ពាធ​ពី​បណ្តា​មហាអំណាច​ធំៗ​ដូចជា​អាមេរិក ចិន និង​ឥណ្ឌា​ជាដើម​នោះ​។​



​របាយការណ៍​ចងក្រង​ឡើង​ដោយ​លោក Graeme Dobell   នៃ​វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី បានស្នើ​ឲ្យ រដ្ឋាភិបាល​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ពិចារណា​ចូលរួម​ជា​សមាជិក​អាស៊ាន ខណៈដែល​អូស្ត្រាលី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អូស្ត្រាលី​-​អាស៊ាន​នៅ​ខែមីនា​ខាងមុខ​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ា​ល់​ខុម ធឺ​ន​ប៊ូល នឹង​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​ទាំង​ដប់​ដែល​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​ដែល​ត្រូវ​រៀបចំ​នៅ​អូស្ត្រាលី​ជា​លើកដំបូង​នេះ​។ វា​នឹង​ផ្តល់ឱកាស​សំខាន់​សម្រាប់​អូស្ត្រាលី ក្នុងការ​រឹតបន្តឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន​ស៊ីជម្រៅ​ថែមទៀត ដោយ​ផ្តោតលើ​សន្តិសុខ​អ៊ីនធឺណិត​, ប្រឆាំង​ភេរវកម្ម និង​ចលនា​ជ្រុលនិយម សន្តិសុខ​សមុទ្រ​។​

​របាយការណ៍​ខាងលើ​បានផ្តល់​យោបល់​ថា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ចូលរួម​ជា​សមាជិក​អាស៊ាន​ក្នុង​ទម្រង់​ថ្មី​ដោយ​ធ្វើជា​ដៃគូ​នៃ​សហគមន៍​អាស៊ាន​ត្រឹម​ឆ្នាំ ២០២៤ តែ​មិនមែន​ធ្វើជា​សមាជិក​ធម្មតា​ឡើយ​។

«​ការចូល​រួមជាមួយ​អាស៊ាន​ជា​វិធីសាស្ត្រ​ល្អ​បំផុត​ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​បញ្ចេញយោបល់​ពេញលេញ​ក្នុងការ​បង្កើត​អនាគត​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​។ កិច្ចប្រជុំ​ពិសេស​ក្រុង​ស៊ីដនី អាចធ្វើ​ឲ្យ​មហិច្ឆតា​នេះ​ក្លាយជា​និមិត្តរូប​មួយ​ដែល​អាច​ឈានទៅ​បង្កើត​ផ្លែផ្កា​ពេលខាងមុខ​ផង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Graeme Dobell ដែលជា​អ្នកសរសេរ​របាយការណ៍​។   

​អ្នកជំនាញ​ខាងលើ​កត់សម្គាល់ថា ប្រទេស​អាស៊ាន​រង​សម្ពាធ​ដោយសារ​ការ​ប្រជែង​អំណាច​រវាង​មហា​មហាអំណាច​គីឡូ​ធ្ងន់​ដូចជា អាមេរិក ចិន ជប៉ុន និង​ឥណ្ឌា​នោះ​។ ដូច្នេះហើយ វា​ជា​រឿង​វិជ្ជមាន​ដែល​អាស៊ាន​មាន​សមាជិក​មហាអំណាច​មាន​គីឡូ​មធ្យម​ដូចជា អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ចូលរួម​ជាមួយ​ខ្លួន​នោះ​។​

​ការស្វែងរក​សមាជិក​ភាព​របស់​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ក្នុង​តំបន់​អាស៊ាន​ប្រឈម​បញ្ហា​ច្រើន​។ របាយការណ៍​ខាងលើ​សង្កេតឃើញថា បញ្ហា​ធំ​បំផុត​នោះ​គឺ​ដោយសារ​ការគិត​របស់​អូស្ត្រាលី​ខ្លួនឯង​។ តាំងពី​យូរ​មកហើយ អូស្ត្រាលី​ប្រកាន់​ផ្នត់គំនិត​មួយ​ដោយ​មិនដែល​ចង់​ចូលរួម​ជា​សមាជិក​នៃ​ក្រុម​ណាមួយ​ឡើយ​។​

​កន្លងមក​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក  Paul Keating បាន​តស៊ូ​មតិ​ដោយ​ជំរុញ​ឲ្យ​អូស្ត្រាលី​ចូលរួម​ជា​សមាជិក​អាស៊ាន​ដើម្បី​ធានា​សន្តិសុខ​តំបន់​អាស៊ី​ផង​។ បច្ចុប្បន្ន​អូស្ត្រាលី​ក្លាយខ្លួនជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​អាស៊ាន​រួចទៅហើយ​។ ប៉ុន្តែ​ក្រសួងការបរទេស​អូស្ត្រាលី លើក​ពី​កង្វល់​របស់ខ្លួន​ផងដែរ កាលណា​បើ​អូស្ត្រាលី​ចូលរួម​ជា​សមាជិក​អាស៊ាន​នោះ​។ បញ្ហា​ធំ​គឺ​អូស្ត្រាលី បាត់បង់​ឯ​រាជ្យ និង​លែងមាន​សិទ្ធិ​រិះគន់​បណ្តា​រដ្ឋាភិបាល​អាស៊ាន​ដែល​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ​៕


Tag:
 អូស្ត្រាលី​
  នូ​វែ​ល​សេ​ឡង់​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com