ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អា​ការៈដែល​បញ្ជាក់ថា អ្នក​កំពុងតែ​អា​ឡែ​ហ្ស៊ី​នឹង​អាហារ​ហើយ​
22, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រោគសញ្ញា​នៃ​ការ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​អាហារ​អាច​ប៉ះពាល់​ដល់​ផ្នែក​ជាច្រើន​នៃ​រាងកាយ​ដូចជា​៖


 
ប្រព័ន្ធ​រំលាយ​អាហារ​៖ រោគសញ្ញា​ដូចជា ការឈឺ​ពោះ​បែប​រមួលៗ ចង្អោ ក្អួត រាករូស រមាស់​ក្នុង​មាត់ និង​បំពង់ករ និង​ការ​ហូរឈាម​តាម​រន្ធ​គូថ (​កម្រ​កើត​ឡើងលើ​មនុស្ស​ធំ​ណាស់​)​។ រោគសញ្ញា​ទាំងនេះ​កើត​ឡើងជា​ញឹកញាប់​លើ​ក្មេងៗ​ច្រើនជាង​មនុស្ស​ធំ​។
   
ស្បែក​៖ រោគសញ្ញា​របស់​វា​មានដូចជា ការ​ហើម​ស្បែក រមាស់​ស្បែក ក្រហម​ស្បែក និង​រលាក​ស្បែក​។ ការ​ប្រតិកម្ម​ស្បែក​កើតមាន​ជា​ញឹកញាប់​លើ​កុមារ​ជាង​គេង​។
   
ប្រព័ន្ធ​ផ្លូវដង្ហើម​៖ រោគសញ្ញា​ដូចជា ការ​ក្អក ដកដង្ហើម​លឺ​សូរដូច​ហួច រមាស់​ច្រមុះ តឹង​ឬ​ហៀរ​សម្បោរ កណ្តាស និង​ពិបាក​ដកដង្ហើម​។

​ក្មេងៗ​ច្រើន​តែមាន​រោគសញ្ញា​ដូចៗ​គ្នា​នឹង​មនុស្ស​ធំ​ដែរ​។ រោគសញ្ញា​នៃ​ការ​ប្រតិកម្ម​នឹង​សណ្តែកសៀង ឬ​ទឹកដោះគោ​លើ​ក្មេងៗ​ប្រហែល​ជាមាន​លក្ខណៈ​ជាតា​អក​។ ពេលខ្លះ រោគសញ្ញា​តែមួយគត់​ដែល​កើតឡើង​នោះ​គឺ កា​រយំ​ខ្លាំង ក្អួត មាន​ឈាម​ក្នុង​លាមក រាករូស ទល់លាមក ឬ​មិនសូវ​លូតលាស់​។

​រោគសញ្ញា​អាច​ប្រែប្រួល​ពី​តិចតួច​ទៅ ធ្ងន់ធ្ងរ​រហូត​គម្រាម​គំហែង​ដល់​អាយុជីវិត និង​អាច​កើតឡើង​តែ​ប៉ុន្មាន​នាទី​រហូតដល់​ច្រើន​ថ្ងៃ​ក្រោយពី​ញ៉ាំ​រួច​។ ប្រតិកម្ម​ធ្ងន់ធ្ងរ​បំផុត​គឺ Anaphylaxis ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​រាងកាយ​ជាច្រើន និង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​។

​ប្រតិកម្ម Anaphylaxis អាច​ចាប់ផ្តើម​ជាមួយនឹង​រយៈពេល ពីរ​បី​នាទី​ទៅ​ពីរ​បី​ម៉ោង​ក្រោយពី​ញ៉ាំ​អាហារ​រួច​។ ហើយ​រោគសញ្ញា​អាច​បាត់​ដោយ​ខ្លួនឯង និង​ត្រឡប់មកវិញ​ក្នុង​រយៈពេល​ច្រើន​ម៉ោង​ក្រោយ​ក៏មានដែរ​។ មូលហេតុ​ញឹកញាប់​នៃ​ប្រតិកម្ម​បែបនេះ​គឺ​សណ្តែកដី និង​អាហារ​សមុទ្រ​។ សម្រាប់​ក្មេងៗ សណ្តែកដី​នឹងធ្វើ​ឲ្យ​មានប្រតិកម្ម Anaphylaxis ច្រើនជាង​អាហារ​ផ្សេងៗ​ទៀត​។ ថ្នាំ​អាស្ពីរីន ការហាត់​ប្រាណ ឬ​ញ៉ាំ​គ្រឿង​ស្រវឹង អាច​បង្កើន​ការ​ប្រឈម​នឹង​ប្រតិកម្ម Anaphylaxis ដែរ​។ មាន​ជំងឺ​ផ្សេងៗ​ទៀត​ច្រើនណាស់​ដែលមាន​រោគសញ្ញា​ស្រដៀង​គ្នា​ដូចជា ការពុល​អាហារ និង​ជំងឺ​រលាក​ពោះវៀន​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com