ជាតិ
សង្គមជាតិ
សារប្រយោជន៍​របស់​កំ​ប្លោក (Water Hyacinth, Eichhornia Crassipes )
23, Apr 2018 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​កំប្លោក ជា​រុក្ខជាតិ​ដុះ​ក្នុង​ទឹក​ដែល​មាននៅ​គ្រប់​ទីកន្លែង​នៅ​ស្រុក​ខ្មែរ ដូចជា​តាម​ស្រះ​ទឹក ត្រពាំង បឹង ស្ទឹង ទន្លេ​។​ល​។​



​វា​ជា​រុក្ខជាតិ​ងាយ​ដុះ និង​មានការ​លូតលាស់​លឿន​រហ័ស​ដោយ​ក្នុង​១​សប្តាហ៍ វា​អាច​បំបែក​ខ្លួន​ក្លាយជា​២​។  កំប្លោក​អាច​ចាត់ទុកជា​រុក្ខជាតិ​មួយ​ដែល​ដុះ​លឿន​ជាងគេ​បំផុត​លើ​លោក​នេះ​។ ដោយសារ​ការ​ដុះ​លូតលាស់​លឿន កន្លែង​ខ្លះ​វា​ហាក់ដូចជា​បង្ករ​ជា​បញ្ហា​វិញ​។​

​ដោយសារ​ភាពងាយស្រួល​ដុះ​លូតលាស់​របស់​វា និង​ការ​ផ្តល់នូវ​បរិមាណ​ផល​ជាដើម ស្លឹក និង​ឬ​ស​ច្រើន យើង​ត្រូវ​ចេះ​ទាញយក​ផលប្រយោជន៍​របស់​វា ជាពិសេស​ការប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​។​

ខាងក្រោម​នេះ​ជា​ឧទាហរណ៍​មួយចំនួន​អំពី​ការប្រើប្រាស់ និង​ផលប្រយោជន៍​របស់​កំប្លោក​៖
1.​    ​កំប្លោក ជាពិសេស​នៅពេល​ខ្ចី យកទៅ​ប្រើ​ជា​ចំណី​សត្វ​ដូចជា​មាន់ ទា ជ្រូក គោក្របី ជាដើម​។ សូប​បញ្ជាក់ថា កំប្លោក​មាន​ប្រូតេអ៊ីន​ខ្ពស់​ប្រហែល​២០%​ដែរ​។​

2.​    ​កំប្លោក​ទាំង​ដើម ស្លឹក និង​ឬ​ស ពេល​ទុក​ឲ្យ​រលួយ​ទៅ ក្លាយជា​ជីធម្មជាតិ​ដ៏​ល្អ​។ គេ​ប្រើ​វា ជា​ធាតុ ផ្សំ​ក្នុង​ការផលិត​ជី​កំ​ប៉ុ​ស្ត​

3.​    ​ដើម ស្លឹក និង​ឬ​ស​កំប្លោក យកទៅ​គ្រប​ដី និង​គល់​ដំណាំ ជួយ​ការពារ​សំណើម​ក្នុង​ដី ការពារ​ស្មៅ កុំ​ឲ្យ​ដុះ ផ្តល់​ភាព​ម្លប់​ត្រជាក់​ដល់​សត្វល្អិត មាន​ប្រយោជន៍​ក្នុង​ដី និង​ពេល​រលួយ​ក្លាយជា ជីធម្មជាតិ ដី​ល្អ​។​

4.​    ​ដើម និង​ស្លឹក​កំប្លោក ពេល​ហាល​ឲ្យ​ស្ងួត​ដូច​ចំបើង គេ​អាច​យកទៅ​បណ្តុះ​ផ្សិត​បាន​។​

5.​    ​ផ្កាកំប្លោក​ជា​បន្លែ​ធម្មជាតិ (​អន្លក់​) ដែលមាន​រសជាតិ​ឆ្ងាញ់​

6.​    ​កំប្លោក បើ​យើង​រក្សា​វា​ទុក ១​ផ្នែក​តូច​នៃ​ស្រះ​ទឹក​ចិញ្ចឹម​ត្រី (​ឧទាហរណ៍ ១/១០ នៃ​ផ្ទះ​ស្រះ​) ឬ​សវា ជម្រក​ដល់​ត្រី ហើយ​ឬ​សរប​ស់វា​ក៏​ជា​ចំណី​ដល់​ត្រី​ដែរ​។ យើង​ក៏ត្រូវ​ការពារ​កុំ​ឲ្យ​វា​រីក​ច្រើនពេក ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​ត្រី​វិញ តាមរយៈ​ការធ្វើ​ឲ្យ​ទឹក​ខ្វះ​អុកស៊ីហ្សែន​។​

7.​    ​កំប្លោក​ជា​រុក្ខជាតិ ដែល​អាចជួយ​ស្រូប​ជាតិពុល​ពី​ក្នុង​ទឹក​។ វា​ក៏​ជួយ​ឲ្យ​ទឹកថ្លា​ស្អាត តែ​ក៏ត្រូវ ឧស្សាហ៍​ស្រង់​វា​ចេញ​ដែរ​។​

8.​    ​ផលប្រយោជន៍​ផ្សេងៗ​ទៀត​ដូចជា សរសៃរ​របស់​វា ប្រើ​ជា​វត្ថុធាតុដើម​សម្រាប់​ការធ្វើ​ខ្សែ ធ្វើ​អង្រឹង ធ្វើ​កន្ត្រក​យួរ និង​គ្រឿង​សង្ហា​រឹម​ផ្សេងៗ​។​ល​។​

9.​    ​កំប្លោក​ទាំង​ដើម និង​ស្លឹក យក​ធ្វើជា​វត្ថុធាតុដើម ដើម្បី​ផលិត​ឧស្ម័ន​ជីវ (Biogas)​។​

10.​    ​គេ​យកទៅ​កែច្នៃ​បន្ថែម ដើម្បី​ធ្វើជា​ថ្នាំ​ថែរក្សា​សម្រស់​ស្បែក និង​សាប៊ូកក់សក់ (Shampoo)

11.​    ​កំប្លោក ក៏​គេ​អាច​យកទៅ​ប្រើ​ជា​ឱសថ​បុរាណ​ផ្សេងៗ​ទៀត​ដូចជា ឈឺធ្មេញ ឈឺបំពង់ក​។ ទាក់ទង ការប្រើប្រាស់​ជា​ឱសថ​បុរាណ ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​ផ្ទៀងផ្ទាត់​បន្ថែមទៀត​។​

ដោយសារ​ផលប្រយោជន៍ និង​ភាពងាយស្រួល​ក្នុង​ការដាំដុះ និង​ឲ្យ​ផល​មិនចេះ​អស់ យើង​គួរ​យកចិត្ត ទុកដាក់​ប្រើ​កំប្លោក​ឲ្យ​បាន​ច្រើន​។ ប្រសិនបើ​ស្រះ​ទឹក​របស់​អ្នក​មិនទាន់មាន​កំប្លោក​ទេ សូម​យក​វា​មក​ដាក់ ឲ្យ​ដុំ​ឲ្យ​បាន​ច្រើន ដើម្បី​ប្រើប្រាស់​ដូច​បាន​រៀបរាប់​ខាងលើ​។​

​អត្ថបទដោយ លោក​បណ្ឌិត យ៉ង សាំង​កុមារ​ (http://saingkoma.com/)

ឯកសារយោង​
1.​    ​Water Hyacinth Control and Possible Use (library.uniteddiverisity.coop)
2.​    ​Water Hyacinth Ecological Value, Environmental Impacts – Gia Discovery – https://www.giadiscovery.com
3.​    ​15 Health Benefits of Water Hyacinth You Never Know Before – Dr Hebey https://drhealthbenefits.coom



Tag:
 កំប្លោក
© រក្សាសិទ្ធិដោយ thmeythmey.com