កីឡាជាតិ
បូរ៉ា​វី​, ស៊ូ​ហា​ណា​, វិសាល ស្ថិតក្នុង​កូតា​ឈុត U21 សម្រាប់​ពាន​ស្តេច​ព្រុយ​ណេ​
22, Apr 2018 , 6:59 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពីថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១៨ បានបង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​(U21) សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​ពានរង្វាន់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah Tropy 2018 ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣ មេសា ដល់​ថ្ងៃទី​៥ ឧសភា​។ កីឡាករ​ជម្រើសជាតិ ឃួន ឡា​បូ​រ៉ាវី​, សុះ ស៊ូ​ហា​ណា និង សឿ​យ វិសាល ក៏​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ទាំង​២២​រូបនេះ​ផងដែរ​។

 
 
​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី​, ខ្សែបម្រើ សុះ ស៊ូ​ហា​ណា និង​ខ្សែការពារ សឿ​យ វិសាល ដែលជា​សមាជិក​ក្រុម​ជម្រើសជាតិ ត្រូវបាន​លោក ប្រាក់ សុវណ្ណារ៉ា ជ្រើសរើស​ឲ្យ​ជួយ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​ប្រជែង​ក្នុង​ពានរង្វាន់​ស្តេច​ព្រុយ​ណេ តាមរយៈ​សិទ្ធិ​អនុគ្រោះ​។ ពានរង្វាន់​នេះ អនុញ្ញាត​ឲ្យ​ក្រុម​ចូលរួម​នីមួយៗ​អាចដាក់​កីឡាករ​លើស​អាយុ​បាន​ចំនួន​៣​រូប​។​
 
​ខ្សែការពារ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ប្រាក់ សុវណ្ណ​ពិសិដ្ឋ ដែលជា​កូនប្រុស​បង្កើត​របស់លោក ប្រាក់ សុវណ្ណារ៉ា ក៏​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ទាំង​២២​រូប នៃ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំនេះ​ផងដែរ​។ 
 
​ក្រុម U21 កម្ពុជា​ស្ថិតក្នុង​ពូ​ល B ជាមួយ​ក្រុម U21 ឡាវ និង​សិង្ហ​បុរី ខណៈ​ពូ​ល A មាន​ម្ចាស់ផ្ទះ​ព្រុយ​ណេ មី​យ៉ាន់​ម៉ា ថៃ និង​ទី​ម័​រ​ខាងកើត​។ U21 កម្ពុជា ត្រូវ​ជួប​ប្រកួត​បើកឆាក​ជាមួយ U21 សិង្ហ​បុរី នៅ​ថ្ងៃទី​២៨ មេសា មុន​ជួប​ប្រកួត​ចុងក្រោយ​ជាមួយ​ឡាវ នា​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​។ ពានរង្វាន់ Hassanal Bolkiah Tropy ប្រចាំឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣ មេសា ដល់​ថ្ងៃទី​៥ ខែឧសភា​។   
 
​ពានរង្វាន់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah Trophy ត្រូវបាន​បង្កើតឡើង​ដោយ​សមាគម​បាល់ទាត់​ព្រុយ​ណេ (Football Association of Brunei Darussalam) នៅ​ឆ្នាំ​២០០២​។ កម្ពុជា​ធ្លាប់​ចូលរួម​ពានរង្វាន់​នេះ​បាន​ចំនួន​៤​លើក គឺ​ឆ្នាំ​២០០២, ២០០៧, ២០១២ និង ២០១៤​។ ប៉ុន្តែ​កម្ពុជា​មិន​ធ្លាប់​ទទួលបាន​ជើងឯក​នោះទេ ពោលគឺ​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្តង​កាលពី​ឆ្នាំ​២០០៧​។ 
 
​កីឡាករ​ទាំង​២២​រូប​រួមមាន​៖ អ្នកចាំទី​៖ កែវ សុខ​សិលា​, ជា វណ្ណ​សាក់​, ខ្សែប្រយុទ្ធ​៖ ឃួន ឡា​បូ​រ៉ាវី​, កាន់ ពិសាល​, ណា​រ៉ុង កក្កដា​, ម៉ាត់ នូ​រុណ​, ខ្សែបម្រើ​៖ សុះ ស៊ូ​ហា​ណា​, ស៊ិន កក្កដា​, ប្រាក់ ធី​វ៉ា​, អ៊ិន សូ​ដា​វីដ​, អ៊​ន ចាន់​ប៉ូ​លីន​, គ​ន្ធា រ៉ា​វ៉ាន់​, សេត រ៉​ស៊ី​ប​, សុខ ហៀ​ង​, ឡុង ភា​រ៉ាត់ ខ្សែការពារ​៖ សឿត បារាំង​, យ៉ើ សា​ហ្វី​, អ៊ុក សុវណ្ណ​, ប្រាក់ សុវណ្ណ​ពិសិដ្ឋ​, សឿ​យ វិសាល​, លី វ៉ា​ហេ​ទ​, ឆេង ម៉េង​៕     

Tag:
 បាល់ទាត់​
  ពាន​ស្តេច​ព្រុយ​ណេ​
  U21
© រក្សាសិទ្ធិដោយ thmeythmey.com