ជាតិ
កម្ពុជាប្រារព្ធទិវាភពផែនដីក្រោមប្រធានបទ បញ្ចប់ការបំពុលដោយប្លាស្ទិក
× ដើម្បីចូលរួមថែរក្សាភពផែនដី ក្រសួងបរិស្ថាន បានចូលរួមប្រារព្ធទិវា ភពផែនដី ជាលើកទី៣ ក្រោមប្រធានបទ បញ្ចប់ការបំពុលដោយប្លាស្ទិក។ កម្មវិធីនេះបានធ្វើឡើងនៅខេត្តព្រៃវែង ដោយមានវត្តមានលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ជាតំណាងនៃក្រសួងបរិស្ថាន។
នៅក្នុងឱកាសនៃទិវាភពផែនដី លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ តំណាងនៃក្រសួងបរិស្ថាន បានលើកឡើងថា «ថ្វីបើប្លាស្ទិកជួយសម្រួលការប្រើប្រាស់ប្រចាំថ្ងៃរបស់យើង ប៉ុន្តែប្លាស្ទិចគឺជាអាវុធលាក់មុខ ព្រោះសារធាតុពុលនៅក្នុងថង់ប្លាស្ទិកអាចបង្កនូវជំងឺកាចសាហាវនានាដល់មនុស្ស និងធ្វើអោយប៉ះពាល់គុណភាពទឹក និងដីរបស់យើងបាន»។
នៅព្រឹកថ្ងៃទី ២២ ខែមេសា លោក អ៊ាង សុផល្លែត បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសិក្សា និងផ្សព្វផ្សាយពីបញ្ហាបរិស្ថាន កុំបោះថង់ប្លាស្ទិកចូលទៅក្នុងបរិស្ថាន កុំដុតថង់ប្លាស្ទិក ព្រោះវាអាចបង្កអោយមានគ្រោះថ្នាក់ដល់ប្រព័ន្ឋអេកូឡូស៊ី ជាពិសេសជីវៈចម្រុះនៅក្នុងទឹក និងប៉ះពាល់ស្រទាប់អូហ្សូន និងកុំយកប្លាស្ទិក ច្រកអាហារក្តៅដែលធ្វើអោយចេញសារធាតុគីមីពុល បង្កនូវជំងឺមហារីកនានាដល់អ្នកបរិភោគ។
តំណាងរដ្ឋមន្ត្រីក្រសួងបរិស្ថានខាងលើ លើកឡើងបែបនេះ នៅក្នុងឱកាសប្រារព្ធ«ទិវាភពផែនដី ឆ្នាំ២០១៨» ជាលើកទី៣នៅកម្ពុជា ក្រោមប្រធានបទ«បញ្ចប់ការបំពុលដោយប្លាស្ទិក» នៅខេត្តព្រៃវែងដោយមានការចូលរួមពីក្រសួងបរិស្ថាន ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង អាជ្ញាធរដែនដីខេត្តព្រៃវែង។
ជាការកត់សម្គាល់ទិវា ភពផែនដី ត្រូវបានពិភពលោកប្រារព្ធឡើងជាលើកទី៤៨ ហើយ ដើម្បីបញ្ជ្រាបការយល់ដឹង និងបំផុសដល់មនុស្សជាតិ ឲ្យកាន់តែស្រលាញ់ថែរក្សា និងយល់នូវគុណតម្លៃដ៏មហាសាលនៃសម្បត្តិធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដីយើង ដែលជាភពតែមួយកត់ដែលអាចទ្រទ្រង់ជីវិតបាន។ ទិវានេះក៏ត្រូវបានអង្គការសហប្រជាជាតិកំណត់យកថ្ងៃទី ២២ ខែមេសា ធ្វើជាទិវាភពផែនដី ស្តែងចេញនូវសកម្មភាព ដាំដើមឈើថ្មី សម្អាតទីក្រុង និងផ្លូវថ្នល់ ជាដើម។
អង្គការ USAID ក៏បានចេញវីដេអូអប់រំដែលបង្ហាញអំពីផលប៉ះពាល់នៃកាកសំណល់ប្លាស្ទិកលើបរិស្ថាន និងសុខភាពមនុស្សផងដែរ៕
Tag:
បរិស្ថាន
ក្រសួងបរិស្ថាន
ប្លាស្ទិក
កង្វក់បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com