កងទ័ពជើងទឹកអាមេរិក ត្រូវបានចាត់ទុកជាកម្លាំងយោធាជើងទឹកខ្លាំងជាងគេលើពិភពលោក។ ទ័ពជើងទឹកអាមេរិកត្រូវបានបំពាក់ដោយយន្តហោះទំនើបៗ យុទ្ធោបករណ៍ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងជាពិសេសនោះ គឺចំនួននាវាចម្បាំងដ៏ច្រើនសម្បើម។ និយាយពីនាវាដឹកយន្តហោះវិញ អាមេរិកមាននាវាដឹកយន្តហោះច្រើនជាងនាវាដឹកយន្តហោះរបស់មហាអំណាចផ្សេងទៀតបូកបញ្ចូលគ្នាទៅទៀត។
នៅលើពិភពលោកនេះ មានប្រទេសតិចតួចប៉ុណ្ណោះដែលមាននាវាដឹកយន្តហោះបម្រើការក្នុងយោធារបស់ខ្លួន។ នាវាដឹកយន្តហោះអាចបែងចែកជាបីប្រភេទ គឺនាវាដឹកយន្តហោះធុនធ្ងន់ដែលអាចផ្ទុកយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្របាន, នាវាធុនតូចដែលឧទ្ធម្ភាគចក្រអាចធ្វើប្រតិបត្តិការបាន និងនាវាដឹកជញ្ជូនដែលផ្ទុកឧទ្ធម្ភាគចក្រ (amphibious ships) ។ បើនិយាយពីនាវាដឹកយន្តហោះធុនធ្ងន់ (Aircraft carrier) អាមេរិកមានច្រើនជាងគេ ឯមហាអំណាចផ្សេងទៀតមានម្នាក់មួយប៉ុណ្ណោះ។
នាវាដឹកយន្តហោះចិន Liaoning
ក្នុងចំណោមនាវាទាំង ២០គ្រឿងដែលកំពុងបម្រើការក្នុងជួរកងទ័ពជើងទឹករបស់ខ្លួន អាមេរិកមាននាវាដឹកយន្តហោះធុនធ្ងន់ចំនួន១១គ្រឿង ហើយដែលដំណើរការដោយថាមពលនុយក្លអ៊ែរទៀតផង។ នាវាដឹកយន្តហោះស៊េរីទំនើបរបស់អាមេរិកមានដូចជា USS Carl Vinson, USS Truman, USS Gerald R. Ford និង USS George H.W. Bush ជាដើម។ អាមេរិកពង្រាយ និងចល័តនាវារបស់ខ្លួនទៅធ្វើប្រតិបត្តិការនៅជុំវិញពិភពលោក។
នាវាដឹកយន្តហោះអង់គ្លេស HMS Queen Elizabeth (រូបភាព AP)
សម្រាប់នាវាដឹកយន្តហោះធុនធ្ងន់នេះដែរ រុស្ស៊ី ចិន អង់គ្លេស បារាំង និងឥណ្ឌា មានម្នាក់មួយគ្រឿងកំពុងបំពេញការងារក្នុងយោធារៀងៗខ្លួន។ រុស្ស៊ីមាន Admiral Kuznetsov ដ៏ចំណាស់ និងប្រើថាមពលឥន្ធនៈ, ចិនមាន Liaoning ដែលចូលបម្រើការក្នុងឆ្នាំ២០១២, ឥណ្ឌាមាន INS Vikramaditya ចូលបម្រើការនៅឆ្នាំ២០១៣, បារាំងមាន The Charles de Gaulle ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងអង់គ្លេសមាន HMS Queen Elizabeth ដែលទើបដំណើរការដែរ។
នាវាដឹកយន្តហោះបារាំង Charles-de-Gaulle
ក្រៅពីនាវាដឹកយន្តហោះកំពុងដំណើរការស្រាប់ ចិនក៏មាននាវាដឹកយន្តហោះមួយទៀតដែលផលិតក្នុងស្រុក គឺ 001A តែមិនទាន់ដាក់ឲ្យប្រើប្រាស់ផ្លូវការនៅឡើយ និងកំពុងផលិតថ្មីមួយគ្រឿងទៀត។ ឯអង់គ្លេសកំពុងផលិតនាវា HMS Prince of Wales ដែរ។ ដោយឡែក រដ្ឋអឺរ៉ុបអ៊ីតាលីក៏មាននាវាដឹកយន្តហោះដែរ គឺ The Cavour និង Giuseppe Garabaldi ។ The Cavour មានបំពាក់សម្ភារឲ្យយន្តហោះហោះបាន ឯ Giuseppe Garabaldi មិនមានឡើយ។
នាវាដឹកយន្តហោះរុស្ស៊ី Admiral Kuznetsov
ចំណែករដ្ឋមួយចំនួនទៀតដូចជា ប្រេស៊ីលមាននាវាដឹកយន្តហោះធុន Sào Paolo ដែលទិញពីបារាំង ប៉ុន្តែជួបបញ្ហាបច្ចេកទេសជាប្រចាំ។ បើតាមគេហទំព័រ Business Insider អូស្ត្រាលី កូរ៉េខាងត្បូង អេស្ប៉ាញនិងជប៉ុន ក៏នាវាផ្ទុកឧទ្ធម្ភាគចក្រដើម្បីបំពេញការងាផងដែរ។ អ្វីគួរឲ្យចាប់អារម្មណ៍ រដ្ឋអាស៊ានថៃក៏មាននាវាធំមួយដែរ គឺ Chakri Naruebet ដែលជានាវាដឹកយន្តហោះធុនតូចតែមួយគត់នៅអាស៊ីអាគ្នេយ៍៕
នាវាដឹកយន្តហោះឥណ្ឌា INS Vikramaditya