អន្តរជាតិ
តុលាការអាមេរិកកាត់ទោសប្រហារជីវិតបុរសវ័យ៨៣ឆ្នាំម្នាក់
× រដ្ឋ Albama សហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ បានកាត់ទោសប្រហារជីវិតបុរសវ័យ៨៣ឆ្នាំម្នាក់ពីបទបំបោកគ្រាប់បែកសម្លាប់ចៅក្រមម្នាក់ និងមេធារីម្នាក់ កាលពីជិត៣០ឆ្នាំមុន។ បើតាម AFP នេះជាអ្នកទោសដែលមានវ័យចំណាស់ជាងគេបំផុតដែលត្រូវបានកាត់ទោសប្រហារជីវិតនៅសហរដ្ឋអាមេរិក បើគិតចាប់តាំងពីការអនុវត្តទោសបែបនេះវិញ តាំងពីឆ្នាំ១៩៧៦ ។
កាលពីឆ្នាំ១៩៨៩ Walter Moody បញ្ជូនគ្រាប់បែកទៅកាន់លោក Robert Vance ដែលជាចៅក្រមម្នាក់ ធ្លាប់បានកាត់ទោសខ្លួនពីបទបំផ្ទុះគ្រាប់បែក ហើយជនល្មើសរូបនេះ បានសម្លាប់មេធាវីការពារក្តីម្នាក់ទៀត ក្រោមរូបភាពដដែល។
នៅឆ្នាំ១៩៩៦ Walter Moody ត្រូវបានតុលាការ Alabama កាត់ទោសប្រហារជីវិត ហើយត្រូវរង់ចាំការអនុវត្តផ្លូវការអស់រយៈពេល២២ឆ្នាំ។ Moody ក៏បានប្តឹងតវ៉ាទៅតុលាការកំពូលផងដែរ ប៉ុន្តែត្រូវបានច្រានចោល។ បុរសរូបនេះ ត្រូវបានចាក់ថ្នាំសម្លាប់ដោយភ្នាក់ងារពន្ធនាគារ William C.Holman កាលពីល្ងាចថ្ងៃទី១៩ ខែមេសា។
នៅមុនការអនុវត្តទោស Moody បានបដិសេធបរិភោគអាហារចុងក្រោយដែលផ្តល់ដោយពន្ធនាគារ ដោយសារគាត់ចង់ញ៉ាំសាំងវិច និងផឹកសូដាពីរដបជាមួយមិត្តភក្តិ។ គាត់ក៏បានបដិសេធនិយាយសំដីចុងក្រោយផងដែរ។
បើគិតនៅទូទាំងសហរដ្ឋអាមេរិក Moody គឺជាពិរុទ្ធជនទី៨ដែលត្រូវបានកាត់ទោសប្រហារជីវិតនារយៈពេលចុងក្រោយនេះ។ គាត់ជាមនុស្សចំណាស់ជាងគេដែលត្រូវបានប្រហារជីវិត ខណៈកន្លងមក John Nixon ត្រូវបានប្រហារជីវិតក្នុងអាយុ៧៧ឆ្នាំ ៕
Tag:
តុលាការ
ប្រហារជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com