អន្តរជាតិ
ប្រធាន UNGA៖ ការអភិវឌ្ឍ និងការការពារសិទ្ធិមនុស្សមិនអាចមានឡើយ បើគ្មានសន្តិភាពនោះ
× ប្រមុខមហាសន្និបាតអង្គការសហប្រជាជាតិ លោក Miroslav Lajčák បានអះអាងពីភាពចាំបាច់ក្នុងការថែរក្សាសន្តិភាពពិភពលោក ដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ និង ពិបាកប៉ាន់ស្មានបំផុត ។ ប្រមុខរូបនេះ ចង់ឃើញមេដឹកនាំពិភពលោកទាំងអស់ឱបក្រសោបសន្តិភាព ខណៈពេលដែលនៅមានឱកាស និង កុំចាំដល់គ្រប់យ៉ាងត្រូវខ្ទេចខ្ទាំទើបពោលថាស្តាយក្រោយ ។
នាកិច្ចសម្តាសន៍ជាមួយនឹងមជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិ នាចុងសប្តាហ៍នេះ លោក Miroslav Lajčák បានលើកឡើងថា៖«តាមរយៈការទប់ស្កាត់ជម្លោះ យើងអាចសង្គ្រោះអាយុជីវិតមនុស្សជាច្រើន ហើយ ក៏អាចសន្សំកញ្ចប់ថវិកាជាច្រើនប៊ីលានដុល្លារទៀតផង ។ ដូច្នេះយើងត្រូវតែផ្តោតសំខាន់លើការទប់ស្កាត់ជម្លោះ ជាជាងរកដំណោះស្រាយក្រោយជម្លោះផ្ទុះឡើង ។ យើងត្រូវសង្គ្រោះសន្តិភាព នៅពេលមានឱកាស ។ កុំចាំដល់សន្តិភាពបាត់បង់ហើយ ទើបរកមធ្យោបាយស្តារ» ។
ប្រធានមហាសន្និបាតរូបនេះ បានបន្តទៀត ៖« ការអភិវឌ្ឍ , ការការពារសិទ្ធិមនុស្ស មិនអាចកើតឡើងមានបានឡើយ ប្រសិនបើ មិនមានសន្តិភាពនោះ»។ លោក Lajčák ថ្លែងបែបនេះរួចហើយ ក៏ឆ្លៀតដាស់តឿនសមាជិកមហាសន្និបាតដោយប្រយោលថា អង្គការសហប្រជាជាតិ ត្រូវបានបង្កើតក្រោមបាវចនាដ៏មួយសំខាន់ ដែលនោះគឺ ដើម្បីសម្រេចឲ្យបានសន្តិភាពនោះឯង ។
គួរកត់សម្គាល់ ការផ្តល់កិច្ចសម្ភាសន៍របស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិរូបនេះ ធ្វើឡើងមុនប៉ុន្មានថ្ងៃ នៃការចាប់ផ្តើមកិច្ចប្រជុំជាន់ខ្ពស់របស់មហាសន្និបាតស្តីពីការកសាងសន្តិភាព និងរក្សាសន្តិភាពឲ្យនិរន្តភាព ។ កិច្ចប្រជុំ ដែលនឹងមានមេដឹកនាំកំពូលៗ ដែលជាសមាជិកទាំង១៩៣ និងអង្គការសង្គមស៊ីវិលផងនោះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃ២៤ និងថ្ងៃ២៥ មេសា នេះ ។
បើតាមការអះអាងរបស់អ្នកនាំពាក្យរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ កិច្ចប្រជុំនេះ អាចនឹងក្លាយជាព្រឹត្តិការណ៍នៃការប្រមូលប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ដ៏ធំបំផុតមួយ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ គិតចាប់តាំងពីកិច្ចពិភាក្សាទូទៅចុងក្រោយរបស់មេដឹកពិភពលោក កាលពីខែកញ្ញាឆ្នាំ២០១៧កន្លងទៅ ៕
© រក្សាសិទ្ធិដោយ thmeythmey.com