អន្តរជាតិ
រដ្ឋមន្ត្រី​អប់រំ​ជប៉ុន​សុំទោស​ជា​សាធារណៈ​ចំពោះ​ការប្រើ​រថយន្ត​រដ្ឋ​ចូល​កន្លែង​យោ​ហ្គា​
25, Apr 2018 , 7:39 pm        
រូបភាព
លោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងអប់រំជប៉ុន ។រូបថត AFP
លោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងអប់រំជប៉ុន ។រូបថត AFP
ដោយ: ធីតា
​លោក Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួង​អប់រំ​ជប៉ុន បាន​ថ្លែង​ការសុំ​ទោស​ជា​សាធារណៈ ក្រោយ​លោក​បាន​ប្រើប្រាស់​រថយន្ត​ក្រសួង ជិះ​ទៅកាន់​កន្លែង​ហាត់​យោ​ហ្គោ (Yoga) ដ៏​ស៊ិ​ច​ស៊ី​មួយកន្លែង កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​



​ទស្សនា​វ​ដ្តី​ប្រចាំ​សប្តាហ៍ Shukan Bunshun បាន​សរសេរ​រៀបរាប់​ពី​សកម្មភាព​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ជប៉ុន ដែល​បាន​ជិះ​រថយន្ត​ទៅ​កន្លែង​ហាត់​ហោ​ហ្គា​មួយ​នៅ​សង្កាត់ Ebisu ជាយក្រុង​តូ​ក្យូ​។ លោក​បាន​ចំណាយពេល​ជាង​២​ម៉ោង​នៅ​ទីនោះ ដោយ​អ្នក​បង្រៀន​ជា​ស្ត្រី​។​

​យោងតាម​ការផ្សាយ​រប​ស់ Japan Times លោក Hayashi បានទទួល​ស្គាល់​ទង្វើ​ដ៏​ខុសឆ្គង​របស់ខ្លួន​។ លោក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ខ្ញុំ​គួរតែ​បែងចែក​ឲ្យ​បានច្បាស់លាស់​រវាង​កិច្ចការ​សាធារណៈ និង​កិច្ចការឯកជន​»​។​

​រដ្ឋមន្ត្រី​អប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែលមាន​វ័យ​៥៧​ឆ្នាំ​រូបនេះ បាន​អះអាង​ប្រាប់​មិត្តភក្តិ​ជិតស្និទ្ធ​របស់ខ្លួន​ថា លោក​ទៅ​កន្លែង​យោ​ហ្គា ដើម្បី​ហ្វឹកហាត់​សម្រាប់​សុខភាព​ល្អប្រសើរ​ប៉ុណ្ណោះ​។​

​ទីតាំង​ដែល​លោក Hayashi បាន​ទៅនោះ គឺជា​កម្មសិទ្ធិ​របស់​អតីតភាព​យន្ត​អាសអាភាស​ម្នាក់ ហើយ​អ្នក​បង្រៀន​សុទ្ធតែជា​ស្រី​ស្អាត និង​តារា​បង្ហាញ​ម៉ូដ​។​

​តាមពិតទៅ ករណីនេះ មិនមាន​អ្វី​ខុស​ធ្ងន់​នោះឡើយ ប៉ុន្តែ​កាលៈទេសៈ​បច្ចុប្បន្ន វា​បាន​បន្ថែម​បន្ទុក​រឿងអាស្រូវ​ក្នុង​រដ្ឋាភិបាល​របស់លោក ស៊ីន​ហ្សូ អា​បូ ដែល​កំពុង​រង​ការរិះគន់​ពីបទ​បក្ខពួកនិយម រីឯ​មន្ត្រីជាន់ខ្ពស់​ម្នាក់​ទៀត កំពុង​រង​ការចោទប្រកាន់​ពីបទ​បៀតបៀន​ផ្លូវភេទ​៕


Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com