អន្តរជាតិ
ប្រា​យុទ្ធ ថា លោក​មិនបាន​ផ្ដល់​តំណែង​ដើម្បី​អូសទាញ​អ្នកនយោបាយ​ឲ្យ​គាំទ្រ​លោក​ឡើយ​
26, Apr 2018 , 9:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ទាត់ចោល​ការលើកឡើង​ដែលថា លោក​បានផ្ដល់​តំណែង​ឲ្យ​អ្នកនយោបាយ​ជា​ថ្នូរ​នឹង​ការចូលរួម​ក្នុង​បក្សនយោបាយ​ថ្មី​ដែល​បង្កើត​ដោយ​យោធា ដើម្បី​គាំទ្រ​រូបលោក​ជា​នាយករដ្ឋមន្ត្រី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៩ ។ លោក ប្រា​យុទ្ធ ក៏បាន​ប្រាប់​ឲ្យ​បក្សនយោបាយ​នានា ការពារ​សមាជិក​រប​ស់​ខ្លួន​ឲ្យ​ជាប់ ហើយ​ការចាកចេញ​ណាមួយ ក៏​មិន​ជាប់​ពាក់ព័ន្ធ​រូបលោក​ឡើយ​។



​មួយរយៈ​ពេល​ចុង​ក្រោយនេះ មាន​លេចឮ​ព័ត៌មាន​ថា របប​យោធា​ថៃ​កំពុង​លួងលោម​បក្សនយោបាយ​តូច និង​មធ្យម ក៏ដូចជា​អ្នកនយោបាយ​ឲ្យ​គាំទ្រ​បក្សនយោបាយ​ដែល​បង្កើត​ដោយ​យោធា ដើម្បី​គាំទ្រ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​នាយករដ្ឋមន្ត្រី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៩ ។ នៅ​ដើម​សប្ដាហ៍​នេះ មេបក្ស​ប្រជាធិបតេយ្យ​លោក Abhisit Vejjajiva បាន​ទម្លាយ​ថា របប​យោធា​បានផ្ដល់​តំណែង​ជា​ជំនួយការ​រដ្ឋមន្ត្រី​ដើម្បី​អូសទាញ​។​

​ជុំវិញ​បញ្ហា​ខាងលើ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បាន​ទាត់ចោល​ការលើកឡើង​ខាងលើ និង​បាន​និយាយថា លោក​មិនជា​អ្នក​ស្រូបយក​អ្នកណា​ឡើយ ហើយក៏​គ្មាន​អំណាច​អ្វី​បង្ខំ​ឲ្យ​អ្នកដទៃ​ចូលរួម​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​នៅ​ថ្ងៃទី​២៥ ខែមេសា​។ លោក ប្រា​យុទ្ធ បដិសេធ​សំណួរ​របស់​អ្នកសារព័ត៌មាន​ដែល​សួរ​លោក​ពី​ផែនការ​អូសទាញ​អ្នកគាំទ្រ​ត្រកូល Chidchob នៅ​ខេត្ត​បុរីរម្យ​ដែរ​។​

​ជំនួស​មកវិញ មេដឹកនាំ​របប​យោធា​ថៃ​រូបនេះ​បែរជា​ប្រាប់​ឲ្យ​ក្រលេកមើល​សមិទ្ធផលរ​បស់​បក្សនយោបាយ​ទៅវិញ ហើយ​មានបាន​អនុវត្ត​នយោបាយ​តាម​ការចង់​របស់​ប្រជាជន​ទៅវិញ​។ ដោយ​មិន​និយាយ​ចំឈ្មោះ​អ្នកណា លោក ប្រា​យុទ្ធ បន្តថា លោក​យល់​ពី​ជំហរ​របស់​អ្នកនយោបាយ​ទាំងអស់​ដែល​ចង់​ធ្វើការ​ដើម្បី​ប្រទេសជាតិ ប៉ុន្តែ​បំណង​របស់​ពួកគេ​ជួប​បញ្ហា​ដោយសារ​នយោបាយ​របស់​បក្ស ឬក៏​មេបក្ស​ផ្ទាល់​តែម្ដង​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ គេ​ត្រូវ​មើល​ច្បាប់​ថ្មី​របស់​ថៃ​សិន​។ បើតាម​ច្បាប់​ពាក់ព័ន្ធ​ការបោះឆ្នោត នាយករដ្ឋមន្ត្រី​ថ្មី​អាច​មិនមែនជា​តំណាងរាស្ត្រ ឬក៏​ជា​បេក្ខជន​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដែល​ស្នើ​ដោយ​បក្ស​មាន​សំឡេង​ក្នុង​សភា​។ នេះ​ក៏​ព្រោះតែ​ច្បាប់​ថៃ​ចែងថា ក្នុងករណី​រដ្ឋសភា​មិនអាច​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​បាន ព្រឹទ្ធសភា​នឹងចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ជាមួយ​រដ្ឋសភា​ដែរ​។

​ដោយសារ​ហេតុផល​ខាងលើ ទើប​របប​យោធា​ព្យាយាម​អូសទាញ​អ្នក​យោ​បាយ​ឲ្យ​ចូលរួម​ជាមួយ​បក្ស​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ ដ្បិត​គេ​រំពឹងថា វា​នឹង​មិនមាន​បក្ស​ណា​អាច​ឈ្នះ​សំឡេង​គ្រប់គ្រាន់​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ដោយ​ខ្លួនឯង​ឡើយ​។ នេះ​ក៏​មានន័យថា លោក ប្រា​យុទ្ធ អាច​ត្រឡប់​ធ្វើជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត​ក្រោយ​ការបោះឆ្នោត​ខែកុម្ភៈ ឆ្នាំ​២០១៩ នោះ​។ មកទល់ពេលនេះ គេ​ឃើញ​មាន​បក្សនយោបាយ​តូចៗ​មួយចំនួន​ប្រកាស​គាំទ្រ​បេក្ខភាព​លោក ប្រា​យុទ្ធ រួចស្រេច​ទៅហើយ​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com