អន្តរជាតិ
អ៊ីរ៉ង់​ទាត់ចោល​គំនិត​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី ខណៈ​រុស្ស៊ី​, អឺរ៉ុប​,​អាល្លឺម៉ង់​...​ប្រកាស​គាំទ្រ​កិច្ចព្រមព្រៀង​មាន​ស្រាប់​
26, Apr 2018 , 9:59 pm        
រូបភាព
​អ៊ីរ៉ង់​ទាត់ចោល​បំណង​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​ដាក់​គំនាប​លើ​ខ្លួន​បន្ថែម លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ ២០១៥ (JCPOA) ដែល​ប្រធានាធិបតី​បារាំង​លើកឡើង​ក្នុងពេល​ជួប​ជាមួយ​មេដឹកនាំ​អាមេរិក​សប្តាហ៍​នេះ​។  ក្រៅពី​បញ្ចុះបញ្ចូល​អាមេរិក​កុំ​ឲ្យ​ដើរចេញ មហាអំណាច​អាល្លឺម៉ង់ អង់គ្លេស ចិន និង​រុស្ស៊ី ក៏​ប្រកាស​ផងដែរ​ថា វា​គ្មាន​កិច្ចព្រមព្រៀង​ណា​ថ្មី​ជំនួស​កិច្ចព្រមព្រៀង​ដើមឡើយ​។​



​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន់ រ៉ូ​ហា​នី នា​ថ្ងៃ​ពុធ​ទី ២៥ ខែមេសា​បាន​ទាត់ចោល​ការលើកឡើង​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ថ្មី​ដើម្បី​ដាក់​គំនៀប​លើ​អ៊ីរ៉ង់​ពី​សំណាក់​មេដឹកនាំ​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និង​មេដឹកនាំ​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​។ 

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្តី​ប្រមុខរដ្ឋ​អ៊ីរ៉ង់​និង​ជា​អ្នក​កែទម្រង់​និយម រ៉ូ​ហា​នី​ដូច្នេះ​៖« យើង​មាន​កិច្ចព្រមព្រៀង​មួយ​ដែល​ហៅថា កិច្ចព្រមព្រៀង JPCOA​។ វា​នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ចុងក្រោយ ឬក៏​គ្មាន​កិច្ចព្រមព្រៀង​ទៀតឡើយ​។ បើសិន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​នៅ​បន្ត​វត្តមាន វា​នៅ​បន្ត​សុពលភាព​ពេញលេញ​»​។​

​សម្តី​ប្រតិកម្ម​របស់លោក រ៉ូ​ហា​នី គឺ​ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​ប្រធានាធិបតី​បារាំ និង​អាមេរិក​នៅពេល​ពួកគេ​ជួបគ្នា​កាលពី​ថ្ងៃ​អង្គារ​។ លោក ម៉ា​ក្រុង បាន​បញ្ជាក់ថា វា​គ្មាន​ផែនការ​បន្ទាប់​ទេ​សម្រាប់​អ៊ីរ៉ង់ បើសិនជា​លោក ត្រាំ ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​លោក​បន្ថែមថា លោក​បើកចំហរ​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​បន្ថែម ខណៈដែល​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​នោះ​។ 

​ចំណែក​លោក ត្រាំ ក្នុង​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​លោក ម៉ា​ក្រុង បាន​ពណ៌នា​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ថា​ជា​កិច្ចព្រមព្រៀង​ឆ្កួត​ឡប់ ហើយ​លោក​ទំនងជា​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​ផង​នៅ​ថ្ងៃ ១២ ខែឧសភា​ខាងមុខ​ផង​។ លោក ត្រាំ ទិតៀន​កិច្ចព្រមព្រៀង​នេះ​ព្រោះ​លោក​មិន​ពេញចិត្ត សុពលភាព​ត្រឹម​ឆ្នាំ ២០២៥ និង​មិន​ទប់ស្កាត់​សកម្មភាព​អ៊ីរ៉ង់​ក្នុង​តំបន់ និង​បន្ត​អភិវឌ្ឍ​មី​ស៊ី​ល​បាន​។​

​ដូច្នេះហើយ លោក ម៉ា​ក្រុង បាន​បញ្ចុះបញ្ចូល​លោក ត្រាំ កុំ​ឲ្យ​បំផ្លាញ​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​រួមគ្នា​ជាមួយ​លោក​ដើម្បី​បង្កើត​វិធានការ​ថ្មី​ដែល​តឹងរ៉ឹង​ជាង​មុន​ដើម្បី​ដាក់​គំនាប​លើ​អ៊ីរ៉ង​ក្នុង​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​វែង​នោះ​។ 

​ដោយឡែក ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ធានា​ចំពោះមុខ​សមាជិកសភា​អាមេរិក​ទាំងពីរ​ជាន់​នៅ​ថ្ងៃ​ពុធ​ទី ២៥ ខែមេសា​ពេល​លោក​ថ្លែង​សុន្ទរកថា​នាម​ជា​ប្រមុខរដ្ឋ​ថា វា​គ្មាន​ផ្លូវ​ដែល​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។​

​យ៉ាងណា​ក៏ដោយចុះ ខណៈដែល​អាមេរិក​ចង់​ចាក​ចេញពី​កិច្ចព្រមព្រៀង គេ​ឃើញថា អ៊ីរ៉ង់​បានបង្ហាញ​ការប្រឹងប្រែង​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ហើយ​ប្រទេស​សមាជិក​ផ្សេងទៀត​ដូចជា សហភាព​អឺរ៉ុប ចិន រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស បារាំង​ខ្លួនឯង​ក៏​កត់សម្គាល់ថា វា​មាន​សញ្ញា​វិជ្ជមាន​ពិតមែន​ក្នុង​អនុវត្ត​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​។ មហាអំណាច​ទាំងនេះ​យល់ថា វា​គ្មាន​កិច្ចព្រមព្រៀង​ឯណា​ទៀត​ល្អ​ជាង​នេះឡើយ​។ 

​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​នេះ តំណាង​សហភាព​អឺរ៉ុប​លោកស្រី​រដ្ឋមន្ត្រីការបរទេស Federica Mogherini បាន​ថ្លែងថា​៖ «​អ្វីដែល​កើតឡើង​នៅពេល​អនាគត យើង​នឹង​ឃើញ​ពេលអនាគត​។ ប៉ុន្តែ​ពេលនេះ​វា​មាន​កិច្ចព្រមព្រៀង​មួយ​ហើយ ហើយ​វា​កំពុងដំណើរការ​។ វា​ត្រូវការ​ការ​គាំពារ​»​។

​ចំណែក​រដ្ឋាភិបាល​រុស្ស៊ី​បានប្រកាស​ជាថ្មី​ថា ខ្លួន​គាំទ្រ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​ទៅមុខទៀត ហើយ​រាល់​ការជជែក​ពិភាក្សា​ផ្សេងទៀត​នៅពេល​ខាងមុខ​ទាល់​តែមាន​វត្តមាន​អ៊ីរ៉ង់​ទើប​ចាត់ទុកថា​បានការ​។

​អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង​លោក Dmitry Peskov បាន​និយាយ​ដូច្នេះ​៖ «​យើង​ជឿជាក់ថា គ្មាន​យន្តការ​អ្វីដែល​អាច​ជំនួស​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​បានឡើយ ហើយ​រាល់​ការចរចា​ប​ន្ថ​ទៀត​ទាំងអស់​ត្រូវមាន​អ៊ីរ៉ង់​ចូលរួម​»​។

​ចំណែក​អាល្លឺម៉ង់​ឯណោះ​វិញ​ក៏​កំពុង​ប្រឹងប្រែង​បញ្ចុះបញ្ចូល​អាមេរិក​ឲ្យ​រក្សា​ការប្តេជ្ញាចិត្ត​របស់ខ្លួន​អនុវត្ត​កិច្ចព្រមព្រៀង​នេះដែរ​។ លោកស្រី អេ​ន​ជេ​ឡា មឺ​ហ្កែ​ល នឹង​ទស្សនកិច្ច​ក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​សុក្រ​ទី ២៧ ខែមេសា​នេះ ផងដែរ​ដោយ​លោក​នឹង​ជួប​ជាមួយ​លោក ត្រាំ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាល្លឺម៉ង់ Rainer Breul បានបញ្ជាក់​ដូច្នេះ​៖« រឿង​អាទិភាព​ចម្បង​គឺ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែលមាន​ស្រាប់​។ វា​ត្រូវបាន​ចរចា​ឡើង​ដោយ​ប្រទេស​ប្រាំពីរ និង​សហភាព​អឺរ៉ុប​ផង​។ វា​មិនអាច​ចរចា​ឡើងវិញ​ដោយ​ភាគី​មួយ​ឬ​ភាគី​ផ្សេង​ទៀតឡើយ​»​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់លោក ម៉ា​ក្រុង​រឿង​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​បន្ថែម​នោះ អ្នកនាំពាក្យ​អាល្លឺម៉ង់​ខាងលើ​បាន​សង្កត់ធ្ងន់ថា បញ្ហា​បច្ចុប្បន្ន​គឺថា គេ​មិនអាច​ដឹងថា ក្នុង​លក្ខខណ្ឌ​ណា ឬ​កាលៈទេសៈ​ណា​ដែល​អ៊ីរ៉ង់​ត្រៀមខ្លួន​នឹងចូលរួម​ក្នុង​ការចរចា​នេះឡើយ​៕



Tag:
 ​អ៊ីរ៉ង់​
  JCPOA
  រុស្ស៊ី​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  អាល្លឺម៉ង់​
  ដូ​ណា​ល់ ត្រាំ​
 ​ហាន​សាន់ រ៉ូ​ហា​នី
© រក្សាសិទ្ធិដោយ thmeythmey.com