ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកវិភាគ​៖ CPP នៅតែ​ឈ្នះឆ្នោត​នៅ​ឆ្នាំ​២០១៨
26, Apr 2018 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ខណៈដែល​ការបោះឆ្នោត​ខិតជិត​មកដល់​នោះ បញ្ហានយោបាយ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ ត្រង់ចំណុច​នេះ អ្នកវិភាគ​នយោបាយ​លោក ហង្ស វិទូ មើលឃើញថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​គ្មាន​ផ្លូវរស់​ឡើងវិញ ដើម្បី​ចូលរួម​ការបោះឆ្នោត​ឡើយ​។ ចំណែក​វត្តមាន​មេដឹកនាំ​អតីត​បក្សប្រឆាំង គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​ទំនងជា​គ្មាន​ឱកាស​ដឹកនាំ​បក្ស​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ដែរ​។ សម្រាប់​លោក វិទូ គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស​បន្តទៀត​។​



​សូម​អាន​ព័ត៌មាន​ខាងក្រោម​នេះ ដែលជា​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ហង្ស វិទូ អ្នកវិភាគ​នយោបាយ ដូចតទៅ​៖


​លោក រំដួល ចិ​ត្រា ៖ នៅពេលនេះ​បញ្ហានយោបាយ មិនទាន់មាន​ច្រកចេញ​នៅឡើយ​ទេ ខណៈដែល​ការបោះឆ្នោត​ខិតជិត​មកដល់​។ សម្រាប់​លោក តើ​មើលឃើញថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​រស់​ឡើងវិញ ដើម្បី​អាច​ចូលរួម​ការបោះឆ្នោត ដូច​ការទាមទារ​រប​ស់​អតីត​មេបក្ស​ប្រឆាំង​នេះដែរ​ទេ​?

​លោក ហង្ស វិទូ​៖ បើ​ខ្ញុំ​មើលទៅ​ស្ថានការណ៍​ជាក់ស្ដែង​លើ​បញ្ហានយោបាយ​វិញ​។ ខ្ញុំ​យល់ថា គណបក្ស​សង្គ្រោះ​ជាតិ​ពិបាក​រស់​ឡើងវិញ ដោយសារ​យើង​មើល​អំពី​គោលជំហរ​របស់​គណបក្ស​កាន់អំណាច ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ យើង​ឃើញថា គោលជំហរ​របស់​គណ​បក្ស​កាន់អំណាច គឺ​គាត់​ដាច់ខាត គាត់​យល់ថា​គណបក្សប្រឆាំង គឺជា​ពួក​ក្បត់ជាតិ ដែល​ត្រូវតែ​រំលាយចោល​។ ហើយ​ទី​ពីរ គណបក្សប្រឆាំង​ខ្លួនឯង តាម​ខ្ញុំ​មើលទៅ​ក៏​មិនចេះ​ដោះស្រាយ​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​បញ្ហា​ការទូត ដែល​ចេះ​បញ្ចុះបញ្ចូល​ឲ្យ​គណបក្សកាន់អំណាច​ទទួល​យក​ខ្លួន​វិញ​ដែរ​។ ដូច្នេះ​មានន័យថា គណបក្សកាន់អំណាច​មា​ន​ភាព​តឹងរឹង​ជា​រឿង​មួយ ប៉ុន្តែ​ភាពមិន​ឆ្លាត​វ៉ៃ របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​មួយទៀត ដែល​យើង​ត្រូវ​តាមដាន​មើល​។ ប៉ុន្តែ​បើទោះជា​យ៉ាងម៉េច​ក៏ដោយ បើតាម​ស្ថានភាព​ជាក់ស្ដែង មិនអាច​ទៅរួច​ទេ​។ បើសិន​បើជា​ឧទាហរណ៍​ទេ បើ​អាច​នឹង​កើត​មាននៅ​បាតុភូត​នយោបាយ​ណាមួយ​ដោយ​ចៃដន្យ ដោយ​គណបក្ស​ទាំងពីរ ត្រូវរ៉ូវ​គ្នា​ចំពោះ​ផលប្រយោជន៍​ណាមួយ ប្រហែលជា​មិន​ខុសគ្នា​ពី​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១៣​ទេ ដែល​ក្រោយមក​មានការ​ចូល​សភា ពី​គណបក្សប្រឆាំង ដែល​ពីដំបូង​ប្រកែក​តវ៉ា​ប្រឆាំង​គ្នា​ស្លា​ប់រស់ ប៉ុន្តែ​ក្រោយមក​បែ​ជា​រួបរួមគ្នា​ចូល​សភា​វិញ ហើយ​បង្កើតបាន​រដ្ឋាភិបាល​មួយ​មកដល់​សព្វថ្ងៃនេះ​។

​ដូច្នេះ​ទាក់ទង​រឿង​នយោបាយ ដូច​សម្ដេច ហ៊ុន សែន លើកឡើងថា អ្នកនយោបាយ​គេ​បត់​តែមួយ​ច្រ​វ៉ា​ទូក​ទេ គឺ​អ្វីៗ​នឹង​កើតឡើង​ភ្លាម​។ ប៉ុន្តែ​ជា​លក្ខណៈ​សត្យានុម័ត នឹង​អ្វីដែល​យើង​ឃើញជាក់ស្ដែង ខ្ញុំ​យល់ឃើញថា បើ​គណបក្ស​សង្គ្រោះ​ជាតិ មិនចេះ​ដើរ​នយោបាយ​ការទូត​ឆ្លាត​វ៉ៃ ក្នុងការ​លួងលោម​គណបក្ស​ប្រជាជន​ទេ ហើយ​គិតតែ​ពី​ដើរ​ប្រឆាំង​និង​បញ្ចេញ​ឥរិយាបទ​ណាមួយ ដែល​មិន​សមរម្យ ខ្ញុំ​យល់ថា​មិនអាច​បន្ទន់ចិត្ត​គណបក្សកាន់អំណាច​ទេ ព្រោះ​គណបក្សកាន់អំណាច គេ​មានអំណាច មាន​លុយ និង​មាន​អ្វីៗ​ក្នុង​ដៃ​ទាំងអស់ ។ ដូច្នេះ​ជារួម​ភាគរយ​មិនអាច មាន​ច្រើនជាង​ភាគរយ​នៃ​ភាព​អាច​។ បើសិនជា​អាច​វា​ទាល់​តែមាន​បាតុភូត​នយោបាយ​ណាមួយ ដែលមាន​ផលប្រយោជន​ណាមួយ ដែល​គណបក្សកាន់អំណាច​អាច​ទទួលយកបាន ទើប​គេ​អាច​ផ្លាស់ប្ដូរ​ចិត្ត​ត្រឹម​មួយប៉ប្រិចភ្នែក​»​។   

​លោក រំដួល ចិ​ត្រា ៖ ដូច​លោក​លើក​ខាងដើម​ថា បើសិន​ជាមាន​បាតុភូត​នយោបាយ​បន្ទន់ចិត្ត​ឲ្យ​គណបក្ស​ប្រជាជន​ងាក​មក​ត្រូវរ៉ូវ​គ្នា​មែន ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា អាច​នៅ​រួមគ្នា​ទេ ? ឬក៏​ឲ្យ​មាន​គណបក្សប្រឆាំង​រស់​ឡើងវិញ ប៉ុន្តែ​ត្រូវ​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​បំបែក​គ្នា​វិញ ?

​លោក ហង្ស វិទូ​៖ ត្រង់នេះ​វា​មាន​៣​ចំណុច ។ គណបក្សកាន់អំណាច​ច្បាស់​ណាស់​ប្រសិនបើ​មេបក្ស​ទាំងពីរ​នេះ មិន​បែក​គ្នា គឺ​ច្បាស់​ណាស់​គេ​មិន​ឲ្យ​រួបរួម ចូល​បោះឆ្នោត​វិញ​ទេ ចំណុច​នេះ​វា​ជា​អ្វីដែល​គណបក្សកាន់អំណាច​ចង់បាន នេះ​ជា​ចំណុច​ទី​១ ។ ទី​២ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅពេលនេះ យើង​បាន​មើលឃើញ​អំពី​ការបែកបាក់​គួរ​ឲ្យ​ព្រួយបារម្ភ សឹងតែ​ថា​មេដឹកនាំ​ទាំងពីរ​នេះ ស្ទើ​តែ​ចូល​ជាមួយគ្នា​បាន​វិញ​ទេ​។ ចំណុច​ទី​៣ ទោះជា​យ៉ាងម៉េច​ក៏ដោយ លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹង​ច្បាស់​ថា អាយុជីវិត​និង​ឥទ្ធិពល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ស៊ូ​ជាមួយ​គណបក្សកាន់អំណាច​បាន ទាល់តែ​អ្នក​ទាំងពីរ​នេះ​រួមគ្នា​។ ដូច្នេះ​ទាំង​៣​នេះ អ្វីដែល​ខ្ញុំ​បានលើកឡើង​វា​ស៊ីសង​ថា តើ​សន្លឹក​បៀ​ទាំង​៣​សន្លឹក​នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា រួមទាំង​គណបក្ស​ប្រជាជន​កម្ពុជា តើ​មួយណា​បោះ​សន្លឹក​បៀ​ទៅ មាន​ភាព​ឆ្លាត​វ៉ៃ​ជាង ហើយ​ចេះ​ស្ទាបស្ទង់​ស្ថានការណ៍​ជាង​អ្នកនោះ​ជា​អ្នកឈ្នះ​ហើយ​។​

​លោក រំដួល ចិ​ត្រា ៖ អ្វីដែល​ខ្ញុំ​កត់សម្គាល់​លោក លើកឡើងថា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​បែកបាក់​គ្នា តើ​វា​ជា​រូបភាព​បែកបាក់​គ្នា​មែនទែន ឬក៏​ជា​យុទ្ធសាស្ត្រ​នយោបាយ​?

​លោក ហង្ស វិទូ​៖ ទី​១ បើសិនជា​ការបែកបាក់​គ្នា​មែនទែន គឺជា​រឿង​អ្វីដែល​គណបក្ស​ប្រជាជន គេ​ចង់បាន ហើយក៏​ជាការ​វិនាស​សាបសូន្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងពិត​ប្រាកដ​ដែល​។ ប៉ុន្តែ​បើសិនជា​ករណី​ការទូត ជា​ល្បិច​នយោបាយ ដើម្បី​បំភ័ន្ត​ភ្នែក​គណបក្សកាន់អំណាច ក៏​ខ្ញុំ​យល់ឃើញថា វា​ហានិភ័យ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ដោយសារ​អ្នក​ខាងក្រោម​របស់គាត់ ភាគច្រើន​មិន​យល់​ពី​ល្បិច​នយោបាយ​របស់​អ្នកធំ​ទេ​…​។ បើ​ក្នុងករណី​ភាគី​លោក សម រង្ស៊ី និង​លោក កឹម សុខា សម្ដែង​មែន ក៏ប៉ុន្តែ​វិញ្ញាសារ​ដ៏​ធំ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បង្រួបបង្រួម​គ្នាឯង​ដែល​បែកបាក់​គ្នា​ទៀត ដូច្នេះ​ចង់​មិន​ចង់ អាណត្តិ​ក្រោយនេះ គឺ​នៅតែ​គណបក្ស​ប្រជាជន​កម្ពុជា មានប្រៀប​និង​អាច​ឈានទៅរក​កាន់អំណាច​ជាថ្មី​ម្ដងទៀត​។​

​លោក រំដួល ចិ​ត្រា ៖ ឥឡូវ​និយាយ​ពី​រឿង​ការបោះឆ្នោត​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨​នេះ​វិញ បើ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ តើ​គណបក្សប្រឆាំង​ណា​ដែល​អាចមាន​ឥទ្ធិពល​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​?

​លោក ហង្ស វិទូ​៖ ខ្ញុំ​យល់ឃើញថា នៅ​ឆ្នាំ​២០១៨​នេះ ភាគច្រើន​គណបក្ស​សង្គ្រោះ​ជាតិ អាច​គ្មាន​វាសនា​ឈរឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គាត់​ទេ​។ បើ​បក្ស​នេះ​ចង់​ដើរ​នយោបាយ​នៅ​ផ្លូវ​ផ្សេង ហើយ​បើ​គាត់​ចង់​លេង​នយោបាយ​ក្នុង​ផ្លូវ​ផ្សេង គឺ​មានតែ​នយោបាយ​ឡាំប៉ា ហើយ​ព្យាយាម​ក្នុង​ការដើរ​នយោបាយ​ការទូត ដើម្បី​ឲ្យ​បរទេស ដែលជា​ប្រទេស​ចុះ​ហត្ថលេខី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ ដាក់​សម្ពាធ​និង​ទាមទារ​មិន​ឲ្យ​គេ​ទទួលស្គាល់​ការបោះឆ្នោត​។ អ្វីដែល​ព្រួយបារម្ភ គឺ​នៅត្រង់ថា​រដ្ឋាភិបាល​កំពុង​ព្រួយបារម្ភ​ថា មាន​ក្រុម​ឧទ្ទាម ឬ​ក្រុមប្រឆាំង​ជ្រុលនិយម គាត់​អាច​នឹងធ្វើ​កិច្ចការ​អ្វីមួយ ដែល​ប្រឆាំងនឹង​ការបោះឆ្នោត​។ ដូច្នេះ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវមាន​ការប្រុងប្រយ័ត្ន​រឹតបន្តឹង ចំពោះ​បញ្ហា​សុវត្ថិភាព​នៅក្រោយពេល​បោះ​ឆ្នោត​។ ជារួម​វា​ហានិភ័យ​ទាំងពីរ គណបក្ស​ប្រជាជន​កម្ពុជា ប្រឈម​នឹង​បញ្ហា​ធំ​មួយ បញ្ហា​ធំ​នោះ គឺថា​ក្រោយពេល​បោះឆ្នោត តើ​អ្នកណា​ទទួលស្គាល់​ការបោះឆ្នោត​នេះ បើ​រំលាយ​គេ ហើយ​នៅសល់​តែឯង ប្រកួត​តែឯង​។ ហើយ​លទ្ធផល​ចុងក្រោយ ខ្ញុំ​ជឿថា លទ្ធផល​ចុងក្រោយ​គឺ​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ចាញ់​នៅត្រង់ថា ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​អន្តរជាតិ​ឡាំប៉ា យ៉ាងណាក៏ដោយ បោះឆ្នោត​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ធ្វើការ​សម្របសម្រួល​មួយ គឺ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​ទៅ ប៉ុន្តែ​ការ​ឈ្នះឆ្នោត​គេ​នៅតែ​ឈ្នះ​ដដែល សម្រាប់​ឆ្នាំ​២០១៨​។

​លោក រំដួល ចិ​ត្រា ៖ មូលហេតុ​អ្វី បានជា​លោក មើលឃើញថា គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​សម្របសម្រួល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ហើយ​បក្ស​កាន់អំណាច​នៅតែ​ទទួលបាន​ជ័យជម្នះ​?

​លោក ហង្ស វិទូ​៖ ក្រោយពេល​បោះឆ្នោត ខ្ញុំ​ឧទាហរណ៍​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម​បោះឆ្នោត ហើយ​គាត់​ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​ខ្លាំង មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​។ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា គាត់​មាន​សន្លឹក​បៀ​បោះ​ឲ្យ​មានការ​សម្របសម្រួល​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ក្រោយ​ឆ្នាំ​២០១៨​។ ប៉ុន្តែ​នឹងមិន​មានការ​បោះឆ្នោត​ឡើងវិញ​ទេ​។ ហើយ​សម្រាប់​ឆ្នាំ​២០១៨​គឺ​នៅតែ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់គ្រង​ដដែល​។ នេះ​ជា​សន្លឹក​បៀ​ក្នុង​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លេង​យ៉ាង​មាន​ប្រសិទ្ធភាព​។

​លោក រំដួល ចិ​ត្រា ៖ ដូច្នេះ​បើ​ខ្ញុំ​ស្ដាប់​មិន​ច្រឡំ​ទេ អ្វីដែល​លោក​លើកឡើង បានន័យថា គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​រស់​ឡើងវិញ​ទេ ហើយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​ត្រូវគេ​បិទផ្លូវ​មិន​ឲ្យ​ចូលមក​ប្រកួតប្រជែង​ការបោះឆ្នោត​ដែរ​។

​លោក ហង្ស វិទូ​៖ បាទ​! ខ្ញុំ​យល់ថា គណបក្ស​ប្រជាជន​កម្ពុជា និង​លេងបៀ​មួយ​សន្លឹក​នេះ ហើយ​លេង​យ៉ាង​ប្រសិទ្ធភាព​ទៀតផង​។​

​លោក រំដួល ចិ​ត្រា​៖ បើ​ដូច្នេះ​មែន​តើ​មើលទៅ​មាន​ច្រក​នយោបាយ​ថ្មី ដោយ​គណបក្ស​ភ្លើងទៀន​(​បក្ស​សម រង្ស៊ី​) នឹង​ក្លាយជា​គណបក្សប្រឆាំង​ធំ ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ដោយមាន​លោក សម រង្ស៊ី នៅ​ពីក្រោយ​ទេ​?

​លោក ហង្ស វិទូ​៖ ខ្ញុំ​មើលទៅ​ថា បើ​រឿងនេះ​ជាការ​ពិត​ថា បើ​គណបក្ស​ភ្លើងទៀន ចូលរួម​ហើយ​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ​មែន ខ្ញុំ​យល់ឃើញថា វា​គ្មាន​ឥទ្ធិពល​អ្វី​គ្រប់គ្រាន់​អ្វីដែល​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច​ព្រឺរោម​បានទេ​។ ទី​២ ខ្ញុំ​មើលឃើញថា បក្ស​នេះ​គ្រាន់តែ​ជា​ល្បិច​ល្បោយ ឬ​ជា​កំទេច​ផេះផង់​នៃ​ស្នាដៃ​របស់លោក សម រង្ស៊ី ហើយ​ដូចជា​គ្មាន​ឥទ្ធិពល​អ្វី​គ្រប់គ្រាន់ ឲ្យ​ប្រជាជន​ជ្រើសរើស និង​បោះឆ្នោត​ឲ្យ​បក្ស​នេះ​ទេ​៕


Tag:
 សម រង្ស៊ី​
  កឹម សុខា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com