កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស្វែងយល់ពូល H រវាង ប៉ូឡូញ សេណេហ្គាល់ កូឡុំប៊ី និងជប៉ុន
× ក្រុមទាំង៤ ដែលស្ថិតក្នុងពូល H សុទ្ធសឹងជាក្រុមដែលមិនធ្លាប់មានប្រវត្តិឈ្នះពាន World Cup ពីមុនមកដូចគ្នា។ ប៉ុន្តែសម្រាប់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនៅរុស្ស៊ីឆ្នាំ២០១៨ នេះ ប៉ូឡូញ សេណេហ្គាល់ កូឡុំប៊ី និងជប៉ុន គឺជាក្រុមដែលឈរនៅកំពូលតារាង នៃការប្រកួតវគ្គជម្រុះតាមពូលប្រចាំទ្វីបរបស់ពួកគេរៀងៗខ្លួន។
ជំនួបគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងវគ្គសន្សំពិន្ទុពូល H គឺការប្រកួតរវាងប៉ូឡូញ ទល់នឹងកូឡុំប៊ី ដែលធ្វើឡើងនៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ២០១៨ ក្នុងកីឡដ្ឋាន Kazan Arena វេលាម៉ោង ១អធ្រាត្រ [ម៉ោងនៅកម្ពុជា]។
ការប៉ះគ្នារវាងប៉ូឡូញ និងកូឡុំប៊ីគឺជាជំនួបពិសេសមួយរវាងក្រុមជើងខ្លាំងមកពីអឺរ៉ុប និងអាមេរិកឡាទីនក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ដែលត្រូវបានគេជឿជាក់ថាអាចបង្ហាញពីចំនុចខ្លាំងថាក្រុមណាដែលអាចនាំមុខគេក្នុងពូល H នេះ។
អ្វីដែលយើងគួរដឹងអំពីក្រុមទាំង៤ ក្នុងពូល H
- ជាក្រុមដែលទទួលបានកៅអីដោយស្វ័យប្រវត្តចុងក្រោយនៃវគ្គជម្រុះនៅតំបន់អាមេរិកឡាទីន កូឡុំប៊ីនឹងធ្វើឲ្យបានល្អថែមទៀត ពោលគឺលើសពីការបង្ហាញខ្លួននៅប្រេស៊ីលឆ្នាំ២០១៤ ដែលពួកគេអាចឈានដល់វគ្គ ១/៤ផ្តាច់ព្រ័ត្រ។ កីឡាករ Radamel Falcao និង James Rodriguez ជាកំលាំងសំខាន់បំផុតសម្រាប់ក្រុមដែលមានរហស្សនាម Los Cafeteros នេះ។
- ការបង្ហាញខ្លួនលើកដំបូងរបស់សេណេហ្គាល់ក្នុងការប្រកួត World Cup គឺជាការចងចាំដ៏ល្អមួយ បន្ទាប់ពីក្រុមរហ្សនាម Lions of Teranga បានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដែលកូរ៉េ និងជប៉ុនធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០០២។ កាលនោះពួកគេធ្វើបានល្អបំផុត ដោយទទួលជ័យជម្នះលើក្រុមការពារតំណែងជើងបារាំងក្នុងវគ្គសន្សំពិន្ទុតាមពូល និងឈ្នះស៊ុយអែតក្នុងវគ្គ១៦ក្រុមចុងក្រោយ។
-ដោយបានដណ្តើមចំណាត់ថ្នាក់ទី១ លើអារ៉ាប៊ីសាអ៊ូឌីត និងអូស្ត្រាលីដើម្បីឈរលើកំពូលតារាងពូល B ក្នុងវគ្គជម្រុះតំបន់អាស៊ី ជប៉ុនបានប្តេជ្ញាធ្វើឲ្យបានល្អបំផុតក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី។ នៅក្នុងការបង្ហាញខ្លួន ៥លើកកន្លងមកសមិទ្ធិផលដ៏ល្អបំផុតរបស់ក្រុមរសហ្សនាមសាមូរ៉ៃខៀវ បានឈានដល់វគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាសហម្ចាស់ផ្ទះឆ្នាំ២០០២ និងនៅអាហ្វ្រិកខាងត្បូងឆ្នាំ២០១០។
ស្ថិតិដែលគួរចាប់អារម្មណ៍បំផុត គឺខ្សែប្រយុទ្ធឆ្នើមរបស់ប៉ូឡូញកីឡាករ Robert Lewandowski ដែលអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានរហូតដល់ទៅ ១៦គ្រាប់ សម្រាប់ការបង្ហាញ១០ប្រកួតក្នុងវគ្គជម្រុះតាមពូលនៅតំបន់អឺរ៉ុប៕
Tag:
បាល់ទាត់
FIFA World Cup
GroupH
© រក្សាសិទ្ធិដោយ thmeythmey.com