ជាតិ
កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន​ស្ទើរ​ពេញ​មួយឆ្នាំ ក្នុង​រដូវវស្សា
27, Apr 2018 , 8:39 am        
រូបភាព
ដោយ:
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​ថា ឆ្នាំ​២០១៨ កម្ពុជា នឹង​ទទួលរង​នូវ​ឥទ្ធិពល​ពី​បាតុភូត​អ៊ិន​សូ (ENSO) និង​ឡា​នី​ណា​(La Nina) (​ទាប​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​) និង​ចាប់ពី​ពាក់កណ្ដាល​រដូវវស្សា រហូតដល់​ចុងរដូវ​វស្សា នឹង​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត អ៊ិន​សូ (​ស្មើ​មធ្យម​ភាគច្រើន​ឆ្នាំ​)​។ ដូច្នេះ ឥទ្ធិពល​បាតុភូត​នេះ ធ្វើ​ឲ្យ​តំបន់​ទាំងបី​នៃ​កម្ពុជា គឺ​តំបន់​ទំនាប​កណ្ដាល​-​ខ្ពង់រាប​-​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន ស្ទើរ​ពេញ​១​ឆ្នាំ​។​



​សេចក្ដីជូនដំណឹង​លើក​ទី​២​ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាស​ក្នុង​រដូវវស្សា​ឆ្នាំ​២០១៨ របស់​ក្រសួង​ធន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ដើមរដូវ​វស្សា ពី​ខែឧសភា ដល់​ខែមិថុនា តំបន់​ទំនាប​កណ្ដាល​-​ខ្ពង់រាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន ចំណែក តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ច្រើន​។ ការ​ព្យាករ​របស់​ក្រសួង បានបង្ហាញ​យ៉ាង​ដូច្នេះ​ថា​៖«​រដូវវស្សា​ឆ្នាំ​២០១៨ នឹង​ចាប់ផ្ដើម​នៅ​ដើម​សប្ដាហ៍​ទី​១ នៃ​ខែឧសភា ហើយ​បញ្ចប់​ទៅវិញ​នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា​»​។

​ពាក់កណ្ដាល​រដូវវស្សា ចាប់ពី​ខែសីហា និង​កញ្ញា តំបន់​ទំនាប​កណ្ដាល​-​ខ្ពង់រាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន ចំណែក តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ច្រើន​។ នេះ​បើតាម​ការបន្ថែម​ក្រសួង​ដដែល ដោយ​បន្តថា ចុងរដូវ​វស្សា ចាប់ពី​ខែតុលា និង​វិច្ឆិកា តំបន់​ទំនាប​កណ្ដាល​-​មាត់សមុទ្រ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ និង​តំបន់​ខ្ពង់រាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​តិច​ទៅ​មធ្យម​។​

​សេចក្ដីជូនដំណឹង​ខាងលើ បន្ថែមថា ក្នុង​ខែឧសភា និង​ខែមិថុនា អាច​នឹងមាន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន ជាពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល ប៉ុន្តែ​តិចជាង​ឆ្នាំ​២០១៧​។ បន្ទាប់ពីនោះ ចុងខែ​កក្កដា ដល់​ដើមខែ​សីហា អាច​នឹង​មានកូន​រដូវ​ប្រាំង ហើយ​បរិមាណ​ទឹកភ្លៀង​នឹង​ថយចុះ​មក​នៅ​កម្រិត​ពី​តិច​ទៅ​មធ្យម​។

​ក្រសួង បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​បែបនេះ​ថា​៖«​ការ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ឆ្នាំ​២០១៨ ខ្ពស់ជាង ឆ្នាំ​២០១៧​ពិសេស​អំឡុង​ខែសីហា និង​កញ្ញា​។ ហើយ​ចំនួន​ព្យុះ​ពី​២៤​ទៅ​២៦ ដែល​អាច​កើត​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​សមុទ្រ​ចិន​»៕


Tag:
 ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com