បទយកការណ៍ / បទសម្ភាសន៍
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក រស់ ច​ន្ត្រា​បុត្រ​៖ «ព្យុងយ៉ាង​ត្រូវ​រៀបចំខ្លួន​ទៅតាម​ការវិវឌ្ឍ​របស់​ចិន និង​រុស្ស៊ី​»
26, Apr 2018 , 10:57 pm        
រូបភាព
ភ្នំពេញ​៖ លោក រស់ ច​ន្ត្រា​បុត្រ គឺជា​ប្រវត្តិវិទូ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​សង្គ្រាម​កូរ៉េ​ដែរ​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​លោក លាង ដឺ​លុច ដែលជា​អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ លោក​សាស្ត្រាចារ្យ​បាន​សាទរ​ជំនួប​រវាង​មេដឹកនាំ​កំពូល​នៃ​ប្រទេស​បងប្អូន​កូរ៉េ​ទាំងពីរ ដែលជា​ប្រទេស​តែមួយ​នៅក្នុង​ពិភពលោក​នេះ ដែល​រស់នៅ​បែកបាក់​គ្នា​ជាង​៦០​ឆ្នាំ​មកហើយ​។ លោក រស់ ច​ន្ត្រា​បុត្រ ស្ងើចសរសើរ​នយោបាយ​ការទូត​របស់​ប្រមុខ​ដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើង​។ បើ​ជំនួប​ផ្តល់​លទ្ធផល​ល្អ លោក​សាស្ត្រាចារ្យ​អះអាងថា វា​គឺជា​ជ័យជម្នះ​របស់លោក គីម ជុង​អ៊ុន​។​

 
 
​លោក លាង ដឺ​លុច​៖ មេដឹកនាំ​កំពូល​នៃ​បងប្អូន​កូរ៉េ​ទាំងពីរ គឺ​លោក មូ​ន ចេ​អ៊ី​ន នៃ​កូរ៉េខាងត្បូង និង​លោក គីម ជុង​អ៊ុន នៃ​កូរ៉េខាងជើង​នឹង​ជួបគ្នា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧​ខែមេសា​នេះ​។ ក្នុងនាម​ជា​ប្រវត្តិវិទូ តើ​លោក​សាស្ត្រាចារ្យ​យល់ឃើញ​ព្រឹត្តិការណ៍​នេះ​យ៉ាងណាដែរ​?
 
​លោក រស់ ច​ន្ត្រា​បុត្រ​៖ តាម​ទស្សនៈ​ផ្ទាល់​របស់ខ្ញុំ បញ្ហា​កូរ៉េខាងជើង​និង​ខាងត្បូង​ជា​បញ្ហា​ធំ​របស់​ពិភពលោក ព្រោះ​វា​ជា​រឿង​មួយ​ទាក់ទង​នឹង​សន្តិភាព​ផង និង​សង្គ្រាម​ផង​របស់​ពិភពលោក​។ នៅពេល​យើង​និយាយ​ពី​កូរ៉េ យើង​នឹកឃើញ​ដល់​សង្គ្រាម​ឆ្នាំ​១៩៥០ ដល់​១៩៥៣ ដែលជា​សង្គ្រាម​ដ៏​ធំធេង​នៅ​អាស៊ី​បូព៌ា ហើយ​ដែល​ធ្វើ​ឲ្យ​មាន​អន្តរា​គម​ពី​គ្រប់​ច្រកល្ហក​ដូចជា សហរដ្ឋអាមេរិក និង​អ្នក​ស្ម័គ្រ​ចិន​រាប់លាន​នាក់​។ ពេលនោះ​ហើយ ដែល​គេ​បារម្ភ​ខ្លាច​មាន​សង្គ្រាមលោកលើកទី​៣ ព្រោះតែ​ជា​សង្គ្រាមត្រជាក់​រវាង​ប្លុក​កុម្មុយនីស្ត និង​ប្លុក​លោក​សេរី​។​
​ដោយ​រាប់​តាំងពី​អាណត្តិ​ដឹកនាំ​របស់លោក គីម អ៊ី​ល​ស៊ុ​ង រហូតដល់​លោក គីម ជុងអ៊ីល និង​បច្ចុប្បន្ន​ដល់​លោក គីម ជុង​អ៊ុន បរិយាកាស​តានតឹង​រវាង​កូរ៉េ​ទាំងពីរ និង​ការដាក់​កូរ៉េខាងជើង​នៅក្រៅ​សហគមន៍​អន្តរជាតិ​មាន​រយៈពេល​ជិត​៧០​ឆ្នាំ​ហើយ​។​
​ដូច្នេះ​ការជួបគ្នា​រវាង​ប្រមុខ​ដឹកនាំ​កូរ៉េ​ទាំងពីរ គឺជា​រឿង​ដ៏​ល្អប្រសើរ​បំផុត ពីព្រោះ​មេដឹកនាំ​ទាំងពីរ​នឹងមាន​ឱកាស​ជជែក​គ្នា និង​ដោះស្រាយ​បញ្ហា​។​
លោក លាង ដឺ​លុច​៖ ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ប្រវត្តិ​នៃ​បញ្ហា​រវាង​កូរ៉េ​ទាំងពីរ​នេះ វា​ធ្លាប់​កើតមាន​ជំនួប​មេដឹកនាំ​កំពូល​បែបនេះ​២​ដង​រួចមកហើយ គឺ​ក្នុង​ឆ្នាំ​២០០០ និង ២០០៧​។ តើ​ជំនួប​លើក​ទី​បី​នេះ មាន​អ្វីដែល​ប្រសើរ​ជាង​លើក​មុនៗ​?
 
​លោក រស់ ច​ន្ត្រា​បុត្រ​៖ នៅក្នុង​បរិបទ​ពីរលើក​មុន​នោះ មហាអំណាច​នុយក្លេអ៊ែរ​មានតែ​៤​ឬ​៥​ប្រទេស​ប៉ុណ្ណោះ​។ តែ​ពេលនេះ កូរ៉េខាងជើង​ចាប់តាំងពី​ឆ្នាំ​២០១៧​មកដល់ពេលនេះ កូរ៉េខាងជើង​របស់លោក គីម ជុង​អ៊ុន បាន​ខិតខំ​ពង្រីក​ឥទ្ធិពល​នុយក្លេអ៊ែរ​របស់ខ្លួន ដែល​អាច​បាញ់​ពី​កូរ៉េខាងជើង​ទៅដល់​អាមេរិក​ទៀតផង​។ ដូច្នេះ វត្តមាន​នៃ​គ្រាប់​បរមាណូ​គឺជា​សម្ពាធ​មួយ​ដែល​រុញ​ឲ្យ​មាន​ជំនួប​នេះ និង​ជំនួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ទៀត​។ ហើយ​ការប្រកាស​ជួបគ្នា​ទាំងនេះ ត្រូវធ្វើឡើង​ភ្លាមៗ ដោយ​ប្រញាប់ប្រញាល់ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៀតផង​។ ខ្ញុំ​ថា នេះហើយ​ជា​ជ័យជម្នះ​ផ្នែក​ការទូត និង​នយោបាយ​ការបរទេស​របស់លោក គីម ជុង​អ៊ុន​។ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ថា ជំនួប​លើក​នេះ ខុសពី​ពីរលើក​មុន​។​
 
 
​លោក លាង ដឺ​លុច​៖ ហេតុអ្វី​គេ​ត្រូវ​រង់ចាំ​រហូតដល់​កូរ៉េខាងជើង​ធ្វើតេស្ត​បាញ់​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ជោគជ័យ ទើប​គេ​ប្រញាប់ប្រញាល់​ធ្វើ​ឲ្យ​មាន​ជំនួប​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​? ក្រុម​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង ដែលមាន​អាមេរិក និង​ជប៉ុន​ជាដើម អាច​ប្រើ​ហិង្សា​ទៅលើ​របប ក្រុង​ព្យុងយ៉ាង តាំងពី​ពេលដែល​កូរ៉េខាងជើង​មិនទាន់មាន​ក្បាល​គ្រាប់​មី​ស៊ី​ល​បាន​តើ​។​
 
​លោក រស់ ច​ន្ត្រា​បុត្រ​៖  ជាការ​ពិត​។ ក្រោយ​សង្គ្រាម​បែងចែក​កូរ៉េ​ទាំងពីរ សហរដ្ឋអាមេរិក​ក្តី សហគមន៍​អន្តរជាតិ​ក្តី ឬ​អង្គការសហប្រជាជាតិ​ក្តី បានដាក់​សម្ពាធ​គ្រប់បែបយ៉ាង ជាពិសេស​សម្ពាធ​សេដ្ឋកិច្ច និង​នយោបាយ​ដើម្បី​ធ្វើយ៉ាងណា ឲ្យ​កូរ៉េខាងជើង​ទទួលរង​ការអត់ឃ្លាន ធ្វើយ៉ាងណា​ឲ្យ​មានការ​ផ្ទុះ​ពី​ក្នុងសង្គម​នៃ​កូរ៉េខាងជើង​ខ្លួនឯង​។ ប៉ុន្តែ ក្នុង​បរិបទ​នៃ​សង្គ្រាមត្រជាក់ គឺ​ប្រទេស​ចិន និង​សហភាពសូវៀត ឬ​រុស្ស៊ី​នៅ​ពីក្រោយ​។ ដូច្នេះ​រាល់ពេល​ដែលមាន​ក្តី​សម្រេច​ពី​អង្គការសហប្រជាជាតិ​ទៅលើ​របប​ព្យុងយ៉ាង ចិន និង​រុស្ស៊ី តែង​ធ្វើ​វេតូ ដើម្បី​រារាំង​មិន​ឲ្យ​ក្រុម​លោក​សេរី​កំទេច​កូរ៉េខាងជើង​បាន​។ ជាងនេះទៅទៀត កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន ដែល​នៅ​ជិត​កូរ៉េខាងជើង ត្រូវការ​សន្តិសុខ​ដើម្បី​ការអភិវឌ្ឍ​ប្រទេស​ដែរ​។ ដូច្នេះ​ពួកគេ​មិនត្រូវ​ការ​ឲ្យ​មាន​សង្គ្រាម​នៅក្នុង​តំបន់​នោះឡើយ​។ សរុប​មកវិញ គឺ​វា​មាន​កត្តា​ជាច្រើន​ដែល​រារាំង​មិន​ឲ្យ​សហគមន៍​អន្តរជាតិ​វាយប្រហារ​មកលើ​កូរ៉េខាងជើង​បាន​។​
 
​លោក លាង ដឺ​លុច​៖ យើង​ត្រឡប់មក​និយាយ​អំពី​ជំនួប​នៅពេលនេះ​រវាង​ប្រមុខ​ដឹកនាំ​បងប្អូន​កូរ៉េ​ទាំងពីរ​វិញ​។ លោក​សាស្ត្រាចារ្យ​បានលើកឡើង​អំពី​ជោគជ័យ​នៃ​ការផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​របប​ព្យុងយ៉ាង ដែល​អាច​ចលករ​មួយ​ជំរុញ​ឲ្យ​មាន​ជំនួប​ទាំងនេះ​។ ប៉ុន្តែ​តើ​គេ​អាច​គិត​ជា​វិជ្ជមាន​ទៅលើ​ប្រមុខ​ដឹកនាំ​កំពូល​វ័យក្មេង​របស់​កូរ៉េខាងជើង​នៅពេលនេះ​បានទេ ថា​មេដឹកនាំ​រូបនេះ​អាចមាន​របៀប​ដឹកនាំ​ថ្មី ឬក៏​យល់ច្បាស់​ថា កូរ៉េខាងជើង​មិនអាច​បន្ត​រស់នៅ​ឯកា នឹង​ត្រូវតែ​រួមរស់​ជាមួយ​ពិភពលោក​វិញ​។ 
 
​លោក រស់ ច​ន្ត្រា​បុត្រ​៖ ខ្ញុំ​យល់ស្រប​គំនិត​នេះ​។ កូរ៉េ​មិនអាច​សម្រេច​រស់នៅ​ឯកា​ដូច​ពីមុន និង​ទៅ​ថ្ងៃ​អនាគត​បាន​ទៀត​។ ពេលនេះ វា​លែងមាន​សង្គ្រាមត្រជាក់ សង្គ្រាម​ប្លុក​សេរី និង​កុម្មុយនីស្ត​ទៀតហើយ​។ របប​ព្យុងយ៉ាង​យល់ថា ខ្លួន​ត្រូវ​រៀបចំខ្លួន​ធ្វើយ៉ាងណា​ឲ្យ​ស្របទៅនឹង​ការវិវឌ្ឍ​របស់​រុស្ស៊ី​ដែលជា​អតីត​មេ​ប្លុក​កុ​ម្មុនី​ស្ត និង​ស្របទៅតាម​ការវិវឌ្ឍរ​បស់​ប្រទេស​ចិន​ដែរ​។ ហើយ​ដើម្បី​ផ្លាស់ប្តូរ​បាន ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ដឹងថា គឺ​មានតែ​អាវុធ​ប៉ា​រ៉ា​ម៉ា​ណូ​នេះហើយ ដែល​គម្រាម​សហរដ្ឋអាមេរិក ឬ​មហាអំណាច​ធំៗ​នៃ​បស្ចិម​លោក ឲ្យ​ទទួល​លោក​ខ្លួន​វិញ​។ ខ្ញុំ​ជឿថា នេះ​យុទ្ធសាស្ត្រ​មួយ​របស់លោក គីម ជុង​អ៊ុន ដើម្បី​អាច​ហក់​ចូលមកក្នុង​សហគមន៍​អន្តរជាតិ​វិញ​។​
​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ច្រើន​ការរួបរួម​កូរ៉េ​នៅពេលនេះ ដោយ​ខ្ញុំ​មើល​មាន​គោលដៅ​រួមមួយ​ដែលជា​មូលហេតុ​សំខាន់​។ មួយ​គឺ​សហរដ្ឋអាមេរិក​ខ្លាច​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហើយ​មួយទៀត កូរ៉េខាងជើង​ចង់​ចូលរួម​រស់ក្នុង​សហគមន៍​អន្តរជាតិ​វិញ​។ ខ្ញុំ​ថា នេះ​គឺជា​ជោគជ័យ​របស់លោក គីម ជុង​អ៊ុន ដែល​កន្លងមក​លោក​តែង​គម្រាម​លោកខាងលិច​។ ប៉ុន្តែ​តាមពិត គឺ​លោក​ចង់រក​ដំណោះស្រាយ​៕

 
 

Tag:
 រស់ ច​ន្ត្រា​បុត្រ​
  កូរ៉េ​
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com