អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជំនួប​មេដឹកនាំ​កូរ៉េ​៖ គីម ជុង​អ៊ុន ថា ប្រវត្តិសាស្ត្រ​ថ្មីចាប់ផ្ដើម​ហើយ​
27, Apr 2018 , 8:53 am        
រូបភាព
មេដឹក​​​នាំកូរ៉េ​​​ទាំងពីរ​​ចាប់​​ដៃស្វា​​​គមន៍​​​គ្នាមុន​​​ជំនួប​​ចរចា (រូបភាព AFP)
មេដឹក​​​នាំកូរ៉េ​​​ទាំងពីរ​​ចាប់​​ដៃស្វា​​​គមន៍​​​គ្នាមុន​​​ជំនួប​​ចរចា (រូបភាព AFP)
​ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពីរ​បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​២៧ ខែមេសា​នេះ នៅ​អាគារ​សន្តិភាព ប៉ែក​ខាងត្បូង​ខ្សែ​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ក្នុង​តំបន់​គ្មាន​យោធា​។ នេះ​ជា​ជំនួប​លើក​ទី​បី​រវាង​មេដឹកនាំ​កូរ៉េ​ទាំងសងខាង បន្ទាប់​ការបញ្ចប់​សង្គ្រាម​កូរ៉េ​នៅ​ឆ្នាំ​១៩៥៣ ហើយ​ជា​លើក​ទី​ដំបូង​ដែល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​។​

 
​បន្ទាប់ពី​បញ្ចប់​កម្មវិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​រួចមក ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ចាប់ផ្ដើម​ជំនួប​ចរចា​ទល់មុខ​នៅក្នុង​អាគារ​សន្តិភាព​នៃ​បរិវេណ​ភូមិ​ប៉ាន់​មុន​ជុម​។ នេះ​ជា​លើកទីមួយ​ដែល​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ជួបគ្នា​នៅ​ព្រំដែន ដែល​កន្លង​មកជា​តំណាង​នៃ​ការបែងចែក​បងប្អូន​កូរ៉េ និង​ការប្រឈមមុខ​ផ្នែក​យោធា​។ ប៉ុន្តែ​ពេលនេះ តំបន់​គ្មាន​យោធា​នេះ​ក្លាយជា​ទីតាំង​នៃ​ការចរចា​សន្តិភាព និង​ការបង្រួបបង្រួម​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្នុងពេល​ទទួល​លោក គីម ជុង​អ៊ុន នៅ​បន្ទាត់​ព្រំដែន លោក មូ​ន ចេ​អ៊ី​ន ក៏បាន​ចូលទៅ​កាន់​ទឹកដី​កូរ៉េខាងជើង​មួយ​ភ្លែត​តាម​ការអញ្ជើញ​របស់លោក គីម ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ពី​ការបង្រួបបង្រួម​បងប្អូន​កូរ៉េ​ទាំងមូល​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ​ប្រាប់​មេដឹកនាំ​កូរ៉េខាងជើង​ថា លោក​សប្បាយចិត្ត​ដែល​បាន​ជួបគ្នា​ពេលនេះ​។ ឯ​លោក គីម វិញ​បាន​សរសេរ​ក្នុង​សៀវភៅ​ក្រាំងមាស​ថា ប្រវត្តិសាស្ត្រ​ថ្មី​បានចាប់ផ្ដើម​ហើយ​។​
 
​ក្នុងជំនួប​នេះ លោក មូ​ន អង្គុយ​អមដោយ​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម និង​ប្រធាន​សេនាធិការ​ប្រធានាធិបតី ឯ​លោក គីម វិញ មាន​ប្អូនស្រី​បង្កើត គីម យ៉ូ​ចុង និង​អនុប្រធាន​បក្ស​ពលករ​។ ចម្ងាយ​រវាង​កៅអី​លោក មូ​ន ទៅ​កៅអី​លោក គីម មាន​ប្រវែង​២០១៨​មី​លី​ម៉ែត្រ ដែលជា​និមិត្តរូប​នៃ​ជំនួប​លើក​ទី​បី​ក្នុង​ឆ្នាំ​២០១៨ ។ 
 
​ពី​បន្ទប់​ប្រជុំ លោក មូ​ន សង្ឃឹមថា ការចរចា​លើក​នឹងមាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ជា​អំណោយ​សម្រាប់​ប្រជាជន​កូរ៉េ និង​ពិភពលោក ហើយ​ដំណើរ​របស់លោក គីម នៅ​តំបន់​គ្មាន​យោធា ជា​និមិត្ត​រូបនេះ​សន្តិភាព មិនមែន​ការបែកបាក់​ឡើយ​។ ឯ​លោក គីម វិញ បង្ហាញ​បំណង​ជជែក​ដោយស្មោះ​ត្រង់​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង និង​ថា លោក​មានការ​តាំងចិត្ត​ដើម្បី​ផ្ញើ​សញ្ញា​ចាប់ផ្ដើម​ប្រវត្តិសាស្ត្រ​ថ្មី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។  
 
​កម្មវិធី​នុយក្លេអ៊ែរ ការបង្រួបបង្រួម និង​ការបង្កើត​សន្តិភាព​ពិតប្រាកដ​មួយ គឺជា​របៀបវារៈ​សំខាន់​។ ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍ គឺជា​រឿង​សំខាន់ ហើយ​ដែល​ត្រូវបាន​រំពឹងថា មានការ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​មួយ ដ្បិត​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ បញ្ចប់​ដោយ​យុទ្ធសន្តិភាព មិនមែន​សន្ធិសញ្ញា​អ្វី​ឡើយ​។ ជា​បច្ចេកទេស កូរ៉េ​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​ធ្វើសង្គ្រាម​នៅឡើយ​៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com