អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការចាប់​ដៃ​ដែល​ធ្វើ​ឲ្យ​ញាប់​ញ័រ​ពិភពលោក​
12, Jun 2018 , 9:23 am        
រូបភាព
ដោយ: រួបរួម
ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ ប្រព្រឹត្ត​ទ​ភ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឯ​សណ្ឋាគារ Capella លើ​កោះ​សេន​តូ​សា ប្រទេស​សិង្ហ​បុរី​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចាប់​រលា​ក់ដៃ​គ្នា មុននឹង​ដើរទៅ​ជួបគ្នា​៤៥​នាទី​សិន មុន​ចាប់ផ្តើម​ប្រជុំ​ធំ​រយៈពេល ៩០ នាទី​ទៀត​។ នេះ​ជា​ជំនួប​លើកទីមួយ​រវាង​មេដឹកនាំ​ប្រទេស​គូសត្រូវ​ទាំងពីរ ដោយមាន​ការរំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​ជា​របៀប​វារ​សំខាន់​។​





​ជំនួប​ជា​ប្រវត្តិសាស្ត្រ​ផ្សេងទៀត​រវាង​មេដឹកនាំ​ពិភពលោក ដែល​អ្នកសារព័ត៌មាន​អន្តរជាតិ​ចាត់ទុកថា​ជាការ​ចាប់ដៃ​កក្រើក​ពិភពលោក​៖
 
​ជំនួប អា​រ៉ា​ហ្វា​ត​-​រ៉ា​ប៊ី​ន ឆ្នាំ​១៩៩៣៖
​បន្ទាប់ពី​មានការ​ចរចា​ដោយ​សម្ងាត់​នៅ​ន័​រ​វែ​ស លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល យី​ត​ហ្សា​ក់ រ៉ា​ប៊ី​ន (Yitzhak Rabin) និង​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន យ៉ា​ស​សេ អា​រ៉ា​ហ្វា​ត (Yasser Arafat) បាន​ជួបគ្នា​នៅ South Lawn សេត​វិមាន កាលពី​ថ្ងៃទី​១៣ ខែកញ្ញា នា​ពិធី​ចុះហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​អូ​ស្លូ​។ នាពេលនោះ លោក​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន ជា​អន្តរការី​។​



​ជំនួប អូ​បា​ម៉ា​-​កា​ស្ត្រូ ឆ្នាំ​២០១៣៖
​នា​ពិធីបុណ្យ​រំលឹក​វិញ្ញាណក្ខន្ធ​លោក Nelson Mandela កាលពី​ឆ្នាំ​២០១៣ ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​មេដឹកនាំ​គុយបា លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ បាន​ជួបគ្នា និង​ចាប់ដៃគ្នា​ជា​លើកដំបូង​។ ករណីនេះ​ត្រូវបាន​ចាត់ទុកជា​ជំនួប​ប្រវត្តិសាស្ត្រ​ដែលមាន​ចំណង​ល្អក់​ករករ​នឹង​គ្នា​។ ក្រោយមកទៀត ទំនាក់ទំនង​កាន់តែ​ទូលំទូលាយ រហូតដល់​មានដំណើរ​ទស្សនកិច្ចរ​ប​ស់លោក អូ​បា​ម៉ា ទៅ​គុយបា កាលពី​ឆ្នាំ​២០១៦ ។​



​ជំនួប ម្ចាស់​ក្ស​ត្រី​យ៍ អេ​លីហ្សា​បែ​ត​- លោក McGuinness ឆ្នាំ​២០១២
​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុងដំណាក់កាល​ឆ្ពោះទៅកាន់​សន្តិភាព​នៅ​អៀរ​ឡង់​ខាងជើង ម្ចាស់​ក្ស​ត្រី​យ៍​អង់គ្លេស អេ​លីហ្សា​បែ​តទី​ពីរ បាន​ជួប​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​លោក Martin McGuinness អតីត​ឧ​ត្ត​ម​សេនីយ៍ ហើយ​ក្រោយ​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី​អៀរ​ឡង់​ខាងជើង​។ ជំនួប​កាលពី​ឆ្នាំ​២០១២ នោះ នាំ​ឲ្យ​ការបញ្ចប់​នូវ​ជម្លោះ​បង្ហូរ និង​អំពើហិង្សា​នានា​។​



​ជំនួប ស៊ី​-​ម៉ា ឆ្នាំ​២០១៥
​បន្ទាប់ពី​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ​១៩៤៩ ប្រធានាធិបតី​ចិន និង​មេដឹកនាំ​តៃវ៉ាន់ បាន​ជួបគ្នា​លើកដំបូង​បំផុត​នៅ​សិង្ហ​បុរី នា​ឆ្នាំ​២០១៥​។ លោក ស៊ី ជិន​ភីង និង​លោក Ma Ying-jeou បាន​ចាប់ដៃគ្នា​ជាង​១​នាទី ហើយ​ពោរពេញ​ទៅដោយ​ស្នាមញញឹម​។ ជំនួប​មេដឹកនាំ​ទាំងពីរ សំដៅលើ​ការទប់ស្កាត់​បញ្ហា​នានា​រវាង​តំបន់​ដីគោក និង​តំបន់​កោះ​។​



​ជំនួប គីម​-​មូ​ន (​អន្តរ​កូរ៉េ​) ខែមេសា ឆ្នាំ​២០១៨
​លោក គីម ជុង​អ៊ុន បាន​ដើរ​ចូលទៅ​បរិវេណ​អាគារ​សន្តិភាព ប៉ែក​ខាងត្បូង​ខ្សែ​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ក្នុង​តំបន់​គ្មាន​យោធា ដោយមាន​លោក មូ​ន ចេ​អ៊ី​ន រង់ចាំ​ធ្វើ​បដិសណ្ឋារកិច្ច​។ នេះ​ជា​ជំនួប​ប្រវត្តិសាស្ត្រ​លើក​ទី​បី​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ ប៉ុន្តែ​ជា​លើកដំបូង​បំផុត​ដែល​មេដឹកនាំ​កូរ៉េខាងជើង ចូលទៅ​កាន់​ទឹកដី​កូរ៉េខាងត្បូង​៕

រូបថតទាំងអស់៖ AFP

© រក្សាសិទ្ធិដោយ thmeythmey.com