អន្តរជាតិ
គីម ជុងអ៊ុន សង្ឃឹមថា កូរ៉េទាំងពីរមិនដើរតាមលំនាំចាស់ដែលចរចាហើយបរាជ័យរួចចរចាទៀត
× ជំនួបចរចាពេលព្រឹកថ្ងៃទី២៧ ខែមេសា រវាងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ចប់ហើយ។ មេដឹកនាំកូរ៉េទាំងពីរសុទ្ធតែបានប្រកាសជំហរជជែកគ្នាដោយស្មោះត្រង់ បើកចំហ និងបានបង្ហាញក្ដីសង្ឃឹមថា ជំនួបមេដឹកនាំកូរ៉េលើកទីបីនេះ នឹងទទួលបានលទ្ធផលផ្លែផ្កាមិនខាន។ សេចក្ដីថ្លែងការណ៍រួមនឹងត្រូវប្រកាសនៅចុងបញ្ចប់ជំនួបពេលល្ងាច ហើយដែលគេរំពឹងថា នឹងនិយាយពីសន្តិភាព និងការបង្រួបបង្រួម។
មេដឹកនាំកូរ៉េទាំងពីរបានបង្ហាញទឹកមុខរីករាយនៅក្នុងជំនួបមេដឹកនាំកូរ៉េលើកទីបីនៅថ្ងៃទី២៧ ខែមេសា ដែលធ្វើឡើងនៅអាគារសន្តិភាព ក្បែរព្រំដែនកូរ៉េទាំងពីរ។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានចាប់ដៃស្វាគមន៍មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅត្រង់ខ្សែព្រំដែន ដែលជាសញ្ញានៃសន្តិភាព និងការបង្រួបបង្រួមឧបទ្វីបកូរ៉េ។
ថ្លែងក្នុងជំនួបចរចាពេលព្រឹក លោក គីម បានប្រាប់លោក មូន ថា លោកមានអារម្មណ៍យ៉ាងច្រើនពេលដើរចូលទឹកដីកូរ៉េខាងត្បូង។ ខណៈមានការរំពឹងខុសៗគ្នាជុំវិញជំនួបលើកទីបីនេះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបានសន្យាបង្កើតកិច្ចព្រមព្រៀងយូរអង្វែងមួយ តែលោកបាននិយាយទុកដែរថា ទោះជាមានកិច្ចព្រមព្រៀងល្អបែបណាក្ដី បើមិនមានការអនុវត្តត្រឹមត្រូវទេ វានឹងនាំទៅរកការខកចិត្តប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ជាមួយគ្នានោះ លោក គីម ដែលជាមេដឹកនាំកូរ៉េខាងជើងទីមួយជាន់ទឹកដីកូរ៉េខាងត្បូងក៏សង្ឃឹមថា កូរ៉េទាំងពីរនឹងមិនដើរតាមលំនាំចាស់ឡើយ ដែលការសន្យាត្រូវបានព្រមព្រៀង និងក៏ត្រូវលុបចោលវិញ ហើយកូរ៉េទាំងពីរក៏ត្រឡប់ទៅកាន់ចំណុចចាប់ផ្ដើមម្ដងទៀតនោះ។ មេដឹកនាំកូរ៉េខាងជើងវ័យក្មេងរូបនេះរំពឹងថា កូរ៉េសងខាងនឹងកសាងអនាគតរួមគ្នា។ ឯលោក មូន វិញ ក៏បានសាទរសម្ដីរបស់លោក គីម ហើយក៏សង្ឃឹមដូចគ្នាថា កិច្ចព្រមព្រៀងមួយនឹងលេចជារូបរាង។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ លោក គីម ក៏បានបង្ហាញបំណងធ្វើទស្សនកិច្ចនៅរដ្ឋធានីសេអ៊ូល បើមានការអញ្ជើញ។ លើបញ្ហានេះ អ្នកនាំពាក្យលោក មូន និយាយថា៖ «ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់ភ្ញៀវរបស់ខ្លួនថា លោកនឹងបង្ហាញទេសភាពស្អាតជាងនេះ ប្រសិនបើទៅវិមានខៀវ (វិមានប្រធានាធិបតីកូរ៉េខាងត្បូង)។ លោក គីម ឆ្លើយថា មែនឬ? ខ្ញុំនឹងទៅវិមានខៀវបានគ្រប់ពេល បើលោកអញ្ជើញខ្ញុំ»។
ក្រោយបញ្ចប់កិច្ចប្រជុំពេលព្រឹក លោក គីម បានជិះឡានត្រឡប់ទៅកាន់ទឹកដីកូរ៉េខាងជើងវិញ ដើម្បីពិសារអាហាថ្ងៃត្រង់ មុននឹងធ្វើដំណើរចូលទឹកដីកូរ៉េខាងត្បូងម្ដងទៀតដើម្បីចាប់ផ្ដើមចរចាជុំទីពីរ។ មុនជំនួបពេលថ្ងៃ មេដឹកកូរ៉េទាំងពីរនឹងដាំដើមឈើជានិមិត្តរួច រួចដើរលំហែបន្តិចសិន។ ពេលបញ្ចប់កិច្ចប្រជុំពេញមួយថ្ងៃ មេដឹកនាំទាំងពីរនឹងចេញសេចក្ដីថ្លែងការណ៍រួមមួយ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
មូន ចេអ៊ីន
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com