ជាតិ
សេដ្ឋកិច្ច
លោក Bill Longhurst ៖ ក្រុមហ៊ុន​អង់គ្លេស​រកស៊ី​នៅ​កម្ពុជា ព្រោះ​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​
27, Apr 2018 , 12:05 pm        
រូបភាព
អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក Bill Longhurst
អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក Bill Longhurst
 
ភ្នំពេញ៖អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក Bill Longhurst និយាយថា ក្រុមហ៊ុន​អង់គ្លេស​បានមក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ព្រោះ​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​សម្បូរ​កម្លាំង​ពលកម្ម​។ ខណៈ​ជិត​ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​ដែរនោះ លោក Longhurst បញ្ជាក់ថា អង់គ្លេស​នឹង​បន្ត​ជួយ​កម្ពុជា​ទៀត​។ លោក Bill Longhurst និយាយ​បែបនេះ​ក្នុង​ពិធី​អបអរ​ចម្រើន​ព្រះជន្ម​មហាក្សត្រី​យា​នី​អេ​លីហ្សា​បេ​ត្ស​ទី​២ នៅ​ថ្ងៃទី​២៦ ខែមេសា​។

 
​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែមេសា បានរៀបចំ​ពិធី​ចម្រើន​ព្រះជន្ម​មហាក្សត្រី​យា​នី​អេ​លីហ្សា​បេ​ត្ស​ទី​ពីរ ដោយមាន​ការចូលរួម​ពី​ភ្ញៀវ​មកពី​គ្រប់​មជ្ឈដ្ឋាន​ជាង​៥០០​នាក់​។ ឆ្លៀតឱកាស​នេះ លោក Bill Longhurst អគ្គរាជទូត​ចក្រភព​អង់គ្លេស ដែល​ជិត​ចប់​អាណត្តិ បាន​រៀបរាប់​ពី​សមិទ្ធផល​ជាច្រើន​ក្នុង​រយៈពេល​បំពេញការងារ​ជាង​៤​ឆ្នាំ ដែល​ផ្ដោត​ខ្លាំង​លើ​វិស័យ​អប់រំ យុវជន បរិស្ថាន និង​បញ្ហា​មីន​នៅ​កម្ពុជា​។​
 
​លោក Longhurst និយាយថា អង់គ្លេស​បាន​បណ្ដុះបណ្ដាល និង​ផ្សាភ្ជាប់​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកដឹកនាំ​អនាគត ទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម រដ្ឋបាល នយោបាយ​។ លោក​បន្តថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ លោក​បាន​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ និង​មុខជំនាញ​ដែល​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា ជាពិសេស​មុខជំនាញ STEM ។ 
 
​សម្រាប់​ការផ្ដល់​ជំនួយ​អភិវឌ្ឍ​វិញ អគ្គរាជទូត​ដែល​ធ្វើដំណើរ​ដល់​ខេត្ត​-​រាជធានី​ចំនួន​២៤​នៅ​ទូទាំង​កម្ពុជា អះអាងថា ក្នុង​រយៈពេល​២៦​មកនេះ អង់គ្លេស​បានផ្ដល់​ជំនួយ​ច្រើន​ដល់​វិស័យ​ដោះមីន​របស់​កម្ពុជា ហើយ​អង់គ្លេស​នឹង​បន្ត​ជួយ​លើ​ការងារ​នេះ​ទៀត​។ ក្រៅពី​ការដោះមីន អង់គ្លេស​ក៏បាន​ជួយផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ការពារ​បរិស្ថាន​ប្រកបដោយ​ចីរភាព និង​ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ​។ ក្នុង​ក្របខណ្ឌ​សហភាព​អឺរ៉ុប អង់គ្លេស​ក៏បាន​ពង្រឹង​ថ្នាក់មូលដ្ឋាន​ផងដែរ​។​
 
​ជុំវិញ​ពាណិជ្ជកម្ម​ទ្វេភាគី​វិញ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អង់គ្លេស​មាន​លើស​មួយ​ពាន់​លាន​ដុល្លារ​។ ទំនិញ​កម្ពុជា​ដែល​ភាគច្រើន​ជា​ផលិត​វាយ​ន​ភណ្ឌ​បាន​នាំចូល​ទីផ្សារ​អង់គ្លេស ច្រើនជាង​ទំនិញ​អង់គ្លេស​នាំ​ចូលមក​កម្ពុជា ហើយ​ក្រុមហ៊ុន​អង់គ្លេស​ជាច្រើន​ក៏បាន​ចូលមក​រកស៊ី​នៅ​កម្ពុជា​ផង​។ បើតាម​លោក Longhurst ក្រុមហ៊ុន​អង់គ្លេស​មក​វិនិយោគ​នៅ​កម្ពុជា ព្រោះ​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ខ្លាំង សម្បូរ​កម្លាំង​ពលកម្ម​ក្មេងៗ និង​ពោរពេញ​ដោយ​ឱកាស​វិនិយោគ​។​
 
​ខណៈ​នៅសល់​ពីរ​ខែ​ទៀត​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា លោក Longhurst លើកឡើងថា លោក​នឹង​លើកទឹកចិត្ត​ឲ្យ​អគ្គរាជទូត​ថ្មី​បន្ត​ការយកចិត្តទុកដាក់​លើ​វិស័យ​អប់រំ និង​ការអភិវឌ្ឍ​វិជ្ជាជីវៈ​។  កាន់តែ​សំខាន់​ទៅទៀត លោក​នឹង​ជំរុញ​ឲ្យ​តំណាង​អង់គ្លេស​ដែលជា​ស្ត្រី បន្ត​ផ្សារភ្ជាប់​ជាមួយ​មេដឹកនាំ​អនាគត ព្រោះ​ពួកគេ​មាន​សក្តានុពល​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​៕
 
 

Tag:
 ​កម្ពុជា​
  អង់គ្លេស​
  Bill Longhurst
© រក្សាសិទ្ធិដោយ thmeythmey.com