អន្តរជាតិ
ថៃ ផ្ដើមគំនិតបង្កើតមូលនិធិហិរញ្ញវត្ថុក្នុងកិច្ចសហប្រតិបត្តិការ ACMECS អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ មេដឹកនាំប្រទេស ACMECS នាជំនួបកំពូលនៅបាងកក (រូបភាព Xinhua)
× នៅចុងសប្ដាហ៍មុន ថៃបានផ្ដើមគំនិតបង្កើតមូលនិធិហិរញ្ញវត្ថុមួយដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមប្រទេសសមាជិកនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS)។ មេដឹកនាំប្រទេស៤ ផ្សេងទៀតដែលជាសមាជិក ACMECS បានគាំទ្រគំនិតរបស់ថៃ និងបានណែនាំឲ្យមន្ត្រីរបស់ខ្លួនជួបប្រជុំគ្នាដើម្បីឈានទៅបង្កើតមូលនិធិនេះ ដែលមានគោលដៅបង្កើនប្រភពហិរញ្ញវត្ថុផ្ទៃក្នុង មុននឹងស្វែងរកជំនួយពីខាងក្រៅ។
មូលនិធិហិរញ្ញវត្ថុរួមមួយ ត្រូវបានស្នើឡើងដោយថៃក្នុងកិច្ចប្រជុំកំពូលសមាជិកនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) នៅថ្ងៃទី១៦ ខែមិថុនា នៅទីក្រុងបាងកក។ មេដឹកនាំរដ្ឋាភិបាលថៃ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា បានជំរុញឲ្យបង្កើតមូលនិធិនេះដើម្បីធ្វើជាប្រភពហិរញ្ញវត្ថុក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ចាំបាច់នានាក្នុងអាស៊ីអាគ្នេយ៍ប៉ែកដីគោក។
ក្រោមគំនិតផ្ដួចផ្ដើមនេះ មូលនិធិ ACMECS នឹងត្រូវចាត់ចែងដោយប្រទេសទាំង៥ ប៉ុន្តែត្រូវការពេលវេលាយូរទៀតមុននឹងលេចជារូបរាពិតប្រាកដ។ ក្នុងសេចក្ដីថ្លែងការណ៍បាងកក មេដឹកនាំប្រទេសទាំង៥ បានឯកភាពឲ្យមន្ត្រីផ្នែកហិរញ្ញវត្ថុរៀងៗខ្លួនជួបជជែកគ្នាលើលក្ខខណ្ឌយោង (TOR) និងប្រតិបត្តិការលម្អិតរបស់មូលនិធិនេះ។ ការចរចាអាចចាប់ផ្ដើមនៅខែតុលាខាងមុខ ដើម្បីបង្កើតមូលនិធិនេះនៅត្រឹមជំនួបកំពូលលើកក្រោយ ដែលកម្ពុជាជាប្រធាន ACMECS ។
យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា និយាយថា ថៃនឹងចេញលុយមួយចំនួនដើម្បីមូលនិធិនេះ និងអញ្ជើញសមាជិក ACMECS ផ្សេងទៀត ដៃគូអភិវឌ្ឍ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាឲ្យគាំទ្រមូលនិធិនេះដែរ។ ជាជំហានដំបូង មេដឹកនាំថៃរូបនេះចង់ឲ្យមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលនៅខ្វះខាតក្នុងចំណោមប្រទេសទាំង៥ ដូចជាការតភ្ជាប់អេឡិចត្រូនិក ថាមពល ឌីជីថល និងការសម្រួលយន្តការពន្ធគយផង។
កន្លងមក ប្រទេសទាំង៥ របស់ ACMECS បានពឹងយ៉ាងខ្លាំងលើប្រភពហិរញ្ញវត្ថុខាងក្រៅដើម្បីអភិវឌ្ឍប្រទេសរៀងខ្លួនដូចជាកម្ចីពីធនាគារពិភពលោក ឬធនាគារអភិវឌ្ឍអាស៊ីជាដើម។ ចិន ជប៉ុន កូរ៉េខាងត្បូង ក៏បានដើរតួសំខាន់ក្នុងការផ្ដល់ទុនទៅឲ្យប្រទេសទាំងនេះដើម្បីបំពេញតម្រូវការពួកគេតាមរយៈការអនុវត្តគម្រោងអភិវឌ្ឍជាច្រើន។ គម្រោងមូលនិធិថ្មីនេះ នឹងជួយសមាជិក ACMECS កាត់បន្ថយការពឹងផ្អែកលើភាគីផ្សេង។
សូមបញ្ជាក់ថា ACMECS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដើម្បីជាយន្តការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកាត់បន្ថយគម្លាតអភិវឌ្ឍក្នុងអនុតំបន់មួយនេះ។ ក្នុងកិច្ចប្រជុំលើកទី៨ នៅបាងកក មេដឹកនាំសមាជិក ACMECS ក៏បានអនុម័តផែនការមេ ២០១៩-២០២៣ ដែលមានគោលដៅសំខាន់បី គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន សុខដុមរមនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យា និងថាមពល៕
Tag:
ថៃ
ACMECS
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com