អន្តរជាតិ
ទំនាក់ទំនងចិន-អូស្ត្រាលី កំពុងដើរដល់មាត់ជ្រោះ ព្រោះអូស្ត្រាលីបន្តចោទថា ចិនលូកលាន់កិច្ចការផ្ទៃក្នុងខ្លួន នាយករដ្ឋមន្រ្តីអូស្ត្រាលី ម៉ាល់មុខ ធើនប៊ូល ចាប់ដៃប្រធានាធិបតិចិន ស៊ី ជិនភីង (រូបភាព Xinhua)
× ទំនាក់ទំនងចិន និងអូស្ត្រាលីកំពុងដើរទៅរកមាត់ជ្រោះ ខណៈដែលអូស្ត្រាលីត្រៀមអនុម័តច្បាប់កំហិតការលូកលាន់របស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ទោះជាប្រើពាក្យបរទេសក្ដី សំណើច្បាប់មួយនេះសំដៅចិនតែម្ដង ព្រោះរដ្ឋាភិបាលក្រុងកង់បេរ៉ាបារម្ភខ្លាំងជុំវិញការកើនឡើងបញ្ហាផ្នែកសន្តិសុខអនឡាញ និងការប្រឈមមុខពីការជ្រៀតជ្រែកដោយរដ្ឋាភិបាលបរទេស។ ជាមួយនឹងក្ដីបារម្ភនេះ អូស្ត្រាលីក៏ហាមក្រុមហ៊ុនចិន Huawei ផ្គត់ផ្គង់សម្ភារៈក្នុងការសាងសង់ប្រព័ន្ធអ៊ីធឺណិត 5G ផង។
នៅរយៈពេលពីរសប្ដាហ៍ទៀត អូស្ត្រាលីនឹងអនុម័តច្បាប់មួយដែលសំដៅទប់ស្កាត់ឥទ្ធិពលរបស់ចិនក្នុងកិច្ចការផ្ទៃក្នុងខ្លួន។ អូស្ត្រាលីបារម្ភថា ចិនដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួន បានជ្រៀតជ្រែកចូលវិស័យនានារបស់ខ្លួនដូចជាប្រព័ន្ធផ្សព្វផ្សាយ សាកលវិទ្យាល័យ និងឈានដល់ផ្នែកនយោបាយផង។ ការជ្រៀតជ្រែកនេះ ធ្វើឡើងក្នុងទម្រង់ជាការបរិច្ចាគលុយទៅឲ្យអ្នកនយោបាយប្រឆាំងរបស់អូស្ត្រាលីពីសំណាក់បក្សកុម្មុយនីស្តចិន។
ចិនបានទាត់ចោលការចោទប្រកាន់ទាំងអស់របស់អូស្ត្រាលី ហើយបានចោទក្រុងកង់បេរ៉ាថា បានបំពុលទំនាក់ទំនងទ្វេភាគី។ ដោយសារបញ្ហានេះ ទំនាក់ទំនងអូស្ត្រាលី និងចិនកាន់តែធ្លាក់ចុះខ្លាំង ដោយចិនបានរឹតបន្តឹងការធ្វើជំនួញជាមួយអូស្ត្រាលី ហើយបង្កើនការត្រួតពិនិត្យទំនិញដែលនាំចូលពីអូស្ត្រាលី។ ការអនុម័តច្បាប់ស្ដីពីការកំហិតសកម្មភាពរបស់បរទេស នឹងធ្វើឲ្យទំនាក់ទំនងនេះកាន់តែល្អក់កករថែមទៀត។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ផ្នែកដំបូងនៃច្បាប់ថ្មីនេះតម្រូវឲ្យមានការចុះឈ្មោះបុគ្គលណាដែលជាប់ទាក់ទងរដ្ឋាភិបាលបរទេស ហើយវាបានសំដៅក្រុងប៉េកាំងតែម្ដង។ ច្បាប់ថ្មីដែលគ្រោងអនុម័តឆាប់ៗនេះ ជាដំណោះស្រាយទប់ស្កាត់បញ្ហាប្រឈមមុខលើសន្តិសុខជាតិរបស់អូស្ត្រាលីដែលលើកឡើងដោយក្រុមចារកម្មផង។ ក្រោមហេតុផលនេះ អូស្ត្រាលីក៏នឹងហាមក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ចូលរួមសាងសង់បណ្ដាញអ៊ីនធឺណិត 5G ដែរ។
តាមពិតទៅ ការរារាំងក្រុមហ៊ុន Huawei ក៏ព្រោះតែអូស្ត្រាលីព្រួយខ្លាចព័ត៌មានសម្ងាត់របស់ខ្លួនធ្លាក់ទៅក្នុងដៃចិន បើហ៊ានអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះស្ថាបនាប្រព័ន្ធ 5G មែននោះ។ ព្រួយត្រង់អូស្ត្រាលីជឿថា រដ្ឋាភិបាលចិននៅពីក្រោយក្រុមហ៊ុន Huawei តែម្ដង។ ឯ Huawei វិញបានបដិសេធពាក្យចោទរបស់អូស្ត្រាលី និងចាត់ទុកសម្ដីទាំងនោះជារឿងមិនពិត និងមានបំណងអាក្រក់លើខ្លួនទៅវិញទេ។
ច្បាស់ណាស់ថា គម្រោងអនុម័តច្បាប់ថ្មីដែលស្របគ្នានឹងការហាមឃាត់ក្រុមហ៊ុន Huawei នឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីដើរទៅរកមាត់ជ្រោះមិនខាន។ ចិនច្បាស់ជាមិននៅស្ងៀមឡើយ ហើយប្រាកដជាឆ្លើយតបនឹងសកម្មភាពរបស់អូស្ត្រាលីមិនខាន។ ការរឹតត្បិតពាណិជ្ជកម្មជាមួយអូស្ត្រាលី ទំនងជាចំណាត់ការដំបូងរបស់ចិន។ នៅមុននេះ ចិនបានរឹតត្បិតលើការត្រួតពិនិត្យស្រាក្រហមរបស់អូស្ត្រាលីរួចហើយដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com