អន្តរជាតិ
ម៉ា​សេ​ដ្វា​ន ឯកភាព​ជាមួយ​ក្រិ​ក​ប្តូរ​ឈ្មោះ​ទៅ​«​ម៉ា​សេ​ដ្វា​ន​ខាងជើង​» ដើម្បី​បញ្ចប់​ជម្លោះ​ជិត បីទសវត្ស​ន៍​
18, Jun 2018 , 10:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាសេដ្វាន និងនាយករដ្ឋមន្ត្រីក្រិក ក្រោយចុះកិច្ចព្រមព្រៀងប្រវត្តិសាស្ត្របញ្ចប់ជម្លោះរឿងឈ្មោះប្រទេស (រូបភាព៖ AFP)
នាយករដ្ឋមន្ត្រីម៉ាសេដ្វាន និងនាយករដ្ឋមន្ត្រីក្រិក ក្រោយចុះកិច្ចព្រមព្រៀងប្រវត្តិសាស្ត្របញ្ចប់ជម្លោះរឿងឈ្មោះប្រទេស (រូបភាព៖ AFP)
​ចុង​សប្តាហ៍​នេះ រដ្ឋាភិបាល​ក្រុង​ស្កុប​ជេ បាន​ឯកភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​អា​តែ​ន ក្នុង​ការចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ឈានទៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ជិត​បី​ទសវត្សរ៍​រឿង​ឈ្មោះ​ប្រទេស​។ តាម​កិច្ចព្រមព្រៀង​នេះ​ប្រទេស​ម៉ា​សេ​ដ្វា​ន (Macedonia) ឯកភាព​ប្តូរ​ឈ្មោះ​ទៅជា ម៉ា​សេ​ដ្វា​ន​ខាងជើង (North Macedonia) ដើម្បី​កុំ​ឲ្យ​ច្រឡំ​នឹង​ទឹកដី​មួយ​របស់​ក្រិ​ក​ដែលមាន​ឈ្មោះថា ម៉ា​សេ​ដ្វា​ន​ដែរនោះ​។



​ក្នុង​ការចុះ​ព្រមព្រៀង​ប្រវត្តិសាស្ត្រ​ដើម្បី​ឈានទៅ​បញ្ចប់​ជម្លោះ​នេះ មានការ​ចូលរួម​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​លោក អា​ឡិច​ស៊ី​ស ត្ស៊ី​ប្រាស (Alexis Tsipras) និង​លោក សូ​រាន សា​អេ​វ (Zoran Zaev) រួមជាមួយ​តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ប្រមុខ​ការបរទេស​សហភាព​អឺរ៉ុប​លោកស្រី ហ្វឺ​ដឺ​រី​កា ម៉ូ​ញ៉េ​រ៉េ​នី (Federica Mogherini) ផងដែរ​។

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងពីរ ហើយ​វា​នឹងត្រូវ​បញ្ចូនទៅ​កាន់​សភា​ប្រទេស​ទាំងពីរ​ដើម្បី​បោះឆ្នោត​អនុម័ត​ដែរ​។​

​តាមពិតទៅ​ជម្លោះ​រឿង​ឈ្មោះ​នេះ វា​កើតឡើង​ដោយសារ​ក្រិ​កមាន​ខេត្ត​មួយ​ដែល​ឈ្មោះ ម៉ា​សេ​ដ្វា​ន​ដែរ (Greek Macedonia) ដែលជា​ទឹកដី​មាន​វប្បធម៌ អ​រី​យ​ធម៌ ភាសា​និង​ទំនៀមទម្លាប់​ពី​យូរលង់​ណាស់​មកហើយ​។ អ្វីដែល​សំខាន់​វា​ជា​ទឹកដី​កំណើត​របស់​ស្តេច អា​ឡិច​ហ្សា​ន់​ឌ័​រ ដឹក​ហ្ក្រេ​ត (Alexander The Great) ផងដែរ​។ ប្រជាជន​ក្រិ​ក​ជានិច្ច​ជា​កាល​បាន​ចោទប្រកាន់ថា ម៉ា​សេ​ដ្វា​ន ដែល​សម្រេច​យកឈ្មោះ​ដូចគ្នា​នឹង​ខេត្ត​ខ្លួន​នោះ​មាន​ចេតនា​មិនល្អ​ឡើយ​។​

​ក្នុង​ឆ្នាំ ១៩៩៤ បន្ទាប់ពី​មានការ​ប្រឈមមុខ​ដាក់​គ្នា​ខ្លាំង រដ្ឋាភិបាល​ក្រុង​អាថែន បានសម្រេច​ដាក់​ការហ៊ុមព័ទ្ធ​ពាណិជ្ជកម្ម​ប្រឆាំង​ក្រុង​ស្កូ​ប​ជេ និង​ប្រកាសថា គោលនយោបាយ​របស់រ​ដ្ឋ​ស្លា​វ (Slavic State) មួយ​នេះ​កំពុង​បង្កើត​គ្រោះថ្នាក់​ធំ​ដល់​ប្រទេស​ក្រិ​ក​ផង​។ ចាប់ពីពេលនោះ​មក​ប្រទេសជិតខាង​ទាំងពីរ​មើលមុខ​គ្នា​មិន​ចំឡើយ​ដោយសារតែ​ឈ្មោះ​នេះ ហើយ​ក្រិកតែង​ជំទាស់​ការចរចា​ចូល​ជា​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ និង​សហភាព​អឺរ៉ុប​របស់​ម៉ា​សេ​ដ្វា​ន​ជានិច្ច​។​

​ត្រឡប់មកវិញ កិច្ចព្រមព្រៀង​បឋម​នេះ​មាន​គោលដៅ ប្តូរ​ឈ្មោះ​រដ្ឋបាល់​កង់ និង​ជា​អតីត​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វីម៉ា​សេ​ដ្វា​ន​ទៅជា «​សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន​ខាងជើង​» (Republic of North Macedonia) វិញ​។ បើសិនជា​សមាជិកសភា​ប្រទេស​ទាំងពីរ​ព្រម​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​នេះ វា​ក៏​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋ​ម៉ា​សេ​ដ្វា​ន​នេះ​ក្លាយជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​សហភាព​អឺរ៉ុប​ដូចគ្នា​ដែរ​។​

​ប៉ុន្តែ​នៅ​ម៉ា​សេ​ដ្វា​ន វា​តម្រូវ​ឲ្យ​មាន​ធ្វើ​ប្រជាមតិ​មួយ​បន្ថែម​ពី​ការផ្តល់​សច្ចាប័ន​របស់​សភា ដោយសារតែ​ប្រទេស​នេះ​ចាំបាច់​ត្រូវ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ឈានទៅ​ប្តូរ​ឈ្មោះ​ប្រទេស​។ គេ​ចាំបាច់​ត្រូវ​កែ​ពាក្យ​យ៉ាងតិចណាស់ ១៥០ ដែរ​ក្នុង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​របស់​ម៉ា​សេ​ដ្វា​ន​។

​តាមពិតទៅ ម៉ា​សេ​ដ្វា​ន​ប្រកាស​ឯករាជ្យ​ពី​យូ​ហ្គោ​ស្លា​វី​នៅ​ឆ្នាំ ១៩៩១ ហើយ​ចាប់ពីពេលនោះ​មក​ប្រទេស​យ៉ាងតិចណាស់ ១៣០​លើ​ពិភពលោក​រួមទាំង​អាមេរិក រុស្ស៊ី និង​មហាអំណាច​ផ្សេង​ទៀតផង​នោះ​ទទួលស្គាល់​ឈ្មោះ «​អតីត​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី នៃ​ម៉ា​សេ​ដ្វា​ន​»​។ ដូច្នេះហើយ​បានជា​អ្នកនយោបាយ​ដែល​ភាគច្រើន​ជា​អ្នក​អភិរក្ស​នោះ​ទិតៀន​រដ្ឋាភិបាល​ម៉ា​សេ​ដ្វា​ន​ដែល​ព្រម​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ក្រិ​ក និង​ចោទថា​នាយករដ្ឋមន្ត្រី​ខ្លួន​ក្បត់ជាតិ​។

-​ចលនា​បាតុកម្ម​ផុសផុល​ទាំងសងខាង​ប្រឆាំង​កិច្ចព្រមព្រៀង​ប្តូរ​ឈ្មោះ​ប្រទេស​
​ថ្វីបើ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​សហគមន៍​អន្តរជាតិ​សាទរ​ការសម្រេចបាន​ជំហាន​ប្រវត្តិសាស្ត្រ​ក្នុងការ​ឈានទៅ​បញ្ចប់​ជម្លោះ​រវាង​ប្រទេសជិតខាង​ក៏ដោយ ប្រជាជន និង​អ្នកនយោបាយ​ជាពិសេស​បក្សប្រឆាំង​មាន​និន្នាការ​ជាតិនិយម​តែង​ជំទាស់​កិច្ចព្រមព្រៀង​នេះ​។ គេ​ឃើញ​ចលនា​បាតុកម្ម​កើតឡើង​ង​ទាំង​នៅ​ម៉ា​សេ​ដ្វា​ន និង​នៅ​ប្រទេស​ក្រិ​ក​ផង ដើម្បី​ប្រឆាំងនឹង​ការចុះ​កិច្ចព្រមព្រៀង​នេះ​។​

​និយាយ​ទៅ ប្រជាជន​ក្រិ​ក​ដែល​ជំទាស់​កិច្ចព្រមព្រៀង​នេះ​យល់ឃើញថា ទោះ​មានការ​កែប្រែ​ឈ្មោះ​មែន តែ​វា​នៅតែមាន​ពាក្យ «​ម៉ា​សេ​ដ្វា​ន​» ដដែល ហើយ​កិច្ចព្រមព្រៀង​នេះ​ក៏មាន​ការទទួលស្គាល់​ជនជាតិ​ជនជាតិ​និង​ភាសា​ជា​ផ្លូវការ​ដែរ​។ សម្រាប់​ប្រជាជន​ក្រិ​ក ម៉ា​សេ​ដ្វា​ន​មាន​តែមួយ​ប៉ុណ្ណោះ​ពោលគឺ​អាណាខេត្ត​របស់​ក្រិ​ក​ដែលមាន​ប្រវត្តិសាស្ត្រ​យូរអង្វែង ហើយ​វា​ក៏​មិន​ត្រូវមាន​នៅទីណា​ផ្សេងទៀត​ដែរ​។ ដូច្នេះ​ការចរចា​ពាក់ព័ន្ធ​នឹង​ឈ្មោះ​នោះ​គឺ មិនចាំបាច់​មាន​ឡើយ​។​

​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ម៉ា​សេ​ដ្វា​ន​នេះ​ស្ទើរតែ​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី អា​ឡិច​ស៊ី​ស ត្ស៊ី​ប្រាស​អស់តំណែង​ទៅហើយ​កន្លងមក​។ លោក ត្ស៊ី​ប្រាស ដែល​ទើបតែ​រួច​ផុតពី​ការបោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ក្នុង​សភា កំពុង​ព្យាយាម​ទទូច​ឲ្យ​អ្នកនយោបាយ​ក្នុង​រដ្ឋាភិបាលចម្រុះ​រប​ស់លោក​គាំទ្រ​កិច្ចព្រមព្រៀង​បង្កើត​សន្តិភាព និង​យក​អតីតកាល​ទុក​មួយ​ឡែក​សិន​។ អ្នកនយោបាយ​រូបនេះ​ក៏​ព្យាយាម​ការពារ​កិច្ចព្រមព្រៀង​ដែល​លោក បង្កើតឡើង​ដែរ​ដោយ​លោក​អះអាងថា យ៉ាងហោចណាស់ រដ្ឋ​ម៉ា​សេ​ដ្វា​ន​នឹងមាន​ឈ្មោះ​ថ្មី​ដែល​កំណត់​ពី​ទីតាំង​ភូមិសាស្ត្រ​ច្បាស់លាស់​មិន​ច្រឡំ​គ្នា​គឺ «​ម៉ា​សេ​ដ្វា​ន​ខាងជើង​»​។

​ចំណែក នៅ​ម៉ា​សេ​ដ្វា​ន​វិញ ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ វា​មានការ​ចលនា​ជំទាស់​កិច្ចព្រមព្រៀង​នេះ​ផុសផុល​ដែរ​ដោយ​ពួកគេ​ប្រកាសថា ម៉ា​សេ​ដ្វា​ន​មិនត្រូវ​បោះបង់​ឈ្មោះ​របស់ខ្លួន​ឡើយ​។ បើតាម​របាយការណ៍​ស្ទង់​មតិ​ចុះផ្សាយ​ក្នុង​វិទ្យុ​អឺរ៉ុប​សេរី (Radio Free Europe) ប្រជាជន​ម៉ា​សេ​ដ្វា​ន ៤៥ ភាគរយ​សុខចិត្ត​លះបង់​សមាជិកភាព​ក្នុង​សហភាព​អឺរ៉ុប និង​ណា​តូ ដើម្បី​រក្សា​ឈ្មោះ​ដើម​របស់ខ្លួន​ដែរ​។

 ក្រៅពី​ប្រជាជន និង​អ្នកនយោបាយ​បក្សប្រឆាំង ប្រធានាធិបតី​ម៉ា​សេ​ដ្វា​ន​លោក ច​ច អ៊ី​វ៉ា​នូវ (Gjorge Ivanov) បានប្រកាស​ហើយ​ថា លោក​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ដូចគ្នា​។ ជារួម កិច្ចព្រមព្រៀង​ដែល​នឹង​អាច​ផ្តល់​សច្ចាប័ន​ដោយ​សភា​ម៉ា​សេ​ដ្វា​ន​នេះ នឹងត្រូវ​បញ្ជូន​បន្តទៅ​ការិយាល័យ​ប្រធានាធិបតី​ដើម្បី​ចុះហត្ថលេខា​ដាក់​អនុវត្ត​។​
 ក្នុងករណី​ដែល​ប្រធានាធិបតី​បដិសេធ​នោះ វា​នឹងត្រូវ​រុញ​ត្រឡប់​ទៅកាន់​សភា​វិញ​ដើម្បី​បោះឆ្នោត​ម្តងទៀត​។ លើក​នេះ បើសិនជា​សភា​ម៉ា​សេ​ដ្វា​ន​បោះឆ្នោត​ផ្តល់​សច្ចាប័ន​ជាថ្មីទៀត​បា​ន​ជោគជ័យ ប្រធានាធិបតី អ៊ី​វ៉ា​នូវ គ្មាន​អំណាច​បដិសេធ​ចុះហត្ថលេខា​ទៀត​ទេ​។ ប៉ុន្តែ​គេ​មិនអាច​ទាយ​ដឹងថា វា​នឹង​ទៅជា​យ៉ាងណា​ឡើយ ប៉ុន្តែ​វា​ហាក់ដូចជា​លំបាក​បន្តិច​ហើយ​សម្រាប់​នាយករដ្ឋមន្ត្រី សូ​រាន សា​អេ​វ​៕


Tag:
 ម៉ា​សេ​ដ្វា​ន​
  ក្រិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com