អន្តរជាតិ
វៀតណាម​បញ្ឈប់​ការជជែក​ពិភាក្សា​លើ​ច្បាប់​ជូ​ល​ដី​វិនិយោគ​បន្ទាប់ពី​មានការ​បាតុកម្ម​ប្រឆាំងនឹង​ការវិនិយោគ​ចិន
20, Jun 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​តៃប៉ិ ៖ ដោយសារ​មានការ​ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា​ពី​ប្រជាជន អ្នកតាក់តែង​ច្បាប់​វៀតណាម បានសម្រេច​ផ្អាក​ការជជែក​ពិភាក្សា​អំពី​ច្បាប់​វិនិយោគ​ថ្មី​ដែល​នឹង​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែល​ភាគច្រើន​ជា​វិនិយោគិន​ចិន អាច​ជួល​ដី​បាន​រហូតដល់ ៩៩​ឆ្នាំ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៣​។ រដ្ឋសភា​វៀតណាម​បាន​ពិភាក្សា​អំពី​ច្បាប់​នេះ តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ មកម្ល៉េះ​។



​បាតុកម្ម​បានក្លាយ​ទៅជា​កុប្បកម្ម​នៅពេលដែល​មានការ​ប៉ះទង្គិច​គ្នា​ជា​ហិង្សា​រវាង​បាតុករ​និង​ប៉ូលិស​។ ពួក​បាតុករ​បាន​បិទ​កាន់កាប់​ការិយាល័យ​រដ្ឋាភិបាល ហើយ​បាន​ដុត​រថយន្ត​ប៉ូលិស​រាប់សិប​គ្រឿង និង​បំផ្លាញ​ឧបករណ៍ប្រើប្រាស់​ក្នុង​ការិយាល័យ​ជាច្រើន​។ មន្ត្រី​នានា​បាន​រត់​ភៀសខ្លួន​រក​សុវត្ថិភាព​។​

​លោក Trung Nguyen ដែលជា​ព្រឹទ្ធបុរស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ហូជីមិញ​ក្នុងប្រទេស​វៀតណាម​និយាយថា បាតុករ​ព្រួយបារម្ភ​ថា​ការជួល​ដី​រយៈពេល ៩៩​ឆ្នាំ នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ឥទ្ធិពល​ចិន​ក្នុងប្រទេស​វៀតណាម​។ លោក​ថ្លែងថា​៖ «​ពួកគេ​គិតថា ចិន​អាច​ទិញ​ក្បាល​រដ្ឋាភិបាល​បាន ហើយ​នោះ​ជា​បញ្ហា​»​។​

​លោក Maxfield Brown ដែលជា​សហការី​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Dezan Shira & Associates នៅ​ទីក្រុង​ហូជីមិញ មានប្រសាសន៍ថា​៖

«​ប្រសិនបើ​អ្នកមើល​ការស្ទង់មតិ​ប្រជាជន ជនជាតិ​វៀតណាម​ទូទៅ​មិន​ចូលចិត្ត​ទទួល​ឥទ្ធិពល​ពី​ចិន​ជាង​ពី​កន្លែង​ណា​ផ្សេងទៀត​ទាំងអស់ ហើយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​រឹតតែ​ធ្វើ​ឲ្យ​ការមិន​ចូលចិត្ត​ឥទ្ធិពល​ចិន​នេះ​កាន់តែខ្លាំង​ឡើង​»​។​

​ជនជាតិ​វៀតណាម​មិន​ពេញចិត្ត​ប្រទេស​ចិន ដោយសារ​ជម្លោះ​ដែនដី​ដែល​កើតឡើង​រាប់​សតវត្សរ៍ ហើយ​ជម្លោះ​ថ្មីៗ​រួមមាន​សង្គ្រាម​នៅតាម​ព្រំដែន​ក្នុង​ទសវត្សរ៍​១៩៧០​និង​វិវាទ​ដែនសមុទ្រ​ដែល​កំពុង​បន្ត​។ ទាំង​វៀតណាម​និង​ចិន បានទាមទារ​ដែនទឹក​ជាន់គ្នា​មួយចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​សម្បូរ​ទៅដោយ​ធនធាន​។​

​ភាពភ័យខ្លាច​ការគ្រប់គ្រង​របស់​ចិន​

​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បានស្នើ​ឡើង​មួយ ស្ថិតនៅ​ជិត​ព្រំដែន​ជាមួយ​ចិន​។ លោក Frederick Burke ដែលជា​ដៃគូ​របស់​ក្រុមហ៊ុន​ច្បាប់ Baker McKenzie នៅ​ទីក្រុង​ហូជីមិញ​បាន​ថ្លែងថា​៖ «​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងបី អាច​នឹង​ផ្តោតលើ​ការវិនិយោគ​វិស័យ​ទេសចរណ៍ ជាជាង​សេដ្ឋកិច្ច​ចម្បង​របស់​វៀតណាម ដែលជា​វិស័យ​ផលិតកម្ម​»​។​

​លោក Burke ថ្លែងថា​៖

«​ខ្ញុំ​មិន​គិតថា វា​ពិតជា​ផ្តោតលើ​វិស័យ​ដូចជា ផលិតកម្ម វិនិយោគ និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នោះទេ​។ នេះ​ជា​អ្វីដែល​ខុសពី​គេ​»​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua បាន​និយាយថា ភ្ញៀវទេសចរ​ចិន​មកកាន់​ប្រទេស​វៀតណាម​មាន​ចំនួន​ប្រហែល ៤​លាន​នាក់ កាលពី​ឆ្នាំ​២០១៧ នេះ​គឺ​កើនឡើង ៤៩​ភាគរយ ពី​ឆ្នាំ​២០១៦​។ លោក Burke និយាយថា​ភ្ញៀវទេសចរ​ចិន​តែងតែ​កក់​បន្ទប់​សណ្ឋាគារ​ម្តងៗ​ក្នុង​ចំនួន​ច្រើន ហើយ​ជួនកាល​បង្អាក់​មិន​ឲ្យ​ភ្ញៀវទេសចរ​មកពី​រុស្ស៊ី អឺរ៉ុប និង​អាមេរិក​ខាងជើង​អាច​កក់​បន្ទប់​បាន​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏បាន​សម្លឹង​ចង់​ឲ្យ​ប្រទេស​វៀតណាម​ចូលរួម​ក្នុង​គម្រោង «​ខ្សែក្រវ៉ាត់​និង​ផ្លូវ​» ក្នុង​៦៥​ប្រទេស​របស់ខ្លួន​ផងដែរ ហើយ​បាន​បង្កើន​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​នឹង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទៅមុខ​។ ប្រទេស​ចិន​កំពុង​រៀបចំ​ផែនការ​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ទៅកាន់​ព្រំដែន​វៀតណាម​។ ថវិកា​ចិន​មាន​ចំនួន ៦,៨ ភាគរយ​នៃ​ការវិនិយោគ​បរទេស​សរុប​ក្នុងប្រទេស​វៀតណាម​។​

​ផលវិបាក​សេដ្ឋកិច្ច​

​លោក Brown ថា​សេចក្តីព្រៀងច្បាប់​នេះ​មិនបាន​បញ្ជាក់​អ្វី​អំពី​ប្រទេស​ចិន ឬ​ស្នើ​បង្កើត​គោលការណ៍​លើកទឹកចិត្ត​នានា​សម្រាប់​អ្នក​វិនិយោគិន​ចិន​នោះទេ​។ ប៉ុន្តែ​ក្រុមអ្នកវិភាគ​និយាយថា មន្ត្រី​រដ្ឋាភិបាល​គិតថា​ពួកគេ​ចាំបាច់​ត្រូវ​ធ្វើការ​ជាមួយ​ក្រុមបាតុករ​។ ដូច្នេះ​កាល​ថ្ងៃ​ចន្ទ ទី​១១ ខែមិថុនា​៨៧​ភាគរយ​នៃ​សមាជិកសភា​វៀតណាម​បាន​ព្រមព្រៀង​ពន្យារពេល​ការជជែក​វែកញែក​លើ​សេចក្តីព្រៀងច្បាប់​នេះ រហូតដល់​សម័យប្រជុំ​ពេញអង្គ​មួយ​នៅក្នុង​ខែតុលា​។​

​លោក Nguyen ថ្លែងបន្តថា​៖

«​ឥឡូវនេះ ពួកគេ​កំពុង​ដកថយ​មួយ​ជំហាន ពីព្រោះ​បាតុកម្ម​ប្រៀបដូចជា​ការភ្ញាក់ផ្អើល​មួយ​ចំពោះ​ពួកគេ​។ ពួកគេ​មិនអាច​វាយតម្លៃ​ទំហំ​និង​កម្លាំង​នៃ​បាតុកម្ម​ប្រឆាំង​ទាំងនេះ​បានទេ​»​។​

​គេហទំព័រ​ព័ត៌មាន TuoiTre News របស់​វៀតណាម​បាន​ឲ្យ​ដឹងថា បទបញ្ញត្តិ​ផ្តល់​សិទ្ធិ​ជួល​នឹង​ត្រូវបាន​កែសម្រួល​ឡើងវិញ​។ លោក Nguyen មានប្រសាសន៍ថា​៖ «​ខ្ញុំ​គិតថា ពួកគេ​អាច​សម្របសម្រួល​បន្តិច​បន្តួច​»​។​

​លោក Brown និយាយថា​ច្បាប់​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​សាធារណជន​បន្ថែមទៀត ប្រសិនបើ​តំបន់​សេដ្ឋកិច្ច​ពិសេស​អាច​ទាញ​ការចាប់អារម្មណ៍​ពី​វិនិយោគិន​ពី​ប្រទេស​ផ្សេងៗ​ក្រៅពី​ចិន ក្នុងការ​មក​ជួល​ដី​។​

​លោក Adam McCarty ដែលជា​ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន Mekong Economics នៅ​រដ្ឋធានី​ហាណូយ​បាន​ថ្លែងថា តំបន់​សេដ្ឋកិច្ច​ពិសេស «​ត្រូវតែមាន​ភាព​ទាក់ទាញ​នៅ​ទូទាំង​ពិភពលោក​»​។ ពួកគេ​ប្រហែល​អាចដាក់​បញ្ចូល​ការបញ្ចុះ​ពន្ធ និង​ការ​បញ្ចុះតម្លៃ​សម្រាប់​អ្នកវិនិយោគ ក៏ដូចជា​សម្រាប់​កិច្ចព្រមព្រៀង​ជួល​នានា​ផងដែរ​។ ប្រទេស​ចិន​បាន​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន ចាប់តាំងពី​ឆ្នាំ ១៩៧៩ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

​លោក McCarty ពន្យល់ថា​៖

«​អ្វីដែល​សំខាន់បំផុត​អំពី​តំបន់​សេដ្ឋកិច្ច​ពិសេស​គឺថា តំបន់​ទាំងនោះ​មិនគួរ​ជាការ​ខាតបង់​ថវិកា​ប្រចាំឆ្នាំ​របស់​រដ្ឋ​នោះទេ ហើយ​ទី​ពីរ តំបន់​ទាំងនោះ មិនគួរ​រំខាន​រដ្ឋាភិបាល​ជាតិ​ក្នុង​ការកែលម្អ​បរិយាកាស​អាជីវកម្ម​ទាំងមូល​នៅក្នុង​ប្រទេស​នោះទេ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com