អន្តរជាតិ
មហា​ធៀ​៖ បទល្មើស​កេងប្រវ័ញ្ច​, សូកប៉ាន់​លុយ​រដ្ឋ​...​ស្ថិតក្នុង​បណ្តឹង​ប្រឆាំង​លោក ណា​ជីប​
20, Jun 2018 , 7:39 pm        
រូបភាព
​បទល្មើស​កេងប្រវ័ញ្ច និង​សូកប៉ាន់​លុយ​របស់​រដ្ឋ​ស្ថិតក្នុង​ចំណោម​បទល្មើស​ដែល រដ្ឋាភិបាល​ម៉ាឡេស៊ី​បច្ចុប្បន្ន​រៀបចំ​ប្តឹង​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​។ បណ្តឹង​នេះ​ត្រូវបាន​រៀបចំឡើង​ភ្លាមៗ​ក្រោយ​មានការ​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​មួយ​លើ​ករណី​ពុករលួយ​ក្នុង​មូលនិធិ​រដ្ឋ 1MDB​។



​ការ​បោសសម្អាត​អំពើពុករលួយ និង​ទាមទារ​ត្រឡប់​វិញ​លុយ​រដ្ឋ​ក្នុង​មូលនិធិ 1MDB ដែល​ត្រូវគេ​កិបកេង​ជា​គោលដៅ​ធំ​បំផុត​របស់​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ក្រោយ​ឈ្នះ​ការបោះឆ្នោត​សាកល​កាលពី​ខែ​មុន​។ នៅពេលនេះ រដ្ឋាភិបាល​ថ្មី​កំពុង​រៀបចំ​បណ្តឹង​នានា​ប្រឆាំង​បណ្តា​អ្នកនយោបាយ​ដែល​ពាក់ព័ន្ធ​ករណី​ពុករលួយ​មូលនិធិ​រដ្ឋ​នេះ​។

​លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទី ៧ បានបញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ក្រុម​ស៊ើបអង្កេត​លើ​ករណី​ពុករលួយ 1MDB បានកំណត់​មុខសញ្ញា​ដែល​ពាក់ព័ន្ធ​ច្បាស់លាស់​ហើយ​។ លោក​បង្ហើប​ថា លោក ណា​ជីប រ៉ា​ហ្សា​ក់ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ជា​តួអង្គ​ស្នូល​ក្នុងករណី​កិបកេង​លុយ និង​ធ្វើ​ឲ្យ​បាត់បង់​បាត់បង់​ទ្រព្យ​រដ្ឋ​រាប់ពាន់​លាន​កន្លងមក​។​

​នាយករដ្ឋមន្ត្រី​វ័យ ៩២ ឆ្នាំ​រូបនេះ​បន្តថា ពឹង​ផ្អែកលើ​ការស៊ើបអង្កេត​នេះ បទល្មើស​ស៊ីសំណូកសូកប៉ាន់ និង កេងប្រវ័ញ្ច​លុយ​រដ្ឋ​ស្ថិតក្នុង​ចំណោម​បទល្មើស​ផ្សេងទៀត​ដែល​រដ្ឋាភិបាល​លោក​ប្តឹង​លោក ណា​ជីប រ៉ា​ហ្សា​ក់​។ 

 «​លោក ណា​ជីប ទទួលខុសត្រូវ​ទាំងស្រុង​លើ​ករណី​មូលនិធិ 1MDB​។ គ្មាន​អ្វីដែល​កើតឡើង​ដោយ​គ្មាន​ការយល់ព្រម​ពី​គាត់​ឡើយ ហើយ​យើង​ឃើញ​ហត្ថលេខា​របស់លោក ណា​ជីប លើ​រាល់​កិច្ចព្រមព្រៀង​ដែល​ពាក់ព័ន្ធ​នឹង​មូលនិធិ​នេះ​។ ដូច្នេះហើយ​គាត់​ជា​អ្នកទទួលខុសត្រូវ​»​។ លោក មហា​ធា អះអាង​ដូច្នេះ​។​

​លោក មហា​ធៀ បន្ថែមថា​៖«​បទល្មើស​ដែលមាន​ក្នុង​បណ្តឹង​មាន​កេងប្រវ័ញ្ច លួច​លុយ​រដ្ឋ ធ្វើ​ឲ្យ​បាត់​បង់លុយ​រដ្ឋ ប្រើប្រាស់​លុយ​រដ្ឋ​ដើម្បី​សូកប៉ាន់ និង​បទល្មើស​ផ្សេងទៀត​ជាច្រើន​ទៀត​»​។​

​បង្កើត​ក្នុង​ឆ្នាំ​២០០៩ មូលនិធិ 1MDB មាន​គោលដៅ​ប្រែក្លាយ​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ និង​ជំរុញ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការវិនិយោគ​យុទ្ធសាស្ត្រ​។  ក្រសួងយុត្តិធម៌​អាមេរិក​ដែល​ស្ថិតក្នុង​ការស៊ើបអង្កេត​ករណីនេះ​កន្លងមក​ក៏​រកឃើញ​ផងដែរ​លុយ ៤,៥ ពាន់​លាន​ដុល្លារ​ត្រូវបាន​គេ​លួច​ចេញពី​មូលនិធិ​។

​នៅ​ឆ្នាំ ២០១៣ គេ​សង្ស័យថា លុយ ៦៨១ លាន​ដុល្លារ នៃ​មូលនិធិ​នេះ ត្រូវបាន​ផ្ទេរ​ទៅកាន់​គណនី​ធនាគារ​របស់លោក ណា​ជីប ទៀត​។ ប៉ុន្តែ​លោក​បាន​បដិសេធ​ការចោទប្រកាន់​នេះ​រហូតមក​ដោយ​អះអាងថា លុយ​ជិត ៧០០​លាន​ដុល្លារ​នោះ​ជា​អំណោយ​របស់​រាជរ​ង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​ឲ្យ​លោក​ប៉ុណ្ណោះ​។  

​ក្រោយ​ចាញ់ឆ្នោត លោក ណា​ជីប ត្រូវបាន​រដ្ឋាភិបាល​លោក មហា​ធៀ ដាក់​បម្រាម​ចាក​ចេញពី​ប្រទេស និង មាន​ការចុះ​ឆែកឆេរ​ផ្ទះ និង​ខុន​ដូ​ជាច្រើន​កន្លែង​ពាក់ព័ន្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី​នេះ​ផងដែរ​។ លោក មហា​ធៀ ក៏​បញ្ជាក់​ផងដែរ​ថា លោក​មិនមែន​កំពុង​សងសឹក​មេដឹកនាំ​មុន​ទេ ប៉ុន្តែ​លោក​កំពុង​អនុវត្ត​គោលការណ៍​នីតិរដ្ឋ​ដែល​មានន័យថា អ្នកធ្វើ​ខុសត្រូវ​ទទួលទោស ហើយ​បើ​មិនមាន​កំហុស​រួចខ្លួន​។

​ក្នុង​បទសម្ភាសន៍​ដដែល លោក មហា​ធៀ បង្ហើប​ថា​លោកស្រី Rosmah ភរិយា​លោក​ណា​ជីប ក៏​ស្ថិតក្រោម​ការស៊ើបអង្កេត​ដូចគ្នា​ព្រោះ​លោកស្រី​មាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​មូលនិធិ​នេះ​។ គេ​សង្ស័យថា លុយ​មួយចំនួន​រត់​ចូល​កាបូប​អតីត​ស្ត្រី​ទីមួយ​នេះ ប៉ុន្តែ​លោក មហា​ធៀ ជឿជាក់ថា វា​លំបាក​បន្តិច​ក្នុងការ​បកអាក្រាត​ករ​ណី​នេះ​ព្រោះ​រាល់​ឯកសារ​មានតែ​ហត្ថលេខា​លោក ណា​ជីប ប៉ុណ្ណោះ​។​

-​មហា​ធៀ​៖ ពុករលួយ​ត្រូវ​កាត់ទោស​! គ្មាន​កិច្ចព្រមព្រៀង​លើកលែង​ណាមួយ​ត្រូវបង្កើត​ឡើង​ឡើយ​
​លោក មហា​ធៀ រំពឹងថា ការចាប់ខ្លួន​អាច​នឹងធ្វើ​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ក្រោយ​បញ្ចប់​ការស៊ើបអង្កេត​ពេញលេញ​ជា​ផ្លូវការ ហើយ​លោក​សង្ឃឹមថា ការកាត់ក្តី​នឹង​អាច​រៀបចំឡើង​បាន​នៅ​ចុង​ឆ្នាំនេះ បើ​គ្មានអ្វី​ប្រែប្រួល​ទេ​។

​ពេល​អ្នកសារព័ត៌មាន​សួរថា តើ​អ្នកណាខ្លះ​មានឈ្មោះ​ក្នុង​បណ្តឹង​រដ្ឋាភិបាល​នេះ លោក មហា​ធៀ ឆ្លើយថា វា​មានដូចជា​លោក ណា​ជីប​, លោក Jho Low និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​ដែរ​។ លោក Low ត្រូវបាន​គេ​ស្គាល់​ថា​ជា ហិ​រ​ញ្ញិ​ក​ម៉ាឡេស៊ី ដែលជា​តួអង្គ​សំខាន់​មួយ​ដែរ​ក្នុង​សំណុំរឿង​ពុករលួយ 1MDB​។ លោក​ក៏​ជាម​នុស្ស​ជំនិត​របស់លោក ណា​ជីប និង​ក្រុមគ្រួសារ​លោក​ផងដែរ​។​

​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ លោក មហា​ធៀ បាន​រៀបរាប់ថា លោក Low បាន​លួច​ទាក់ទង​ទៅ​លោក​ផ្ទាល់​ដើម្បី​ស្នើសុំ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​មួយ​ផង ដោយ​លោក​សន្យា​ផ្តល់​ព័ន្ធ​សំខាន់​ពាក់ព័ន្ធ​នឹង​មូលនិធិ​ខាងលើ​។ ជា​ថ្នូរ​មកវិញ រដ្ឋាភិបាល​ត្រូវ​ផ្តល់​អភ័យឯកសិទ្ធិ​ពិសេស​ឲ្យ​លោក​រួចខ្លួន​ពី​ការកាត់ទោស​នានា​ផងដែរ​។ ប៉ុន្តែ លោក មហា​ធៀ បាន​បដិសេធ​រាល់​ការស្នើសុំ​នេះ ហើយ​លោក​បញ្ជាក់ថា ទោះ​លោក ណា​ជីប មក​ស្នើសុំ​បង្កើត​កិច្ចព្រមព្រៀង​ណាមួយ​ក៏​លោក​នៅតែ​បដិសេធ​ដែរ​។​

​ក្នុងការ​ឃោសនាបោះឆ្នោត គោលនយោបាយ​ធំ​បំផុត​របស់លោក មហា​ធៀ គឺ​គាស់​រំលើង​អំពើពុករលួយ​ក្នុង​ស្ថាប័ន​ដឹកនាំ​ម៉ាឡេស៊ី និង​ដាក់​ទោសទណ្ឌ​រាល់​អ្នកនយោបាយ​ដែល​កិបកេង​លុយ​រដ្ឋ​ដើម្បី​បម្រើ​ប្រយោជន៍​និង​ភាពមានបាន​ផ្ទាល់ខ្លួន​ផង​។​

​ទាក់ទិន​នឹង​ការ​ឈានទៅ​កាត់ទោស​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងនោះ លោក មហា​ធៀ ក៏​សង្ឃឹម​ទាញ​បាន​លុយ​ច្រើន​ដែល​បាន​បាត់បង់​នោះមក​វិញ​ដែរ ហើយ​ធនាគារ និង​ក្រុមហ៊ុន​វិនិយោគ​មួយចំនួន​ក៏​នឹង​អាច​រង​បណ្តឹង​ផងដែរ​ដោយសារ​ពួកគេ​ទាញ​បាន​ប្រយោជន៍​មូលនិធិ 1MDB ដូចគ្នា​។

​ចាប់តាំងពី​ជាប់ឆ្នោត​កាលពីដើម​ខែឧសភា លោក មហា​ធៀ ដែល​នឹងមាន​អាយុ ៩៣ ឆ្នាំ​នៅ​ខែកក្កដា​នេះ​បន្តធ្វើ​ការងារ​យ៉ាង​សស្រាក់​ស្រាំ​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​។ អ្នក​ជំនិត​និង​អ្នកនយោបាយ​ក្នុង​សម្ព័ន្ធ​បក្ស Pakatan Harapan អះអាងថា ចាប់ពី​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង លោក មហា​ធៀ ធ្វើ​ការងារ​ច្រើន​ម៉ោង​រៀងរាល់ថ្ងៃ​។  
 
​លោក មហា​ធៀ ថ្លែងប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផងដែរ​ថា ការងារ​ជា​នាយករដ្ឋមន្ត្រី​ពេលនេះ​លំបាក​ជា​ពីមុន​ជាពិសេស​ការកសាង​ធនធានមនុស្ស​ដឹកនាំ និង​ក្រសួង​ស្ថាប័ន​ជា​សេនាធិការ​រដ្ឋាភិបាល​។

​លោក​អះអាងថា​៖ «​ពីមុន ពេល​ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ត្រី រចនាសម្ព័ន្ធ​ក្បាលម៉ាស៊ីន​ដឹកនាំ​មិនមាន​ខូចខាត​តេ​។ ពេលនេះ ខ្ញុំ​ត្រូវបង្កើត​រដ្ឋាភិបាល​ថ្មី​ដោយមាន​បញ្ចូល​មនុស្ស​គ្មាន​បទពិសោធន៍​ដឹកនាំ​។ ហើយ​ខ្ញុំ​រកឃើញថា ក្រសួង និង​នាយកដ្ឋាន​ទាំងអស់​ក្លាយជា​កន្លែង​ប្រព្រឹត្ត​អំពើពុករលួយ​ទៀត​»៕


Tag:
 ​មហា​ធៀ មហា​ម៉ា​
  1MDB
  ណា​ជីប រ៉ា​ហ្សា​ក់
© រក្សាសិទ្ធិដោយ thmeythmey.com