អន្តរជាតិ
ប្រាយុទ្ធ ទៅអឺរ៉ុប តែមិនខ្វល់ពីអតីតនាយករដ្ឋមន្ត្រីត្រកូល ស៊ីណាវ៉ាត់ លាក់ខ្លួននៅអឺរ៉ុបឡើយ លោក ប្រាយុទ្ធ ចន្ទអូចា នាដំណើរទស្សនកិច្ចនៅបរទេសកន្លងមក
× មេដឹកនាំរបបយោធាថៃលោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២០ ខែមិថុនា នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសតំបន់អឺរ៉ុបពីរ គឺអង់គ្លេស និងបារាំង។ យ៉ាងណាមិញ សំណុំរឿងអ្នកនយោបាយត្រកូល ស៊ីណាវ៉ាត់ ដែលសុំសិទ្ធិជ្រកកោននៅអង់គ្លេស មិនមែនជាប្រធានបទសំខាន់ឡើយ។ លោក ប្រាយុទ្ធ និយាយថា ទស្សនកិច្ចរបស់លោកពេលនេះ ផ្ដោតសំខាន់លើការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មតែប៉ុណ្ណោះ។
នៅថ្ងៃពុធទី ២០ ខែមិថុនា នាយករដ្ឋមន្ត្រីថៃលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា នឹងជួបពិភាក្សាជាមួយសមភាគីអង់គ្លេសលោកស្រី ថេរ៉េសា ម៉េយ៍ (Theresa May) ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អឺរ៉ុប។ បន្ទាប់ពីចាកចេញពីអង់គ្លេស ទើបលោក ប្រាយុទ្ធ បន្តដំណើរទៅទស្សនកិច្ចនៅប្រទេសបារាំងផងដែរ។
មុនហោះហើរទៅអង់គ្លេស លោក ប្រាយុទ្ធ បានបដិសេធមិនចង់និយាយរឿងធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ និង យីងឡាក់ ស៊ីណាវ៉ាត់ ដើម្បីកាត់ទោសនៅថៃឡើយ។ អង់គ្លេសជាទីដែលលោកស្រី យីងឡាក់ ត្រូវរាយការណ៍ថា បានទទួលទិដ្ឋាការចេញចូលរយៈពេល១០ឆ្នាំឯណោះ។ អតីតនាយករដ្ឋមន្ត្រីរូបនេះបានភៀសខ្លួនទៅកាន់រដ្ឋអឺរ៉ុបដើម្បីគេចពីការកាត់ទោសក្នុងសំណុំរឿងពុករលួយកម្មវិធីទិញស្រូវ។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក ប្រាយុទ្ធ នឹងផ្ដោតសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទាក់ទាញអ្នកវិនិយោគពីអឺរ៉ុបទៅរកស៊ីនៅថៃ។ ប៉ុន្តែនាយករដ្ឋមន្ត្រីរូបនេះក៏អាចជួបបញ្ហាប្រឈមមុខផ្សេងទៀតដែរ ជាពិសេសការទាមទារឲ្យអឺរ៉ុបលើកយកបញ្ហសិទ្ធិមនុស្ស។ គេក៏មិនទាន់ច្បាស់ថា រដ្ឋអឺរ៉ុបទាំងពីរនឹងលើកឡើងពីបញ្ហានេះឬយ៉ាងណាដែរ ដ្បិតពាណិជ្ជកម្មថៃ និងបារាំង ឬអង់គ្លេសជារឿងអាទិភាព មិនមែនប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សឡើយ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ លោក ប្រាយុទ្ធ ក៏នឹងត្រូវបានស្វាគមន៍ដោយក្រុមអ្នកតវ៉ាជាច្រើនផងដែរ។ ដោយមិនបារម្ភពីបាតុកម្ម មេដឹកនាំរបបយោធាថៃចាត់ទុកផែនការជួបជុំប្រឆាំងរូបលោកជាសិទ្ធិរបស់អ្នកតវ៉ា ហើយម្យ៉ាងប្រទេសម្ចាស់ផ្ទះក៏មានច្បាប់ធ្វើឲ្យទស្សនកិច្ចនេះដំណើរការរលូនដែរ។ លោកប្រាប់អ្នកតវ៉ាឲ្យទុកឱកាសឲ្យលោកមានទស្សនកិច្ចល្អដើម្បីធានាដល់បរទេសឲ្យជឿលើបញ្ហាផ្សេងៗដូចជាសេដ្ឋកិច្ចជាដើម។
នៅក្រុងឡុងដ៏ ជំនួបទ្វេភាគីជាមួយលោកស្រី ម៉េយ៍ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រធានបទសំខាន់។ លោក ប្រាយុទ្ធ នឹងជួបអ្នកជំនួញថៃរកស៊ីនៅអង់គ្លេស និងក្រុមហ៊ុនអង់គ្លេសផង។ នៅបារាំងវិញលោក ប្រាយុទ្ធ នឹងធ្វើជាអធិបតីក្នុងការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Airbus ជាមួយក្រុមហ៊ុនអាកាសចរណ៍ថៃ Airways ដើម្បីឈានទៅបើកកន្លែងថែទាំ និងជួសជុលយន្តហោះនៅព្រលានយន្តហោះ U-tapao និងកិច្ចព្រមព្រៀងទិញផ្កាយរណបអង្កេតការណ៍ពីក្រុមហ៊ុន Airbus ដូចគ្នាដែលមានតម្លៃ ២១៥លានដុល្លារ៕
Tag:
ថៃ
អឺរ៉ុប
ប្រាយុទ្ធ ចន្ទអូចា
ថាក់ស៊ីន ស៊ីណាវ៉ាត់
យីងឡាក់ ស៊ីណាវ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com