អន្តរជាតិ
មហា​ធៀ សន្យា​ផ្តល់​ការអនុគ្រោះ​ពន្ធ​ពិសេស​ដល់ក្រុមហ៊ុន​បរទេស​ដែល​អាចបង្កើត​ការងារ​សម្រាប់​បញ្ញវន្ត​ម៉ាឡេស៊ី​
21, Jun 2018 , 7:59 am        
រូបភាព
​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​សន្យា​ផ្តល់​ការអនុគ្រោះ​ពន្ធ​ពិសេស​ដល់​បណ្តា​អ្នកវិនិយោគ​បរទេស​ទាំងឡាយណា​ដែល​អាចបង្កើត​ការងារ​ច្រើន​សម្រាប់​កម្មករ​ជំនាញ​ខ្ពស់​លើ​វិស័យ​បច្ចេកវិទ្យា ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជាដើម​នៅ​ម៉ាឡេស៊ី​។  ម៉ាឡេស៊ី​អាច​នឹង​ផ្តល់​ការអនុគ្រោះ​ពន្ធ​យ៉ាងតិច​១០​ឆ្នាំ​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ទាំងនោះ​ផងដែរ​។​



​ក្រោយ​បក្សប្រឆាំង Pakatan Harapan ឈ្នះឆ្នោត​កាលពី​ខែ​មុន រដ្ឋាភិបាល​ថ្មី​ផ្តោត​សំខាន់​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាពិសេស​ដោះស្រាយ​បំណុល​រដ្ឋ​។ ប៉ុន្តែ​ការលុបចោល​កិច្ចព្រមព្រៀង​សាងសង់​ផ្លូវ​រថភ្លើង និង​ត្រួតពិនិត្យ​គម្រោង​ជាមួយ​ចិន​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​ខ្លះ​បារម្ភ​ផង​។

​ថ្មីៗ​នេះ នាយករដ្ឋមន្ត្រី​វ័យ ៩២ ឆ្នាំ មហា​ធៀ មហាម៉ាត់ បានបញ្ជាក់ រដ្ឋាភិបាល​លោក​អាច​ធានា​ដល់​អ្នក​វិនិយោគិន​បរទេស​បាន​ពី​លក្ខខណ្ឌ​ល្អប្រសើរ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​នៅ​ម៉ាឡេស៊ី​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​បី​នៅ​អាស៊ាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ រដ្ឋាភិបាល​លោក​ក៏​ត្រៀម​អនុវត្ត​គោលនយោបាយ​ពិសេស​ផ្សេងទៀត​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ដូចគ្នា​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បាន​អះអាងថា រដ្ឋាភិបាល​លោក​នឹង​ស្វាគមន៍​រាល់​គម្រោង​វិនិយោគ​បរទេស​ទោះ​មកពី​ចិន ឬ​ពី​ទីណា​ក៏ដោយ​។ ប៉ុន្តែ​លក្ខខណ្ឌ​សំខាន់បំផុត​គឺ ក្រុមហ៊ុន​នោះ​មានលទ្ធភាព​ក្នុងការ​អនុវត្ត​គម្រោង​ដែល​បង្កើត​ការងារ​មាន​ជំនាញ​ខ្ពស់​សម្រាប់​ប្រជាជន​ម៉ាឡេស៊ី​ដែលជា​បញ្ញវន្ត​ភាគច្រើន​គ្របដណ្តប់​លើ​វិស័យ​បច្ចេកវិទ្យា ស្រាវជ្រាវ ឬ​អភិវឌ្ឍ​ផងដែរ​។​

«​ពីមុន​យើង​ត្រូវការ​ការងារ ដូច្នេះហើយ​ថា អ្នកវិនិយោគ​ដែលមាន​ធនធាន​អាច​ជួល​កម្មករ​បាន យើង​ស្វាគមន៍​។ ប៉ុន្តែ​ឥឡូវនេះ​យើង​ចង់បាន​ពលករ​ដែលជា​បញ្ញវន្ត​»​។ នេះ​ជាការ​លើកឡើង​របស់លោក មហា​ធៀ​។

​មេដឹកនាំ​រូបនេះ​បង្ហើប​ថា ក្នុង​ករណីខ្លះ​រដ្ឋាភិបាល​លោក​នឹង​អាច​ផ្តល់​ការលើកលែង​ពន្ធ​សម្រាប់​ក្រុមហ៊ុន​ទាំងនោះ​លើសពី​ដប់ឆ្នាំ​ឯណោះ ខណៈ​បច្ចុប្បន្ន​ការអនុគ្រោះ​ពន្ធ​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​នៅ​ម៉ាឡេស៊ី​មាន​ត្រឹម​ចន្លោះ​ពី​ប្រាំ​ទៅ ដប់ឆ្នាំ​ប៉ុណ្ណោះ​។

​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​ដែល​រដ្ឋាភិបាល​ក្រុង​គូ​ឡា​ឡាំ​ពួរ​ចង់បាន​នៅពេលនេះ លោក មហា​ធៀ បាន​លើកយក​ការ​បណ្តាក់​ទុក​រកស៊ី​របស់​ក្រុមហ៊ុន​ចិន អា​លី​បា​បា (Alibaba) របស់លោក ជេ​ក ម៉ា នៅ​ម៉ាឡេស៊ី​។ លោក ជេ​ក ម៉ា សម្រេច​បើក​ការិយាល័យ​ក្រុមហ៊ុន និង​ឈានទៅ​បើក​រោងចក្រ​នៅ​ម៉ាឡេស៊ី​សម្រាប់​ផលិត​ទំនិញ​នាំចូល​ទៅកាន់​ប្រទេស​ចិន​វិញ​នៅពេល​ខាងមុខ​ផង​។​

​តាមពិតទៅ លោក ជេ​ក ម៉ា ទើប​ជួប​ជាមួយ​លោក មហា​ធៀ នៅ​ដើម​សប្តាហ៍​នេះ ហើយ​អ្នក​ទាំង​ពីរបាន​ចំណាយពេល​វេលា​យូរ​ល្មម​ពិភាក្សាគ្នា​ដោយ​ផ្តោត​សំខាន់​លើ​ការវិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​។ ការជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ម៉ាឡេស៊ី​នេះ ក៏​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​ចាប់ផ្តើម​លុប និង​ត្រួត​ពិនិត្យឡើងវិញ​លើ​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​រដ្ឋាភិបាល​មុន​ចុះ​ជាមួយ​រដ្ឋាភិបាល​បរទេស​ក្នុងនោះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ដែល​ឈានទៅ​សង់​ផ្លូវ​រថភ្លើង​តំបន់​សមុទ្រ​ភាគ​ខាងកើត (East Coast Rail Line) ផងដែរ​៕


Tag:
 ម៉ាឡេស៊ី​
  វិនិយោគ​
  ចិន​
  បច្ចេកវិទ្យា​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com