ជាតិ
សេដ្ឋកិច្ច
ស្ថាប័ន៣ចេញសេចក្តីថ្លែងការណ៍ឲ្យប្រុងប្រយ័ត្នចំពោះរូបិយបណ្ណអេឡិចត្រូនិក
× ភ្នំពេញ៖ ស្ថាប័នទាំងបី រួមមាន ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានរួមគ្នាព្រមានលើការធ្វើអាជីវកម្មរូបិយបណ្ណអេឡិចត្រូវនិក និងអំពាវឲ្យសាធារណជនត្រូវប្រុងប្រយ័ត្នខ្ពស់ពីការបង់ខាតដោយសាររូបិយបណ្ណទាំងនោះ។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់ស្ថាប័នទាំងបីនេះ ដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសរបស់ស្ថាប័នទាំងនេះ នៅថ្ងៃទី១៩ខែមិថុនា។
អាជ្ញាធរមានសមត្ថកិច្ច បានសង្កេតឃើញ មានការផ្សព្វផ្សាយ ចរាចរ ទិញលក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដូចជា KH coin, Suncoin, K coin, One-coin, Forex coin និងកាក់អេឡិចត្រូនិកប្រហាក់ប្រហែល យ៉ាងសកម្មនៅកម្ពុជា ដែលមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ច។ បើតាមសេចក្ដីថ្លែងការណ៍ ដែលចុះហត្ថលេខាកាលពីខែឧសភា ដដែលនេះ បានចាត់ទុកសកម្មភាពទាំងនេះថាខុសច្បាប់។
ស្ថាប័នទាំងបីនេះ បានព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬនីតិបុគ្គល ដែលផ្សព្វផ្សាយ កៀរគរមូលនិធិ និងធ្វើអាជីវកម្មកាសអេឡិចត្រូនិក និងបានអំពាវនាវដល់សាធារណជនត្រូវប្រុងប្រយ័ត្នពីសកម្មភាពទាំងនោះ។
សេចក្ដីថ្លែងការណ៍នេះ បានពន្យល់ពីហានិភ័យដែលអាចកើតមានដល់សាធារណជន ដែលបង្កឡើងពីកាសអេឡិចត្រូវនិក។ ទី១/ការជួញដូរគ្មានវត្ថុធានាសងត្រលប់មកវិញ ទី២/ទទួលរងការខាតបង់លើការវិនិយោគ ដោយសារតែតម្លៃចារឹករបស់កាសអេឡិចត្រូនិកប្រែប្រួលគ្មានមូលដ្ឋានច្បាស់លាស់ ទី៣/ប្រឈមនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងធ្វើឲ្យបាត់បង់មូលនិធិ ដោយសារការលួចចូលទៅក្នុងប្រព័ន្ធ និងទី៤/អ្នកប្រើប្រាស់កាសអេឡិចត្រូនិកពុំមានអត្តសញ្ញាណច្បាស់លាស់ ដែលបង្កហានិភ័យក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕
Tag:
រូបិយបណ្ណអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com