ជាតិ
​ចិន ផ្ដល់​ថវិកា​៤០​លាន​ដុល្លារ​ឲ្យ​កម្ពុជា ដើម្បី​កែលម្អ​បរិស្ថាន​តាម​សាលារៀន និង​ផ្គត់ផ្គង់​សម្ភារ​សិក្សា
21, Jun 2018 , 9:19 am        
រូបភាព
រូបភាព បានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបភាព បានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
​រដ្ឋាភិបាល​ចិន បានផ្ដល់​ថវិកា ៤០​លាន​ដុល្លារ មក​កម្ពុជា សម្រាប់​អនុវត្ដ​ន៍​គម្រោង​កែលម្អ​បរិស្ថាន និង​ផ្គត់ផ្គង់​សម្ភារ​អប់រំ នៅតាម​សាលារៀន​។ ថវិកា​នេះ គឺជា​ជំនួយឥតសំណង សម្រាប់​បង្កើត​មជ្ឈមណ្ឌល​គរុកោសល្យ​ក្នុង​រាជធានី​-​ខេត្ដ​ចំនួន​១១ ព្រម​ទាំ​បណ្ដុះបណ្ដាល និង​ពង្រឹងសមត្ថភាព​គ្រូបង្រៀន​នៅ​កម្ពុជា​។ នេះ​បើតាម​ទីភ្នាក់ងារ​សារពត៌មាន​កម្ពុជា (AKP)​។​



AKP បាន​ស្រង់​ប្រសាសន៍ លោក ឌី សម​ស៊ី​ដេ​ត អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ ក្រសួង​អប់រំ​យុវជន និង​កីឡា ថា គម្រោង​នេះ មាន​រយៈពេល​៣​ឆ្នាំ ដែល​ផ្ដោត​សំខាន់​ទៅលើ​វិទ្យាល័យ​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ដ​ចំនួន​១១​។ លោក​បាន បញ្ជាក់ថា «​ដំណាក់កាល​ទីមួយ​នៃ​គម្រោង​នេះ នឹង​សាងសង់​អគារ​វិទ្យាល័យ​ចំនួន​២៦ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​៣​កន្លែង ដែល​មាននៅ​ទីក្រុង​ភ្នំពេញ​, ខេត្តកំពង់ចាម និង​ខេត្តកណ្តាល ព្រមទាំង​ផ្តល់​សម្ភារ​សម្រាប់​សិក្សា​មួយចំនួនទៀត​»​។​

​គួរ​បញ្ជាក់ថា ចាប់ពី​ឆ្នាំ ២០០១ ដល់​ខែមិថុនា ឆ្នាំ​២០១៨ រដ្ឋាភិបាល​ចិន បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន សហប្រតិបត្តិការ​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៥,២៧៦​លាន​ដុល្លារ ដោយ​ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​ឥត​ការប្រាក់​សរុប​១,២២១​លាន​ដុល្លារ​៕



Tag:
 ចិន​
  ហិរញ្ញប្បទាន​
© រក្សាសិទ្ធិដោយ thmeythmey.com