ជាតិ
សេដ្ឋកិច្ច
លោក ឃុ​ត សុខា ចោលការ​ងារ​នៅ​សណ្ឋាគារ​មក​បោះទុន​ជាង​១​លាន​ដុល្លារ ដាំ​បន្លែ​បែប​ទំនើប​
21, Jan 2019 , 8:39 am        
រូបភាព
​សៀមរាប​៖ លោក ឃុ​ត សុខា ជា​យុវជន​ខ្មែរ​មួយរូប ដែល​បាន​បង្កើត​កសិដ្ឋាន​ដាំ​បន្លែ​សរីរាង្គ​បែប​ទំនើប​ដ៏​ធំ​មួយ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​។ កសិដ្ឋាន​នេះ​ឈ្មោះថា ហែប​ភី អែន កូ (Happy+Co)​។ តាម​យុវជន​ខ្មែរ​ដែល ធ្លាប់ជា​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​សណ្ឋាគារ និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ផង អះអាងថា​កសិដ្ឋាន​នេះ ចំណាយ​ទុនវិនិយោគ​ដំបូង​ជាង​១​លាន​ដុល្លារ​។​

 
​កសិដ្ឋាន ហែប​ភី អែន កូ (Happy+Co) គឺជា​កសិដ្ឋាន​ដាំ​បន្លែ​ដ៏​ធំ​មួយ ដែល​បង្កើតឡើង​ដោយ​យុវជន​ខ្មែរ​មួយរូប ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​ពួក ខេត្តសៀមរាប​។ លោក ឃុ​ត សុខា បោះបង់​ការងារ​នៅ​កន្លែង​ម៉ាស៊ីនត្រជាក់ មក​សម្រេច​ក្ដី​ប្រាថ្នា​របស់លោក​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម​ក្នុងស្រុក ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​។ បន្លែ​ច្រើន​ច្រើន​មុខ ត្រូវបាន​ដាំ​ដុះ​ក្នុង​រោង​កសិដ្ឋាន​ទំនើប ដែល​បោះទុន​វិនិយោគ​ជា​ង​មួយ​លាន​ដុល្លារ​។​


 
​មុននឹង​មក​វិនិយោគ​ដាំ​បន្លែ​តាម​បច្ចេកទេស​ទំនើប​នេះ លោក សុខា ធ្លាប់​ធ្វើការ​នៅតាម​សណ្ឋាគារ និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​។ យ៉ាងណា ដោយសារ​ចង់​ធ្វើ​អ្វី​ជា​របស់​ខ្លួនឯង ក៏ដូចជា​ស្រឡាញ់​វិស័យ​កសិកម្ម និង​ចង់​អភិវឌ្ឍន៍​វិស័យនេះ​ផង​នោះ លោក​ក៏​ចាប់ផ្តើម​ដាំ​បន្លែ​នេះ​ក្នុងអំឡុង​ឆ្នាំ​២០១២​។ មុនដំបូង​ការដាំដុះ​ធ្វើ​នៅលើ​ដី​ធម្មតា តែ​ក្រោយមក ដោយសារ​មាន​ទុនវិនិយោគ​កាន់តែច្រើន លោក សុខា ក៏​អភិវឌ្ឍន៍​ទៅជា​រោង​ដាំ​បន្លែ​បែប​ផ្ទះ​បៃតង (Green House) និង Hydroponics​។ បន្លែ​នៅក្នុង​កសិដ្ឋាន​នេះ ភាគច្រើន​ជា​ប្រភេទ​សាលាដ និង​ប៉េងប៉ោះ ក្រៅពីនោះ​មាន​ជា​ខ្លឹម ជី ត្រកួន ត្រប់​។​ល​។ ឯ​ទីផ្សារ​មិនសូវ​ប្រឈម​ប៉ុន្មាន​ដែរ​។​
 
​តាម​ការបញ្ជាក់​របស់​ម្ចាស់​កសិដ្ឋាន Happy+Co ទីផ្សារ​សព្វថ្ងៃ​របស់​ប​ន្លែ​សរីរាង្គ​ដែល​ផលិត​បាន គឺ​ផ្គត់ផ្គង់​នៅតាម​សណ្ឋាគារ​ធំ និង​ភោជនីយដ្ឋាន​ធំៗ​ក្នុង​ក្រុង​សៀមរាប​ចំនួន ៨០​ភាគរយ ក្រៅពីនោះ​ក៏មាន​លក់រាយ​នៅតាម​ទីផ្សារ​ធម្មតា​ចំនួន ២០​ភាគរយ​ផងដែរ​។ ក្នុង​មួយថ្ងៃ បន្លែ​ចម្រុះ​សរុប​ប្រមាណ​ជាង ៥០០​គីឡូក្រាម ត្រូវបាន​ផ្គត់ផ្គង់​ទៅតាម​ទីផ្សារ​ខាងលើ​។ 


 
​កសិដ្ឋាន​ដាំ​បន្លែ​សរីរាង្គ​របស់លោក សុខា មាន​ទំហំ​ជាង ៣​ហិកតា ដែល​សរុប​ជា​រោង​មាន​ជាង ៣០​រោង និង​គ្រោង​ពង្រីក​បន្ថែម​បន្តបន្ទាប់​ទៀត​។ បំណង​ទៅ​ថ្ងៃ​ខាងមុខ បន្ទាប់ពី​ជោគជ័យ​ក្នុង​ការដាំ​បន្លែ​ហើយ​នោះ លោក សុខា ចង់​កែច្នៃ​បន្លែ​ដែល​បាក់បែក ទៅជា​គ្រឿង​ភេសជ្ជៈ ដែល​សព្វថ្ងៃ​លោក​បាន​សាកល្បង​ផលិត​បាន​ខ្លះៗ​រួចហើយ​ដែរ​។ បំណង​មួយទៀត គឺ​រៀបចំ​ផ្ទៃដី​ដែល​នៅ​សេសសល់​ជា​តំបន់​ទេសចរណ៍​កសិកម្ម​នៅ​ទីនោះ​ផងដែរ​៕








 

Tag:
 ឃុ​ត សុខា​
 ​បន្លែ​
 ​បន្លែ​សរីរាង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com