ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​បង្កើត​ក្រុង ស្រុក ខណ្ឌ​៦​ថែមទៀត​ ដូចជា ក្រុង​កោះរ៉ុង​ ខណ្ឌ​បឹង​កេងកង ខណ្ឌ​កំបូល...
22, Jan 2019 , 3:59 pm        
រូបភាព
ដោយ:
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានចេញ​អនុក្រឹត្យ​៦​ផ្សេង​ពីគ្នា ស្តីពី​ការបង្កើត​ក្រុង ស្រុក ខណ្ឌ​ថ្មី​៦​បន្ថែមទៀត តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ នេះ​បើតាម​ប្រភព​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន ប៉ុន្តែ​មិនទាន់មាន​ការអះអាង​ជា​ផ្លូវការ​នោះឡើយ លើកលែងតែ​ករណី​ស្រុក​តាំងគោក ខេត្តកំពង់ធំ ដែលគេឃើញអនុក្រឹត្យ ​ចុះ​ថ្ងៃទី​៨ ខែមករា​។​

 
​ក្រុង ស្រុក ខណ្ឌ​ថ្មី​ទាំងនោះ រួមមាន រាជធានី​ភ្នំពេញ មាន​ខណ្ឌ​ថ្មី​២ គឺ​ខណ្ឌ​បឹង​កេងកង​និង​ខណ្ឌ​កំបូល ខេត្ត​ព្រះសីហនុ មាន​ក្រុង​ថ្មី​១ គឺ​ក្រុង​កោះរ៉ុង ខេត្តស្ទឹងត្រែង មានស្រុក​ថ្មី​១ គឺ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តកំពង់ធំ មានស្រុក​ថ្មី​១ គឺ​ស្រុក​តាំងគោក និង​ខេត្តពោធិ៍សាត់ មានស្រុក​ថ្មី​១ គឺ​ស្រុក​តា​លោ​សែន​ជ័យ​។ 
 
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក បានឃើញ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ក្រុង ស្រុក ខណ្ឌ​ថ្មី​ទាំងនោះ​ហើយ ដែល​ត្រូវបាន​ចម្លង​ផ្ញើ​ទៅកាន់​ស្ថាប័ន​របស់លោក​។ ប៉ុន្តែ លោក សុំ​មិន​បកស្រាយ​អ្វី​ច្រើន​នោះទេ ដោយ​លោក អះអាងថា កិច្ចការ​នេះ គឺ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​។​
 
​ចំណែក លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល អះអាងថា លោក ក៏​បានឃើញ​ព័ត៌មាន​នេះដែរ​។ ប៉ុន្តែ លោក ក៏​ដូច​លោក ហង្ស ពុទ្ធា ដែរ ដោយ​មិនអាច​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ឡើយ ហើយ​លោក បាន​រុញ​ឲ្យ​ទៅ​សួរ​ក្រសួងមហាផ្ទៃ ព្រោះ​ស្ថាប័ន​នេះ ជា​អ្នកផ្តើមគំនិត​ក្នុងការ​បង្កើត​។ 
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ខៀវ សុភ័គ និង លោក ផាត សុ​ផានិត ដែល​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានឡើយ ដោយសារតែ​លោក​ទាំងពីរ ពុំ​លើក​ទូរ​សព្ទ​។ 

សូមរម្លឹកថា កាលពីអំឡុងឆ្នាំ២០១៨ រដ្ឋាភិបាល ធ្លាប់មានគម្រោងបង្កើតខេត្តថ្មី២បន្ថែម តែក្រោយមក ក៏ត្រូវលុបចោលវិញ៕ 

 
 

Tag:
 ​ក្រុង​
  ស្រុក​
  ខណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com