៣សំណួរជាមួយឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក ចច អេដហ្កា (George Edgar) បន្ទាប់ពីគណៈកម្មការអឺរ៉ុបប្រកាសចាប់ផ្តើមនីតិវិធីនៃការព្យួរភាពអនុគ្រោះពន្ធពីកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានពន្យល់អំពីដំណើរការនៃការអនុវត្តនីតិវិធីព្យួរ ឬមិនព្យួរភាពអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប និងអះអាងថាសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបមិនបានពាក់ព័ន្ធនឹងសំណុំរឿងនយោបាយឡើយ។
លោក លាង ដឺលុច៖ ខ្ញុំជឿជាក់ថាលោកពិតជាបានដឹងហើយថា ពលរដ្ឋកម្ពុជាបានជជែកគ្នាច្រើនជាមួយនឹងការយល់ឃើញផ្សេងៗគ្នាអំពីការអនុវត្តនីតិវិធីនៃការព្យួរភាពអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។ ខ្ញុំចង់ស្តាប់ការពន្យល់លំអិតរបស់លោកឯកអគ្គរដ្ឋទូត ថាតើនីតិវិធីនោះនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេចពិតប្រាកដនោះ?
លោក ចច អេដហ្កា៖ នីតិវិធីដែលគណៈកម្មការអឺរ៉ុបប្រកាសកាលពីម្សិលមិញ[ថ្ងៃទី១១ ខែកុម្ភៈ]នឹងចាប់ផ្តើមដោយដំណាក់កាល៦ខែដំបូងនៃការត្រួតពិនិត្យ និងការវាយតម្លៃរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការអឺរ៉ុប។ ដំណាក់កាលនេះ នឹងត្រូវបន្តដោយរយៈពេល៦ខែទៀតនៃការសរសេររបាយការណ៍ស្តីអំពីលទ្ធផលនៃការវាយតម្លៃ និងការសន្និដ្ឋានបញ្ចប់នីតិវិធីដោយការសម្រេចពី គណៈកម្មការមួយទៀត។ រដ្ឋាភិបាលកម្ពុជានឹងត្រូវបានអញ្ជើញឲ្យការពាររបាយការណ៍ស្តីពីលទ្ធផលនៃការវាយតម្លៃនោះ។ គណៈកម្មការទី២នេះអាចធ្វើសេចក្តីសម្រេចចិត្តក្នុងដកភាពអនុគ្រោះពន្ធ សម្រាប់ទំនិញទាំងអស់ (បានន័យថា គឺតម្រូវឲ្យបង់ពន្ធឡើងវិញរាល់ទំនិញទាំងអស់ ដែលនាំចេញពីកម្ពុជាចូលទៅទីផ្សារអឺរ៉ុប) ឬដកភាពអនុគ្រោះពន្ធសម្រាប់តែទំនិញខ្លះ ឬរក្សាភាពអនុគ្រោះពន្ធឲ្យនៅដដែលទាំងអស់។
ប្រសិនបើគណៈកម្មការសម្រេចចិត្តយកពន្ធឡើងវិញលើរាល់ទំនិញទាំងអស់ និងយកពន្ធលើទំនិញខ្លះក៏ដោយនោះ គេត្រូវការរយៈពេល២ខែទៀត ដើម្បីឲ្យសភាអឺរ៉ុប ឬសមាជិកនៃសហភាពអឺរ៉ុបអាចជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការទី២នេះ។
ក្នុងករណីដែលមានការជំទាស់មែននោះ សេចក្តីសម្រេចរបស់គណៈកម្មការទី២ នឹងមិនអាចត្រូវអនុវត្តបានទេ។ ប៉ុន្តែបើមិនមានការជំទាស់ សេចក្តីសម្រេចស្តីពីការលើកលែងការអនុគ្រោះពន្ធនោះនឹងចូលជាធរមាន ក្រោយពីរយៈពេល៦ខែ។ ដូច្នេះបើរាប់ចាប់ពីពេលនេះទៅ ក្នុងករណីដែលមានការព្យួរភាពអនុគ្រោះពន្ធមែននោះ កម្ពុជានៅមានពេលយ៉ាងហោចណាស់១៨ខែ ឬអាច២០ខែទៀតឯណោះ។
លោក លាង ដឺលុច៖ នៅក្នុងដំណាក់កាលនៃចាប់ផ្តើមនីតិវិធីនេះ តើលោកមានតួនាទីអ្វីខ្លះដែរនៅក្នុងសំណុំរឿងនេះ?
លោក ចច អេដហ្កា៖ តួនាទីខ្ញុំក្នុងនាមជាឯកអគ្គរដ្ឋទូតនៅពេលនេះ ម្យ៉ាងគឺដើម្បីធានាថា គណៈកម្មការអឺរ៉ុប និង ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ពិតជាបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយស្តីអំពីការអភិវឌ្ឍនៅកម្ពុជា និងម្យ៉ាងទៀតគឺដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា និងដើម្បីផ្សព្វផ្សាយអំពីគំនិត និងកង្វល់របស់សហភាពអឺរ៉ុប និងដើម្បីយល់អំពីជំហររបស់ភាគីកម្ពុជា។
លោក លាង ដឺលុច៖ មានមតិមហាជនខ្លះរិះគន់ថា សេចក្តីសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប ត្រូវបានធ្វើឡើងក្រោមមូលហេតុនយោបាយ។ តើលោកឆ្លើយតបយ៉ាងដូចម្តេចវិញ?
លោក ចច អេដហ្កា៖ សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋាននៃក្តីបារម្ភចំពោះការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងរយៈពេល១៨ខែចុងក្រោយនេះ ដែលពាក់ព័ន្ធដល់ការអំពាវនាវឲ្យកម្ពុជាគោរពស្នូលនៃសិទ្ធមនុស្សអន្តរជាតិ និងសន្ធិសញ្ញានៃសិទ្ធិការងារ។ កម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិទាំងនេះ ដែលវាជាផ្នែកនៃលក្ខខណ្ឌទាំងឡាយ ដែលប្រទេសនានាដែលទទួលបានប្រយោជន៍ពី EBA ត្រូវអនុវត្ត។ សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបមិនត្រូវបានធ្វើឡើងក្រោមមូលហេតុនយោបាយបាយនោះឡើយ។
សហភាពអឺរ៉ុបមិនធ្វើការក្នុងនាមក្រុមនយោបាយកម្ពុជាណាមួយ ឬគាំទ្រក្រុមណាមួយដើម្បីប្រឆាំងក្រុមមួយទៀតនោះឡើយ។ តែសហភាពអឺរ៉ុបធ្វើការដើម្បីឲ្យប្រជាជនកម្ពុជាជ្រើសរើសរវាងគណបក្សនយោបាយ និងកម្មវិធីនយោបាយ៕