ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ៖ គ្រាន់តែទីផ្សារកសិកម្មនៅហ្វីលីពីន ក៏កម្ពុជា ដេញថ្លៃមិនឈ្នះវៀតណាម និងថៃដែរ
×
ភ្នំពេញ៖ បញ្ហាប្រកួតប្រជែងសេដ្ឋកិច្ច ជាពិសេសផលិតផលកសិកម្ម នៅតែជារឿងចម្បង ដែលគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយ។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ មីនានេះ សម្ដេច ហ៊ុន សែន បាននិយាយថា ទីផ្សារកសិកម្មរបស់កម្ពុជា មិនទាន់មានភាពល្អប្រសើនៅឡើយទេ ខណៈដែលប្រទេសជិតខាងក៏សម្រុកនាំចេញផលិតផលកសិកម្មដែរ។ មូលហេតុដែលកម្ពុជា ពិបាកប្រកួតប្រជែងផលិតផលកសិកម្មជាមួយប្រទេសជិតខាងនោះ ដោយសារតែផលិតផលកម្ពុជា មានតម្លៃខ្ពស់ជាងគេ។
ត្រង់ចំណុចនេះសម្ដេច ហ៊ុន សែន បានលើកយកបញ្ហាជាក់ស្ដែងមកនិយាយថា គ្រាន់តែហ្វីលីពីនបើកទីផ្សារកសិកម្មឲ្យប្រទេសក្នុងតំបន់ដេញថ្លៃនាំចូលនោះ ក៏កម្ពុជា ដេញថ្លៃមិនឈ្នះវៀតណាម និងថៃដែរ ព្រោះតម្លៃផលិតផលកសិកម្មប្រទេសទាំងពីរនេះ ថោកជាងផលិតផលកម្ពុជា។ ដោយសារមើលឃើញបញ្ហានេះ លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយនេះ ដោយធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម និងការចំណាយខ្ពស់របស់កសិករ ដើម្បីជំរុញឲ្យពួកគេមានលទ្ធភាពខ្ពស់ក្នុងការផលិត ហើយនាំចេញទៅប្រកួតប្រជែង។
បច្ចុប្បន្នកសិករកម្ពុជា កំពុងធ្វើកសិកម្ម ហើយមានលទ្ធភាពប្រើប្រាស់គ្រឿងយន្ត ជំនួសកម្លាំងមនុស្ស មានចំនួន៩៦ភាគរយ។ ហើយការប្រើប្រាស់គ្រឿងយន្តនេះ ភាគច្រើនត្រូវការចំណាយច្រើន សម្រាប់ការផលិត ដែលជាមួលហេតុនាំឲ្យផលិតផលកម្មកម្ពុជា មានតម្លៃខ្ពស់ជាងប្រទេសជិតខាង។ នេះបើតាមប្រមុខរដ្ឋាភិបាល៕
Tag:
ហ៊ុន សែន
កសិកម្ម
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com