ជាតិ
ព្រះមហាក្សត្រ​៖ សកលលោក​រីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ ប៉ុន្តែ​ផ្នែក​សីលធម៌ និង​អភិសមាចារ​​ធ្លាក់ចុះ
15, May 2019 , 2:27 pm        
រូបភាព
​ភ្នំពេញ​៖ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល​ជំរុញ​ឲ្យ​មេដឹកនាំ​មកពី​បណ្ដា​ប្រទេស​៤៧ ដែល​ចូលរួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ នៅ​ប្រទេស​ចិន នាំគ្នា​លើកកម្ពស់​សីលធម៌ និង​អភិសមាចារ (​មារយា​ទ​ដ៏​ល្អ​ក្រៃលែង ឬ​ជ្រះថ្លា​) សង្គម ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​ប្រជាជាតិ​ក្នុង​តំបន់ និង​សកលលោក​។​

 
​ខណៈដែល​សាកលលោក​កំពុង​រីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​នោះ បែរជា​ផ្នែក​ក្រមសីលធម៌ និង​គុណធម៌​សង្គម​ធ្លាក់ចុះ​ទៅវិញ ។ បញ្ហា​ធ្លាក់ចុះ​សីលធម៌ និង​គុណធម៌​នេះ វា​អាច​ជះ​ផល​អាក្រក់​ដល់​សេចក្តីថ្លៃថ្នូរ​នៃ​ប្រជាជាតិ​តំបន់​អាស៊ី​ទាំងមូល ។ នេះ​គឺជា​ព្រះរាជឱង្ការ​បស់សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ។​



នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​កំពូលៗ​ពី​បណ្ដា​ប្រទេស​នានា ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា បានបង្ហាញ​ទឹក​ព្រះទ័យ​ព្រួយបារម្ភ​ពី​បញ្ហា​ខាងលើនេះ ដោយ​ទ្រង់​ស្នើ​ឲ្យ​បណ្ដា​មេដឹកនាំ​ទាំងអស់ នាំគ្នា​ចូលរួម​ដោះស្រាយ និង​លើកកម្ពស់​ផ្នែក​សីលធម៌ និង​គុណធម៌​ទាំង​នៅក្នុង​តំបន់​អាស៊ី និង​មនុស្សជាតិ​ទាំងមូល​។​
 
​ក្នុង​ព្រះរាជ​សន្ទរកថា​នា​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​ថ្ងៃទី​១៥ ឧសភា​នេះ សម្ដេចព្រះ នរោត្តម សីហមុនី មាន​ព្រះរាជបន្ទូល​ដូច្នេះ​ថា​៖«​បច្ចុប្បន្ននេះ​សាកលលោក​យើង កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការរីកចម្រើន​និង​ជឿនលឿន ដោយមាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​សម្ភារៈ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ប៉ុន្តែ​ទន្ទឹមនឹង​ការរីកចម្រើន​ខាងលើនេះ សីលធម៌ និង​អភិសមាចារ (​មារយា​ទ​ដ៏​ល្អ​ក្រៃលែង ឬ​ជ្រះថ្លា​) ក្នុង​ជីវភាព​សង្គម ក៏មាន​ការស្រុតចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់ដែរ​។ ភាពអន់ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​និរន្តរភាព​នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គមនិយម​ទៅ​អនាគត​»​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លាក់ចុះ​សីលធម៌ និង​គុណធម៌ នៅក្នុង​តំបន់​នេះ ព្រះមហាក្សត្រ មានព្រះរាជបន្ទូល​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ទាំងអស់ ត្រូវមាន​ភាពស្មោះត្រង់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​រួមគ្នា​។ ជាពិសេស​ពង្រឹង​ការជឿទុកចិត្ត និង​សហការ​រួមគ្នា លើ​កិច្ចការ​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​នេះ​។​
 
«​នៅក្នុង​បរិបទ​នេះ កិច្ចការ​សំខាន់​ចំពោះមុខ នឹងត្រូវ​ពង្រឹងស្មារតី​ទទួលខុសត្រូវ ចំពោះ​អនាគត​របស់​អាស៊ី និង​មនុស្សជាតិ តាមរយៈ​ការយល់​ចិត្ត​គ្នា​ទៅវិញទៅមក​។ ស្មោះត្រង់​គ្នា និង​ការស្វែងយល់​ពីគ្នា​កាន់តែ​ជិតស្និទ្ធ​។ ការគាំទ្រ​ខាង​ស្មារតី និង​បង្កលក្ខណៈ​ឲ្យ​មានការ​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក កាន់តែ​ទូលំទូលាយ ដែល​ធ្វើ​ឲ្យ​មានការ​ទុកចិត្ត​កាន់តែ​ប្រសើរឡើង និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដោយស្មោះ​ត្រង់​នឹង​គ្នា និង​ឯកភាព​ក្នុង​កិច្ចអភិវឌ្ឍន៍​នៅ​អាស៊ី ឲ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា និង​ប្រកបដោយ​ការបង្កើត​ថ្មី ប្លែកៗ ដូច​បាន​លើក​ក្នុង​ស្មារតី​វេទិកា​ស្រាប់​»​។ នេះ​ជា​ព្រះរាជឱង្ការ​បស់​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា ។​
 
​ជាមួយគ្នានេះ ព្រះអង្គ ក៏មាន​ព្រះរាជបន្ទូល​ស្នើ​ឲ្យ​មេដឹកនាំ​ទាំងអស់ ពង្រឹង​តួនាទី​របស់​សាសនា ក្នុងការ​លើកតម្កើង​តម្លៃ​សីលធម៌ និង​ប្រពៃណី​ល្អ នៃ​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ របស់​ប្រជាជាតិ​នៅ​អាស៊ី​។ ជាពិសេស​ការថែរក្សា​សុ​ខុ​ដុម​ភាព​សង្គម និង​សន្តិភាព​ក្នុង​អាស៊ី និង​ក្នុង​សាកលលោក​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​
 
​វេទិកា​អរិយធម៌​អាស៊ី​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង ដែល​បាន​បំផុសគំនិត​នេះ​ឡើង កាលពី​ឆ្នាំ​២០១៤​។ វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១​នេះ គឺ​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ និង​សិក្សា​ស្វែងយល់​ពី​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​របស់​ប្រទេស​នីមួយៗ ក្នុង​តំបន់​អាស៊ី​នេះ​។

មានវីដេអូ៖ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល នៅចន្លោះនាទី១ម៉ោង៖ ០៣ នាទី


ព្រះករុណា ព្រះមហាក្សត្រ​៖ វេទិកា​អរិយធម៌​អាស៊ី នឹង​នាំ​ពន្លឺ​ថ្មី ដល់​អ្នកស្រាវជ្រាវ​និង​ជំនាញការ​ផ្នែក​វប្បធម៌​

​តាមរយៈ​វេទិកា​មួយ​នេះ សម្ដេច នរោត្តម សីហមុនី មាន​ព្រះរាជ​ជំនឿ​ថា នឹង​ផ្ដល់​សារៈប្រយោជន៍​បន្ថែមទៀត ដល់​អ្នកស្រាវជ្រាវ និង​ជំនាញការ​ខាង​ផ្នែក​វប្បធម៌ ក្នុងការ​សិក្សា​ឈ្វេងយល់​ពី​អរិយធម៌ និង​វប្បធម៌​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់ ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។​
 
«​ខ្ញុំ​មាន​ជំនឿ​ជឿជាក់ថា ការជួប​ជុំគ្នា​រវាង​អ្នកជំនាញការ និង​អ្នកឯកទេស​ខាង​វិស័យ​វប្បធម៌ សាសនា និង​អរិយធម៌​…​របស់​ជាតិ​នីមួយៗ នៅតាម​សកម្មភាព​ផ្សេងទៀត នៅក្នុង​ឱកាស​ដ៏​ពិសេស​នេះ នឹង​នាំមក​ពន្លឺ​ថ្មី និង​បទពិសោធន៍​ថ្មីៗ សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​សម័យ​បច្ចុប្បន្ន និង​ប្រជាជន​ទូទៅ​បាន​យល់ដឹង​កាន់តែ​ជ្រាលជ្រៅ​ថែមទៀត អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ដែលមាន​នៅក្នុង​តំបន់​អាស៊ី និង​ទំនាក់ទំនង​អន្តរទ្វីប​»​។ នេះ​ជា​ព្រះរាជឱង្ការ​បស់​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា​។​
 
​បើតាម​ព្រះរាជបន្ទូល​របស់​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ទំនាក់ទំនង​វប្បធម៌ សាសនា និង​ការធ្វើ​ពាណិជ្ជកម្ម គឺជា​កត្តា​លី​ករ ដែល​ជំរុញ​ឲ្យ​ប្រទេស​ទាំងឡាយ​នៅ​អាស៊ី មានការ​អ​ភ​វ​ឌ្ឍ​រីកចម្រើន និង​លូតលាស់​យ៉ាងខ្លាំង​ក្លា ក្នុង​រយៈពេល​កន្លងមក​។​
 
ព្រះករុណា ព្រះមហាក្សត្រ​៖ កម្ពុជា ធ្លាប់​ជាទី​ជំនួប​រវាង​ធម្មទូត​ឥណ្ឌា និង​អ្នកការទូត និង​ពាណិជ្ជករ​ចិន​

«​កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាំងឡាយ នៅ​អាស៊ី ដែល​បានទទួល​ពន្លឺ​ព្រះពុទ្ធសាសនា និង​ហិណ្ឌូ​សាសនា តាំងពី​អាណាចក្រ​សម័យ​ដំបូង នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ហើយ​ធ្លាប់បាន​ដើរតួរ​ជាទី​ជំនួប​រវាង​ធម្មទូត​ឥណ្ឌា និង​អ្នកការទូត និង​ពាណិជ្ជករ​ចិន អស់​រយៈពេល​ច្រើន​សតវត្ស​»​។ នេះ​ជា​ព្រះរាជឱង្ការ​បស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ដែល​បាន​ព្រះអង្គ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា នៅ​ចំពោះមុខ​បណ្ដា​ប្រទេស​មេដឹកនាំ នៅក្នុង​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១​។​
 
​ព្រះអង្គ មាន​ព្រះរាជបន្ទូល​បន្ថែមថា តាមរយៈ​ទំនាក់ទំនង​ទាំងនេះហើយ ដែលជា​វិភាគទាន​ដ៏​ធំ​មួយ ក្នុងការ​រីកចម្រើន​យ៉ាង​សម្បើម​ដល់​វប្បធម៌​ខ្មែរ រហូតដល់​បង្កើតបាន​អរិយធម៌​អង្គរ​ដល់​ល្បីល្បាញ អស្ចារ្យ​នៅលើ​លោក​។​
 
​ប្រជាជាតិ​ទាំងឡាយ នៅក្នុង​តំបន់​អាស៊ី សុទ្ធ​តែមាន​វប្បធម៌​ជា​អត្តសញ្ញាណ​ជាតិ​ដោយឡែក​របស់ខ្លួន ហើយ​មាន​ប្រជាជាតិ​មួយចំនួន បាន​កសាង​អរិយធម៌​ចំណាស់​ជាច្រើន​សតវត្ស​មកនេះ​។ ពិតមែនតែ​វប្បធម៌ សាសនា និង​អរិយធម៌​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខុសគ្នា ប៉ុន្តែ​ក៏​គង់​មាន​លក្ខណៈ​ស្រដៀង​គ្នា ដែល​អាច​សម្គាល់​ពី​អរិយធម៌​របស់​ប្រទេស និង​ប្រជាជាតិ​រស់នៅ​ដោយ​ការយោគយល់​គ្នា នៅក្នុង​តំបន់​អាស៊ី និង​មហាទ្វីប ដែល​សម្បូរ​ទៅដោយ​គតិបណ្ឌិត និង​អ្នកបង្កើត​សាសនា​ធំៗ​ចម្បង​។ នេះ​ជា​ព្រះរាជបន្ទូល​របស់​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា​៕ 
 

Tag:
 ព្រះមហាក្សត្រ​
  ស៊ី ជីន​ភីង​
 ​ចិន​
  វេទិកា​អរិយធម៌​អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com