ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៊ី ដែលចោទសម្តេច ហ៊ុន សែន ថាសម្លាប់ឪពុក
10, Jun 2019 , 5:26 pm        
រូបភាព
លោក ឌី វិជ្ជា (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ) និង លោក សម រង្ស៊ី
លោក ឌី វិជ្ជា (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ) និង លោក សម រង្ស៊ី
ដោយ: ថ្មីៗ
លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានឲ្យមេធាវីសិក្សាពីផ្លូវច្បាប់រួចហើយ ដើម្បីប្តឹងលោក សម រង្ស៊ី ដែលចោទសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាអ្នកសម្លាប់ឪពុករបស់លោក គឺលោក ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិ។



លោក ឌី វិជ្ជា មិនទាន់អាចបញ្ជាក់បានឡើយថា លោកប្តឹងលោក សម រង្ស៊ី ពីបទអ្វី ហើយលោក ក៏មិនបរិយាយអ្វីច្រើនដែរ ដោយទុកឲ្យមេធាវី ជាអ្នកផ្តល់ព័ត៌មាននេះ ពេលសំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ។ លោក ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «ចាំឲ្យមេធាវីរបស់ខ្ញុំ ប្រកាសតែម្តងទៅ»។

បណ្តឹងដាក់ទៅតុលាការនៅពេលណា ក៏លោក ឌី វិជ្ជា មិនបានបញ្ជាក់ដែរ។ ប៉ុន្តែ លោក អះអាងថា លោក ប្តឹងលោក សម រង្ស៊ី នៅតុលាការកម្ពុជា គឺមិនមែនទៅតុលាការបារាំងនោះទេ។

លោក ឌី វិជ្ជា ប្រាប់សារព័ត៌មាន Fresh News ថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺជាការប្រឌិតព័ត៌មាន ដែលធ្វើឲ្យមតិជាតិនិងអន្តរជាតិ ភាន់ច្រឡំ។ លោក បំភ្លឺបែបនេះថា «ការស្លាប់របស់ឪពុកខ្ញុំ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាចក្រ ដោយសារកត្តាអាកាសធាតុ ត្រូវបានទណ្ឌិត សម រង្ស៊ី យកទៅធ្វើជាឧបាយកលទុច្ចរិតក្នុងការបម្រើមហិច្ឆតានយោបាយរបស់ខ្លួន....ដើម្បីប្រឌិតរឿងបំបែកបំបាក់ផ្ទៃក្នុងនៃថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់»។

ការប្រកាសប្តឹងរបស់លោក ឌី វិជ្ជា គឺធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង សម្តេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ ប្រកាសរួមគ្នា ថាឲ្យមេធាវីសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំង។ សម្តេច ហ៊ុន សែន មិនសុខចិត្ត ដែលលោក សម រង្ស៊ី ចោទសម្តេច ថាជាអ្នកសម្លាប់លោក ហុក ឡុងឌី ដែលជាដន្លង។ ចំណែក សម្តេច ស ខេង ប្តឹងប្រឆាំងនឹងលោក សម រង្ស៊ី ដែលចោទសម្តេចថា មានបំណងធ្វើរដ្ឋប្រហារនិងបក្សប្រហារ។

មិនត្រឹមតែចោទសម្តេច ហ៊ុន សែន ថាសម្លាប់លោក ហុក ឡុងឌី ទេ លោក សម រង្ស៊ី ថែមទាំង អះអាងថា លោក ឌី វិជ្ជា ដែលជាកូនរបស់លោក ហុក ឡុកឌី កំពុងរួមដៃជាមួយសម្តេច ស ខេង ដើម្បីសងសឹកឲ្យឪពុក។

ក្រោយសម្តេច ហ៊ុន សែន ប្រកាសប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំងពីករណីនេះ លោក សម រង្ស៊ី ក៏ពន្យុះថែមឲ្យសម្តេច ហ៊ុន សែន ប្តឹងលោក៣ករណីទៀត ដែលលោក ចោទសម្តេច ថាជាអ្នកប្រព្រឹត្តដូចគ្នា។ ករណីទាំង៣នោះ គឺ ការបំផ្ទុះគ្រាប់បែកនៅជិតរដ្ឋសភាចាស់ កាលពីឆ្នាំ៩៧ ឃាតកម្មលើអ្នកស្រី ពិសិដ្ឋ ពីលិកា នៅឆ្នាំ៩៩ និងឃាតកម្មលើលោកបណ្ឌិត កែម ឡី ក្នុងឆ្នាំ២០១៦៕

អត្ថបទទាក់ទង

Tag:
 សម រង្ស៊ី
  ឌី វិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com