ជាតិ
សង្គមជាតិ
ផ្ទះអ្នកវិភាគនយោបាយ មាស នី នៅបាត់ដំបង ត្រូវភ្លើងឆេះទាំងស្រុង
19, Jun 2019 , 9:27 am        
រូបភាព
ផ្ទះរបស់លោក មាស នី អ្នកវិភាគនយោយបាយ និងជាអ្នកសិក្សាពីការអភិវឌ្ឍសង្គម រងការខូចខាតទាំងស្រុង ដោយអគ្គិភ័យឆាបឆេះ នៅល្ងាចថ្ងៃទី១៨មិថុនា។ លោក មាស នី សរសេរលើទំព័រហ្វេសប៊ុករបស់លោកថា៖ «គួរឲ្យសោកស្តាយណាស់ ផ្ទះរបស់ខ្ញុំ ត្រូវឆេះទាំងស្រុងកាលពីម្សិលមិញ»។



លោក មាស នី អះអាងថា ឧបទ្ទវហេតុនេះ គឺកើតឡើងដោយចៃដន្យ។ លោក បញ្ជាក់ដូច្នេះថា «ឆេះផ្ទះគេនៅក្បែរនុ៎ង ហើយឆ្លងមកផ្ទះខ្ញុំ»។

លោក មាស នី ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មានមនុស្សតែពីរនាក់ទេ ដែលរស់នៅក្នុងផ្ទះនោះ គឺម្តាយក្មេកវ័យ៧០ឆ្នាំ និង កូនប្រុសរបស់លោកអាយុ៣០ឆ្នាំ ហើយពួកគាត់ មិនរងរបួសអ្វីឡើយ។

ផ្ទះ ដែលឆេះនោះ គឺនៅផ្សារលើ ខេត្តបាត់ដំបង។ លោក មានផ្ទះមួយទៀតក្នុងរាជធានីភ្នំពេញ។ លោក មានប្រសាសន៍ដូច្នេះថា «ជួនកាល ក្នុងមួយសប្តាហ៍ ខ្ញុំ ទៅបាត់ដំបង៣ថ្ងៃ អ៊ីចឹងខ្ញុំ នៅភ្នំពេញ៥០ភាគរយ នៅបាត់ដំបង៥០ភាគរយ»។

លោក បន្តថា ការឆេះផ្ទះនេះ ពិតជាបានប៉ះពាល់ដល់ជីវភាពរបស់លោក។ លោក មានប្រសាសន៍ថា «យើងមិនចង់និយាយពីជីវភាពយើងប្រាប់គេទេ តែគ្រាន់តែថាយើងក៏មិនសូវជាធូរធាអ្វីដែរ»។

លោក មាស នី កំពុងពិភាក្សាជាមួយគ្រួសារថាត្រូវសាងសង់ផ្ទះឡើងវិញ ឬក៏យ៉ាងណា៕

© រក្សាសិទ្ធិដោយ thmeythmey.com