ជាតិ
លោក យន្ត មីន សុំលាលែង ហើយសម្តេច ដាក់លោក គួច ចំរើន ជំនួស
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរលាលែងរបស់ លោក យន្ត មីន និងដាក់លោក គួច ចំរើន ដែលជាអភិបាលខេត្តកំពង់ចាម ទៅកាន់តំណែងជាអភិបាលខេត្តព្រះសីហនុជំនួសវិញ។
«ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលឲ្យមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ»។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន សែន ក្នុងហ្វេសប៊ុករបស់ខ្លួន។
សម្តេចបានអះអាងថា សម្តេច បានយល់ព្រមឲ្យគាត់លាលែង និងបានពិភាក្សាជាមួយ សម្តេច ស ខេង យកលោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ លោក យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្គ្រោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។
ទាក់ទងនឹងបញ្ហានេះ លោក យន្ត មីន បានសុំការអភ័យទោសពីក្រុមគ្រួសារជនរងគ្រោះទាំងអស់ ហើយស្នើសុំការលាលែងពីតំណែង ដើម្បីបង្ហាញពីការទទួលខុសត្រូវ។
«ជាមួយនេះ ខ្ញុំបាទសុំការអភ័យទោសពីសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម សម្តេច ឯកឧត្តម លោកជំទាវ ចំពោះកង្វះខាតនៃការបំពេញភារកិច្ចរបស់ខ្ញុំបាទកន្លងមកនេះ»។ នេះជាសំណេររបស់លោក យន្ត មីន។
អភិបាលខេត្តដែលកំពុងស្ថិតក្នុងតំណែងរូបនេះ បានអះអាងថា លោកនៅតែបន្តសកម្មភាពជួយសង្គ្រោះ ក្នុងឧបទ្ទេវហេតុនេះឲ្យចប់ចុងចប់ដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com