ជាតិ
លោក អ៊ុន ចាន់ដា នឹងធ្វើជាអភិបាលខេត្តកំពង់ចាម លោក ប្រាក់ សុវណ្ណ នឹងជាអភិបាលខេត្តព្រះវិហារ ពីឆ្វេងទៅស្តាំ៖ លោក គួច ចំរើន លោក អ៊ុន ចាន់ដា និងលោក ប្រាក់ សុវណ្ណ
× សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង នារសៀលថ្ងៃទី២៤ ខែមិថុនា បានស្នើសុំសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរភារកិច្ច អ៊ុន ចាន់ដា ពីអភិបាលខេត្តព្រះវិហារ ទៅជាអភិបាលខេត្តកំពង់ចាម និងលោក ប្រាក់ សុវណ្ណ ពីអភិបាលរងខេត្តស្វាយរៀងទៅជាអភិបាលខេត្តព្រះវិហារវិញ។
ក្នុងលិខិតរបស់ខ្លួន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំយោបល់សម្តេច ហ៊ុន សែន លើការផ្គូរផ្គងបេក្ខភាពអភិបាលខេត្តមួយចំនួន។ សម្តេច ស ខេង បានវាយតម្លៃពីបេក្ខភាព លោក គួច ចំរើន សម្រាប់តំណែងអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ដែលត្រូវផ្ទេរភារកិច្ចឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេច ស ខេង មើលឃើញពីចំណុចវិជ្ជមានរបស់លោក គួច ចំរើន កាលពីពេលដែលលោកនៅជាអភិបាលខណ្ឌមានជ័យ ខណ្ឌដួនពេញ និងខេត្តកំពង់ចាម។
សម្រាប់តំណែងអភិបាលខេត្តកំពង់ចាម សម្តេច ស ខេង បានមើលឃើញពីបេក្ខភាពរបស់លោក អ៊ុន ចាន់ដា ដែលបច្ចុប្បន្នជាអភិបាលខេត្តព្រះវិហារ។ ជាមួយគ្នានេះ សម្តេច ស ខេង បានមើលឃើញពីតួនាទីដ៏សក្តិសមរបស់លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀងបច្ចុប្បន្ន សម្រាប់តំណែងអភិបាលខេត្តព្រះវិហារ ដោយលោកមានបទពិសោធន៍ធ្វើជាអភិបាលស្រុកកំចាយមារជិត១០ឆ្នាំ។
«ដោយសារករណីខាងលើជាបញ្ហារសើប ការផ្គួរផ្គងបេក្ខភាពខាងលើ ខ្ញុំពុំបានពិភាក្សាជាមួយមូលដ្ឋាន និងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តពាក់ព័ន្ធឡើយ»។ នេះជាសំណេររបស់សម្តេច ស ខេង ដោយទទួលបានចំណារយល់ព្រមភ្លាមៗពីសម្តេច ហ៊ុន សែន នាថ្ងៃទី២៤ ខែមិថុនា នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com