អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាសេដ្ឋី​អាមេរិក Jeffrey Epstein ចងក​សម្លាប់ខ្លួន​ក្នុង​មន្ទីរឃុំឃាំង
11, Aug 2019 , 11:43 am        
រូបភាព
ដោយ:
​អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​ជនជាតិ​អាមេរិក Jeffrey Epstein ដែល​ស្ថិតក្នុង​ការឃុំខ្លួន រង់ចាំ​ការកាត់ទោស​លើ​ករណី​ជួញដូរ​ផ្លូវភេទ​នារី​មិនទាន់​គ្រប់​អាយុ ត្រូវបាន​រកឃើញ​ស្លាប់​ក្នុង​បន្ទប់​ពន្ធនាគារ​កាលពី​ថ្ងៃ​សៅរ៍ ទី​១០ សីហា ដោយ​ការចងក​សម្លាប់ខ្លួន​។ ជុំវិញ​រឿងនេះ មនុស្ស​ជាច្រើន ផ្ទុះ​ការតវ៉ា ដោយ​លើក​ជា​សំណួរ​ពាក់ព័ន្ធ​ភាព​ធ្លោះ​ធ្លោយ​ដែល​បណ្តោយ​ឲ្យ​ជនជាប់ចោទ​កម្រិត​ខ្ពស់​បែបនេះ​អាចធ្វើ​អត្តឃាត​ក្នុងពេល​ឃុំឃាំង​បាន ។​



​លោក Epstein ត្រូវបាន​គេ​ដឹងថា ស្លាប់ ដោយ​ការចងក​សម្លាប់ខ្លួន នៅវេលា​ម៉ោង ៦:៣០​នាទី​ព្រឹក នៅឯ​មជ្ឈមណ្ឌល​កែប្រែ​ក្រុង ញូវយ៉ក​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អគ្គ​រដ្ឋអាជ្ញារ​អាមេរិក លោក Bill Barr បាន​គូសបញ្ជាក់ថា លោក​តក់ស្លុត​ជាខ្លាំង​ក្រោយ​ដឹង​ដំណឹង​ការស្លាប់​លោក Epstein ហើយ លោក ក៏បាន​ចេញ​បញ្ជា​ឲ្យ​អធិការដ្ឋាន​នៃ​ក្រសួងយុត្តិធម៌​បើក​ការស៊ើបអង្កេត​លើ​រឿងនេះ​។     ​

«​ការស្លាប់​របស់លោក Epstein បាន​បង្កើត​សំណួរ​ជាច្រើន ដែល​ទាមទារ​ការបកស្រាយ​»​។ លោក Barr បញ្ជាក់​បែបនេះ​។ ជាមួយគ្នានេះដែរ យោងតាម​ក្រសួងយុត្តិធម៌ ភ្នាក់ងារ FBI អាមេរិក ក៏​កំពុងបើក​ការស៊ើបអង្កេត​លើ​បញ្ហា​អត្តឃាត​នេះ​ផងដែរ​។​

​ការស្លាប់​របស់លោក Epstein បាន​កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ឯកសារ​តុលាការ​កម្រាស់​រាប់រយ​ទំព័រ ត្រូវបាន​ចេញផ្សាយ ដោយ​បង្ហាញ​ពី​ការចោទប្រកាន់​ថ្មី​ប្រឆាំងនឹង​លោក និង​មនុស្ស​មួយចំនួនទៀត​ពាក់ព័ន្ធ​នឹង​លោក​។

​ហើយ កាលពី​ខែ​មុន ក្រោយពី​លោក​ត្រូវបាន​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ  លោក Epstein ធ្លាប់បាន​ព្យាយាម​ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់​ពន្ធនាគារ​របស់​លោក ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​និង​ជួយសង្គ្រោះ​ទាន់ពេលវេលា​។ មន្ត្រី​ទទួលបន្ទុក​ពន្ធនាគារ​ចាត់ទុក​រឿងនេះ​ជាការ​ប៉ុនប៉ង​សម្លាប់ខ្លួន​។

​សូមបញ្ជាក់ថា លោក Epstein រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី​បង់លុយ​ឲ្យ​ស្រីក្មេងៗ​ក្រោម​អាយុ ១៨​ឆ្នាំ ធ្វើ​សកម្មភាព​ផ្លូវភេទ នៅឯ​ភូមិគ្រឹះ​លោក​ក្នុង​រដ្ឋ Florida និង Manhanttan កាលពី​អំឡុង​ឆ្នាំ ២០០២ និង ២០០៥​។ លោក ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី ៦ កក្កដា ឆ្នាំ​២០១៩ ក្រោយពី​ធ្វើដំណើរ​ទៅដល់​ទឹកដី​រដ្ឋ New Jersey តាមរយៈ​យន្តហោះ​ផ្ទាល់ខ្លួន​។​

​ម្យ៉ាងវិញទៀត រដ្ឋអាជ្ញារ​អាមេរិក ក៏បាន​ចោទប្រកាន់​លោក Epstein ករណី​យកលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បិទមាត់​សាក្សី​ពីរ​នាក់ នៅ​មុនពេល​ការជំនុំជម្រះ​ក្តី​លោក​មកដល់ ពោលគឺ​គ្រោង​ធ្វើឡើង​នា​ឆ្នាំ​២០២០​។ លោក អាច​ប្រឈម​ជាប់គុក ៤៥​ឆ្នាំ ប្រសិនបើ​រកឃើញ​កំហុស​មែន​នោះ​។

​និយាយ​ពី​ប្រវត្តិ​ខ្លះៗ​របស់លោក Jeffrey Epstein ។ លោក ធ្លាប់​ធ្វើជា​គ្រូបង្រៀន​ម្នាក់ មុននឹង​ប្រឡូក​ចូលក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ មុននឹង​មាន​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​លោក សេដ្ឋី​ហិរញ្ញវត្ថុ​រូបនេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ និង​មាន​បណ្តាញ​ជាមួយ​មនុស្ស​មាន​ឥទ្ធិពល​។ ក្នុងនោះ ក៏មាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អតីត​ប្រធានាធិបតី Bill Clinton និង​ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស Andrew ផងដែរ​។



តួយ៉ាង ប្រាប់​ទស្សនា​វ​ដ្តី New York ក្នុង​ឆ្នាំ​២០០២ លោក ត្រាំ បាន​ហៅ​លោក Epstein ជា «​បុគ្គល​អស្ចារ្យ​» ថែម​ទៀតផង​។ ប៉ុន្តែ​ក្រោយមក លោក​ប្រធានាធិបតី បាន​អះអាង ទំនាក់ទំនង​រវាង​លោក​ជាមួយ Epstein បាន​រលាយបាត់ កាលពី ១២ ឬ ១៥ ឆ្នាំ​កន្លង​ទៅហើយ​។ ទន្ទឹមនឹងនេះ លោក ក៏បាន​លើកឡើង​ជាថ្មី​ថា លោក ពុំមែន​ជា​អ្នកគាំទ្រ​របស់លោក Jeffrey Epstein ទេ​៕

 




Tag:
 សហរដ្ឋអាមេរិក​
  FBI
  Jeffrey Epstein
© រក្សាសិទ្ធិដោយ thmeythmey.com