កីឡាជាតិ
ជាតិ
អស្ចារ្យ​! មុនមកផ្ទះវិញ​ U18 កម្ពុជា​បាន​​ទម្លាក់​ម្ចាស់ផ្ទះ​វៀតណាម ២-១ ជា​ប្រវត្តិសាស្ត្រ​
15, Aug 2019 , 5:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​ក​បាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​កម្ពុជា បាន​ហាលអាវ​រួចទៅហើយ​ក្នុង​ព្រឹត្តិការណ៍ AFF U18 Championship ប៉ុន្តែ​ក្រុម​ដែល​ស្ថិតក្រោម​ការដឹកនាំ​គ្រូបង្វឹក​ជប៉ុន Gyotoku Koji បានផ្តល់​មេរៀន​ដ៏​ខកចិត្ត​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ក្នុង​លទ្ធផល ២-១ នៅ​កីឡដ្ឋាន Thong Nhat ក្រុងហូជីមិញ ប្រទេសវៀតណាម​​។ សៀង ចន្ធា រកបានគ្រាប់បើកឆាកនៅនាទី​៥០ ប៉ុន្តែកីឡាករ​វៀតណាម Nguyen Kim Nhat តាមស្មើ​វិញនៅនាទី​៩០+២។ លោក​អាជ្ញាកណ្តាល​ឡាវ Souei Vongkham ហៀបនឹងផ្លុំកញ្ចែបញ្ចប់​ការប្រកួតទៅហើយ ធី លៀង បាន​សុ៊តបាល់បញ្ចូលទីនាំជ័យជម្នះ ២-១ ក្រោយការបញ្ជូន​របស់ ចន្ធា។


 
អត្ថបទទាក់ទង


ជំនួប​បី​លើក​កន្លងមក កម្ពុជា​មិន​ធ្លាប់​យកឈ្នះ​វៀតណាម​ឡើយ​ដោយនៅ​ឆ្នាំ​២០០២ កម្ពុជា​ចាញ់​វៀតណាម ៣-១ បន្ទាប់មក​នៅ​ឆ្នាំ​២០០៣ និង ២០០៧ កម្ពុជា​ចាញ់​វៀតណាម​ក្នុង​លទ្ធផល ៥-០ ដូចគ្នា​។ ​នេះ​ជា​ជ័យជម្នះ​លើកដំបូង​បំផុត​ផងដែរ​របស់​កម្ពុ​ជាស​ម្រា​ប់​ការប្រកួត​គ្រប់​កម្រិត​អាយុ បើ​គិត​ចាប់តាំងពី​ក្រោយ​សង្គ្រាម​មក ពោលគឺ​ដូចជា​ជ័យជម្នះ ៤-៣ លើ​ថៃ យ៉ាង​ដូច្នោះ​ដែរ​។

ការខក​ចិត្តយ៉ាងខ្លាំងរបស់ម្ចាស់ផ្ទះនោះ គឺ​ដោយសារ​តែ ម៉ាឡេស៊ី បាន​ចាញ់ថៃ ១-០ ស្របពេល​ដែល​អូស្ត្រាលី​បន្តឈ្នះសិង្ហបុរី ៥-០។ សរុបការប្រកួតទាំងអស់ក្នុងពូល អូស្ត្រាលី បាន​១២ពិន្ទុ ម៉ាឡេស៊ី បាន​៩ពិន្ទុ ហើយត្រូវឡើងទៅវគ្គ​បន្ត។ វៀតណាម​ដែលចាញ់កម្ពុជា មាន​ត្រឹម​៧ពិន្ទុ។ កម្ពុជាមាន​៦ពិន្ទុ ក្រោយឈ្នះថៃ ៤-៣ ឈ្នះម្ចាស់ផ្ទះវៀតណាម ២-១ តែចាញ់​សិង្ហបុរី ១-០ និងចាញ់​ម៉ាឡេស៊ី ៣-០ និងចាញ់អូស្ត្រាលី ៥-១។

នេះជាលទ្ធផលនៃសហការគ្នាជាក្រុម​បានល្អ ដែលក្នុងនោះ សៀង ចន្ធា ទទួលបាននូវការចាប់អារម្មណ៍ជាពិសេស ដោយបាន​ស៊ុត​បាល់បញ្ចូលទីសរុប​៤គ្រាប់ប្រចាំព្រឹត្តិការណ៍នេះ។

អវត្តមានកីឡាករឆ្នើម២នាក់៖

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​ពីររូប​រួមមាន​កីឡាករ ប៊ុនធឿន ប៊ុណ្ណា​រ៉ុង និង វុ​ធ តុលា មិនមាន​វត្តមាន​ឡើយ ដោយ​ពួកគេ​បាន​រងរបួស​ធ្ងន់ធ្ងរ​ក្នុងអំឡុងពេល​បំពេញបេសកកម្ម​ក្នុង​ពានរង្វាន់ AFF U18 Championship នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​។ បញ្ហា​របួស​នេះ បានធ្វើ​ឲ្យ​ពួកគេ​ទាំងពីរ​អវត្តមាន​ក្នុងជំនួប​ចុងក្រោយ​ជាមួយ​វៀតណាម​។

​បើតាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កីឡាករ ប៊ុនធឿន ប៊ុណ្ណា​រ៉ុង បាន​រងរបួស​ធ្ងន់ធ្ង​រ​ដោយ​ដាច់​សរសៃ​ជង្គង់​ខាងស្តាំ ខណៈ​កីឡាករ វុ​ធ តុលា ដែល​រក​គ្រាប់​បាល់​បើកឆាក​ឲ្យ​កម្ពុជា​ក្នុងជំនួប​ជាមួយ​ថៃ រងរបួស​បែក​ឆ្អឹង​ជើង​។ បញ្ហា​របួស​របស់​ពួកគេ​កើតឡើង​ក្នុងជំនួប​ជាមួយ​សិង្ហ​បុរី ដែល​កម្ពុជា​ចាញ់​ក្នុង​លទ្ធផល ១-០​។

«​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុមការងារ​គ្រូបង្វឹក និង​មិត្ត​រួម​ក្រុម​ទាំងអស់​សូម​ថ្លែងអំណរគុណ​ដល់​កីឡាករ​ទាំង​២​សម្រាប់​ការខិតខំ និង​លះបង់​ក្នុងនាម​តំណាងឱ្យ​កម្ពុជា ហើយ​សូម​ជូនពរ​ឱ្យ​អ្នក​ទាំង​២​ឆាប់​បានជា​សះស្បើយ ដើម្បី​វិល​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រុម​សម្រាប់​បេសកកម្ម​ទៅ​ថ្ងៃ​អនាគត​បន្តទៀត​»​។ នេះ​ជាការ​ជូនពរ​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

ជម្រើស​របស់​កម្ពុជា៖ កយ សាលីម (អ្នក​ចាំទី), រី លាភផេង, សឿត ណាវ៉ា, ជុង មករា, អ៊ាន ពិសី (ធី លៀង ៦៥), សៀង ចន្ធា (ប្រធានក្រុម), មិន រតនៈ, អាត អូនតូច, ចាន់ សុភា, សៀន សុភ័ក្ត្រា (កែវ ឧត្តម ៦០), មិត សាម៉ើយ (ជា សុខម៉េង ៩០)។



Tag:
 AFF U18 Championship
  U18 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com