កីឡាជាតិ
ជាតិ
AFF U18៖ ក្រោយ​ចាញ់​កម្ពុជា គ្រូបង្វឹក​វៀតណាម លោក Hoang Anh Tuan លាលែង​ពី​តំណែង​
15, Aug 2019 , 10:12 pm        
រូបភាព
លោក Hoang Anh Tuan ឈរបញ្ជាក្រុមនាជំនួបជាមួយកម្ពុជា។ រូបថត Vietnamnet
លោក Hoang Anh Tuan ឈរបញ្ជាក្រុមនាជំនួបជាមួយកម្ពុជា។ រូបថត Vietnamnet
ដោយ: ថ្មីៗ
​បរាជ័យ ២-១ ដោយសារ​កម្ពុជា​ក្នុងការ​ប្រកួត​ពូ​ល B បាន​ឲ្យ U18 វៀតណាម ដែលជា​ម្ចាស់ផ្ទះ​ខក​ឱកាស​ទៅកាន់​វគ្គ​បន្តនៃព្រឹត្តិការណ៍ AFF U18 Championship 2019​។ ក្រោយ​លទ្ធផល​ដ៏​ខកចិត្ត​នេះ លោក Hoang Anh Tuan ដែលជា​គ្រូបង្វឹក បានប្រកាស​លាលែង​ពី​តំណែង​ភ្លាមៗ​។ សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) បាន​ទទួលយក​ការសម្រេចចិត្ត​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Vietnamnet។​


 
អត្ថបទទាក់ទង


លោក Hoang Anh Tuan អាយុ​៥១ឆ្នាំ បាន​ដឹកនាំក្រុមយុវជន U18 ឬ U19 វៀតណាម ចាប់តាំងពីឆ្នាំ​២០១៥មក ដោយលោកបាននាំក្រុមបានលេខពីរព្រឹត្តិការណ៍ AFF Championship នៅឆ្នាំ​២០១៥ និងលេខ៣នៅឆ្នាំ​២០១៦។ កាលពីឆ្នាំ​២០១៦ផងដែរ U19 វៀតណាម ក្រោម​ការដឹកនាំ​របស់លោកបានចំណាត់ថ្នាក់លេខ៤ក្នុងព្រឹត្តិការណ៍ AFC Championship។

នៅឆ្នាំ​២០១៩នេះ ក្នុងនាមជាម្ចាស់ផ្ទះ វៀតណាមបញ្ចប់ត្រឹមចំណាត់ថ្នាក់​លេខ៣នៅក្នុងពូល B ក្រោយឈ្នះម៉ាឡេស៊ី ១-០, ចាញ់អូស្ត្រាលី ៤-១, ឈ្នះសិង្ហបុរី ៣-០, ស្មើថៃ ០-០ មុននឹងខកចិត្តចាញ់កម្ពុជា ២-១​ ដែលធ្វើឲ្យពួក​គេ​ចាញ់ពិន្ទុម៉ាឡេស៊ីសម្រាប់ចំណាត់ថ្នាក់​លេខ​២ក្នុងពូល។



យោងតាម Vietnamnet លោក Tuan រាប់រងទាំងអស់ចំពោះលទ្ធផល​បរាជ័យ ដោយលោកលើក​ឡើងថា យុវជនបាល់ទាត់វៀតណាមនៅតែមានសក្តានុពល។ «យើងត្រូវការពេលវេលាបន្ថែមទៀត។ ខ្ញុំទទួលស្គាល់ថា ស្មារតីកីឡាករយើងធ្លាក់ចុះ ដែលនាំឲ្យមាន​បញ្ហាផ្សេងទៀត។ ចំពោះលទ្ធផល​ប្រកួតនេះ ខ្ញុំគ្មាន​អ្វីដែលត្រូវប្រកែកនោះឡើយ»។

សហព័ន្ធកីឡាបាល់ទាត់វៀតណាម ទទួលយក​សំណើរសុំលាលែងរបស់​លោក Tuan ហើយកំពុងសំឡឹងរកអ្នកជំនួស ខណៈវៀតណាមនៅមាន​ព្រឹត្តិការណ៍ជាច្រើនទៀតដែលត្រូវប្រកួតប្រជែង៕

Tag:
 AFF U18
© រក្សាសិទ្ធិដោយ thmeythmey.com