ជាតិ
បាក់ឌុប
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ​៖ មុន​រិះគន់​លើ​វិញ្ញាសា​ប្រឡង គួរ​ថ្លឹងថ្លែង​ពី​ប្រវត្តិសាស្ត្រ និង​នយោបាយ​
21, Aug 2019 , 11:19 am        
រូបភាព
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន
​ភ្នំពេញ​៖ វិញ្ញាសា​ប្រឡង​លើ​មុខវិជ្ជា​មួយចំនួន នៅ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​សាធារណជន​រិះគន់ថា ក្រសួង​ចេញ​សំនួរ​បែប​នយោបាយ​ច្រើនជាង​មេរៀន​ប្រវត្តិសាស្ត្រ​។ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បដិសេធ​ការរិះគន់​នេះ​។ សម្រាប់​លោក ហង់ ជួន ណា​រ៉ុ​ន សំនួរ​ដែល​ចេញ​ប្រឡង​នេះ គឺ​ផ្ដោតលើ​ប្រវត្តិសាស្ត្រ ហើយ​គ្មាន​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

 
​លោក ហង់ ជួន ណា​រ៉ុ​ន បាន​និយាយថា ក្រសួង​តែងតែ​គោរព​តាម​គោលការណ៍​អប់រំ ដោយ​មិន​បញ្ជ្រៀប​រឿង​នយោបាយ​ដល់​សិស្ស​នោះទេ​។ ត្រង់ចំណុច​នេះ​ លោក ហង់ ជួន ណា​រ៉ុ​ន បាន​លើក​ជា​ឧទាហរណ៍​ថា តើ​សំណួរ​ទាក់ទង​នឹង​ថ្ងៃ​រំដោះប្រទេស ៧ មករា ឆ្នាំ​១៩៧៩ គឺជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ឬ​ជា​រឿង​នយោបាយ​? សម្រាប់​លោក ហង់ ជួន ណា​រ៉ុ​ន សំណួរបែបនេះ គឺជា​រឿង​ប្រវត្តិសាស្ត្រ ដោយ​មិន​ពាក់ព័ន្ធ​នយោបាយ​ទេ ព្រោះ​ព្រឹត្តិការណ៍​ទាំងនោះ បាន​កើតឡើង​កាលពី​អតីតកាល ៤០​ឆ្នាំមុន ដែល​ត្រូវឱ្យ​សិស្ស​ចងចាំ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ដូច្នេះ​ លោក​រដ្ឋមន្ត្រី​អប់រំ ស្នើឱ្យ​សាធារណជន ថ្លឹងថ្លែង​ពី​ប្រវត្តិសាស្ត្រ និង​នយោបាយ មុននឹង​រិះគន់​លើ​វិញ្ញាសា​ប្រឡង ឬ​បញ្ហា​អ្វីមួយ​។​
 
ជា​បន្ត​សូម​លោកអ្នក​នាង ស្ដាប់​ការបកស្រាយ​របស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្ដល់​កិច្ច​សម្ភាស​ផ្ដាច់មុខ​ដល់​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖
 
 
 
​បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន រាល់​ការចេញ​វិញ្ញាសា​ប្រឡង​ម្ដងៗ គឺ​ក្រសួង រៀបចំ​សំណួរ​ដោយ​ផ្អែកទៅលើ​ការចងចាំ​, សំនួរ​បែប​វិភាគ និង​ការវិវត្ត​នៅក្នុង​សង្គម និង​សកលលោក ។  ក្នុង​ន័យនេះ​លោក ហង់ ជួន ណា​រ៉ុ​ន បាន​ពន្យល់ថា សំណួរ​បែប​ចង់ចាំ គឺ​ផ្ដោតទៅលើ​សកម្មភាព និង​ពេលវេលា ដែល​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​មេរៀន​។ រីឯ​សំណួរ​បែប​ពិចារណា​វិញ គឺ​ឱ្យ​បេក្ខជន​ចេះ​រក​មូលហេតុ ដែលនាំឱ្យ​មាន​ព្រឹត្តិការណ៍​អ្វីមួយ​កើតឡើង នៅក្នុង​សង្គម​ជាដើម​៕
 

Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  បាក់​ឌុប ២០១៩
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com