អន្តរជាតិ
តើផ្សែងដែលចេញពីក្រោយយន្តហោះនោះគឺជាអ្វី?
× ពេលខ្លះនៅពេលដែលយន្តហោះកំពុងធ្វើដំណើរនៅលើអាកាស គេអាចឃើញកន្ទុយផ្សែងមួយយ៉ាងវែងពណ៌ ស ហាក់បីដូចជាពពក។ តើបាតុភូតនេះជាអ្វី? តើវាកើតឡើងមកពីណា?
គេហទំព័រ Scientific American ពន្យល់ថា ផ្សែងដែលចាកចេញពីយន្តហោះនេះត្រូវបានគេឲ្យឈ្មោះថា«Contrail»។ វាកើតឡើងដោយសារតែខ្យល់ក្តៅដែលចាកចេញពីម៉ាស៊ីននៃយន្តហោះ ប៉ះជាមួយនឹងសីតុណ្ហភាពត្រជាក់នៃខ្យល់របស់ស្រទាប់បរិយាកាសខាងលើ។
ហេតុការណ៍បង្កឲ្យទៅជាកំណកអាកាសនេះស្រដៀងគ្នាជាមួយនឹងពេលដែលមនុស្សនិយាយចេញផ្សែងនៅតាមតំបន់ត្រជាក់ធ្លាក់ព្រិលអ៊ីចឹង។ មិនត្រឹមតែប៉ុណ្ណោះ ឧស្ម័នកាបូនឌីអុកស៊ីត ស៊ុលផួអុកស៊ីត អាសូតអុកស៊ីត សាំងមិនទាន់ឆេះសព្វ ឬកម្ទេចកំទីធូលីជាដើម ក៏ជាអ្នកដែលបង្កឲ្យមានកំណកអាកាសបន្ថែមដែរ។
ភាពខុសគ្នានៃរយៈកម្ពស់ហោះហើររបស់យន្តហោះ សីតុណ្ហភាពអាកាស ឬបរិមាណចំហាយទឹក អាចបង្កើតឲ្យមានប្រភេទ ទំហំ រយៈពេល និងកម្រាស់នៃកន្ទុយផ្សែងទាំងនេះខុសៗគ្នា។ គេក៏អាចប្រើប្រាស់កន្ទុយផ្សែងទាំងនេះក្នុងការទុះទាយទៅលើអាកាសធាតុផងដែរ។ បើកន្ទុយផ្សែងនោះមានលក្ខណៈស្តើង និងរហាត់ទៅវិញរហ័យ នោះអាកាសធាតុនឹងមានភាពធម្មតា មិនសម្បូរទៅដោយចំហាយទឹកនោះឡើយ។
បើវាមានលក្ខណៈក្រាស់ និងមិនងាយនឹងរសាត់ នោះគេអាចកំណត់បានថា នឹងមានភ្លៀង ឬព្យុះជាដើម។ អ្នកអាចមើលវាឃើញដូចជារាងជារលករង្វង់គឺដោយសារបាតុភូតចលនាខ្យល់ម្យ៉ាងដែលបង្កើតដោយចុះនៃស្លាបយន្តហោះ។ គេហៅវាថា«Vortices»។ រង្វិលនៃចរន្តខ្យល់នេះជាអ្នកដែលធ្វើឲ្យកន្ទុយផ្សែងមានរាងជារលកបែបរង្វង់៕
© រក្សាសិទ្ធិដោយ thmeythmey.com