ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូនស្រី​និង​អ្នក​ជំនិត​លោក កឹម សុខា បង្ហាញ​ជំហរ​ផ្ទុយ​ពី​ក្រុម​លោក សម រង្ស៊ី
21, Oct 2019 , 2:24 pm        
រូបភាព
កញ្ញា កឹម មនោវិទ្យា និង លោក ញ៉ែម បុញ្ញឫទ្ធិ ចូលរួមប្រជុំនៅអង្គការសហប្រជាជាតិ កាលពីចុងឆ្នាំ២០១៧
កញ្ញា កឹម មនោវិទ្យា និង លោក ញ៉ែម បុញ្ញឫទ្ធិ ចូលរួមប្រជុំនៅអង្គការសហប្រជាជាតិ កាលពីចុងឆ្នាំ២០១៧
ដោយ: ថ្មីៗ
​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់លោក កឹម សុខា និង លោក ញ៉ែម បុញ្ញឫទ្ធិ ដែលជា​មនុស្ស​ស្និទ្ធ​របស់លោក កឹម សុខា យល់​ដូចគ្នា​ថា មានតែ​ការជជែក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ទេ ទើប​អាច​ដោះស្រាយ​បញ្ហា​បាន ខណៈ​លោក សម រង្ស៊ី ប្រកាស​ដឹកនាំ​កម្លាំង​ចូលមក​កម្ពុជា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ អ្នក​ទាំងពីរ បាន​ទៅ​ចូលរួម​ពិធី​រម្លឹក​ខួប​២៨​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​រៀបចំឡើង​នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក កាល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ ហើយ​ត្រូវបាន The Cambodia Daily សុំ​សម្ភាស​។ 



​ក្នុង​បទ​សម្ភាស​នោះ កញ្ញា កឹម មនោ​វិទ្យា សង្ឃឹមថា ការ​រម្លឹក​ខួប​២៨​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​ការ​ក្រើនរម្លឹក​ដល់​ខ្មែរ​គ្រប់ភាគី ឲ្យ​ងាក​មក​ជជែក​គ្នា​ឡើងវិញ ដូច​កាលពី​២៨​ឆ្នាំមុន ដែល​គ្រប់ភាគី​ខ្មែរ រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ តាមរយៈ​ការជជែក​នេះ រហូតដល់​បង្កើតបាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ កញ្ញា បញ្ជាក់​បែបនេះ​ថា​៖«​មានតែ​ការដោះស្រាយ​តាម​យ​រៈការ​ជជែក​គ្នា​ទេ ដែល​អាច​នាំមក​នូវ​ផ្លែផ្កា​យូរអង្វែង​ពិតប្រាកដ​»​។​

​កញ្ញា បានលើកឡើង​ជាថ្មី​ថា ការឃុំ​លោកឪពុក ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ការ​រឹតត្បិត​សង្គម​ស៊ីវិល និង សារព័ត៌មាន ជាដើម គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ 

​ចំណែក លោក ញ៉ែម បុញ្ញឫទ្ធិ ក៏​ជំរុញ​ឲ្យ​មាន​ការគោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​។ លោក ថ្លែងថា​៖«​ស្មារតី​នេះ គំនិត​នេះ យើង​នៅតែមាន​សង្ឃឹម ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ក៏​នៅតែ​មានជំនឿថា ការដោះស្រាយ​ដោយ​សន្តិវិធី ជា​លក្ខណៈ​មួយ​ដ៏​ល្អប្រសើរ ដើម្បី​រក្សា​ស្ថិរភាព​ប្រទេសជាតិ​ផង និង​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ទៅមុខទៀត​»​។

​មនុស្ស​ជំនិត​របស់លោក កឹម សុខា រូបនេះ មិនបាន​បង្ហាញ​ការប្រឆាំង​ចំៗ​ចំពោះ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​ក្រុម​លោក សម រង្ស៊ី នោះទេ​។ ប៉ុន្តែ លោក បាន​រម្លឹក​ពី​គោលការណ៍​រួម របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជាការ​បង្ហាត់បង្រៀន​រប​ស់លោក កឹម សុខា ដែល​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា​និង​ការមិន​យក​ខ្មែរ​ណា​ម្នាក់ ធ្វើជា​សត្រូវ​។

​អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង​រូបនេះ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ចំពោះ​ការដើរ​ប្រាសចាក​ផុត​ឆ្ងាយ​ពី​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ យើងខ្ញុំ​គិតថា វា​ជា​រឿង​បុគ្គល​ទៅវិញ វា​អត់​មានអី​ពាក់ព័ន្ធ​នឹង​គណបក្ស​ទេ​»​។

​រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​គម្រោង​ធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី ថា ដើម្បី​ធ្វើ​រដ្ឋប្រហារ ហើយ​តុលាការ បាន​ចោទ​លោក និង ថ្នាក់ដឹកនាំ​៨​នាក់ទៀត​របស់លោក ពីបទ​ឧបឃាត​។ ចំណែក អ្នកគាំទ្រ​ក្នុងស្រុក​មួយចំនួន ត្រូវបាន​តុលាការ រកឃើញថា បាន​ចូលរួម​គាំទ្រ​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ​នេះ ហើយក៏​ចោទ​ពីបទ​រួមគំនិត​ក្បត់ជាតិ​។

​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានសម្រេច​រួចហើយ ថា នឹង​ដឹកនាំ​កម្លាំង ចូលមក​កម្ពុជា​ដោយ​មិន​រាថយ​ឡើយ ហើយ​លោក បាន​ព្យាយាម​បំផុសបំផុល ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស ងើប​តស៊ូ​ជាមួយ​លោក​។ លោក បង្ហើប​ថា លោក និង ពលករ​ខ្មែរ ប្រហែលជា​ដើរកាត់​ព្រំដែន​ថៃ ចូលមក​កម្ពុជា​។ លោក អះអាងថា លោក ចូលមក​នេះ គឺ​ដើម្បី​រំដោះប្រទេស​ជាតិ​ជូន​ប្រជាពលរដ្ឋ រំដោះ​ព្រះមហាក្សត្រ និង រំដោះ​លោក កឹម សុខា​។

​លោក សម រង្ស៊ី នៅតែ​ចាត់ទុក​លោក កឹម សុខា ថា​ជា​ដៃគូ​ស្លា​ប់រស់ ហើយ​លោក នៅតែ​ប្រើ​សារ​ដដែល ថា​លោក និង លោក កឹម សុខា ជា​មនុស្ស​តែមួយ​។ សម្រាប់​លោក កឹម សុខា ដែល​ត្រូវបាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​ក្នុងផ្ទះ បានត្រឹមតែ​រក្សា​ភាព​ស្ងៀម​ស្ថា​ត់ ដោយ​កម្រ​នឹង​បញ្ចេញ​សារ​នយោបាយ​អ្វី​ណាស់​។ គេ អាច​ដឹង​សា​របស់លោក តាមរយៈ​តែ​មេធាវី​ប៉ុណ្ណោះ​៕ 

Tag:
 កឹម មនោ​វិទ្យា​
  ញ៉ែម បុញ្ញឫទ្ធិ​
  កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​
  សម រង្ស៊ី​
  មាតុភូមិ​និវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com