ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ អនុញ្ញាតឲ្យលោក កឹម សុខា ដើរហើរគ្រប់កន្លែងក្នុងប្រទេស
10, Nov 2019 , 10:13 am        
រូបភាព
លោក កឹម សុខា ជាមួយម្តាយនិងភរិយា។ រូបនេះ ថតពេលលោក មកដល់ផ្ទះ ក្រោយត្រូវបានដោះលែងពីពន្ធនាគារត្រពាំងផ្លុង។ រូបពីគណនីហ្វេសប៊ុក Chantha Muth
លោក កឹម សុខា ជាមួយម្តាយនិងភរិយា។ រូបនេះ ថតពេលលោក មកដល់ផ្ទះ ក្រោយត្រូវបានដោះលែងពីពន្ធនាគារត្រពាំងផ្លុង។ រូបពីគណនីហ្វេសប៊ុក Chantha Muth
បម្រាមដែលមិនឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ចេញទៅណាឆ្ងាយពីផ្ទះ ត្រូវបានលុបចោលហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលចេញនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។



ការលុបបម្រាមនេះ គឺមានន័យថា លោក កឹម សុខា អាចដើរហើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ តុលាការ នៅតែរក្សាបម្រាមមិនឲ្យលោក ចេញទៅក្រៅប្រទេសដដែល។ 

ម្យ៉ាងទៀត បម្រាម ដែលមិនឲ្យលោក កឹម សុខា ធ្វើសកម្មភាពនយោបាយ ក៏តុលាការនៅរក្សាទុកដែរ ដូច្នេះលោក មិនទាន់អាចធ្វើសកម្មភាពនយោបាយបានឡើយ ទោះបីជាលោក មានសេរីភាពក្នុងការដើរហើរក៏ដោយ។ លើសពីនេះ តុលាការ ប្រាប់លោកថា ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ពីព្រោះលោក នៅតែជាជនត្រូវចោទ ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។  

បច្ចុប្បន្ន សំណុំរឿងរបស់លោក កឹម សុខា​ កំពុងស្ថិតក្នុដំណាក់កាលនៃការស៊ើបសួរ។ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ ជាអ្នកកាន់សំណុំរឿងរបស់លោក កឹម សុខា។ 

ការកែលក្ខខណ្ឌនិងបន្ធូរបន្ថយបម្រាមចេញពីលោក កឹម សុខា នាពេលនេះ គឺស្របពេលដែលលោក សម រង្ស៊ី ជាដៃគូនយោបាយរបស់លោក មកដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយប្រកាសថា នឹងដឹកនាំកម្លាំងអ្នកគាំទ្រពីក្រៅប្រទេស ចូលមកកម្ពុជាក្នុងពេលខាងមុខឆាប់ៗនេះ។ លោក សម រង្ស៊ី ប្រកាសកន្លងមកថា លោក ចូលមកកម្ពុជា ដើម្បីរំដោះលោក កឹម សុខា ​និងស្តារលទ្ធិប្រជាធិបតេយ្យ។ 

យ៉ាងណា សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ពុំបាននិយាយដល់រឿងលោក សម រង្ស៊ី ឡើយ។ បើតាមអ្នកនាំពាក្យ តុលាការ លើកហេតុផលថា ការលុបបម្រាមខ្លះនេះ គឺដោយសារតែមានការស្នើសុំពីក្រុមមេធាវីរបស់លោក កឹម សុខា និង យល់ថា លោក កឹម សុខា មានជំងឺ ដែលត្រូវព្យាបាល។ តុលាការ យល់ទៀតថា កន្លងមក លោក កឹម សុខា អនុវត្តកាតព្វកិច្ចបានល្អ តាមការកំណត់របស់តុលាការ។ 

លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ច ចូលទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងសង្កាត់​បឹងកក់២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២អធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការសង្ស័យថា លោក លួចទៅគប់គិតជាមួយរដ្ឋាភិបាលបរទេស​ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ត្រូវចាត់ទុកជាអំពើក្បត់ជាតិ។ 

ក្រោយចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានដឹកលោក កឹម សុខា ទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃុំ (ជិតព្រំដែនវៀតណាម)។ ជាប់ឃុំនៅទីនោះបានមួយឆ្នាំ ពោលគឺ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ក៏ត្រូវបានតុលាការ អនុញាតឲ្យវិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ តែមិនត្រូវបានទម្លាក់បទចោទចេញឡើយ ហើយលោក ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com