COVID-19
ជាតិ
អ្នកនាំពាក្យបញ្ជាក់បន្ថែមករណីឥណ្ឌូណេស៊ី២នាក់ដែលតេស្តវិជ្ជមាននៅថៃ ហើយជិះមកព្យាបាលនៅសៀមរាប
27, Mar 2020 , 12:16 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បកស្រាយ​ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ​សង្គម Telegram បន្ថែម​លើ​ករណី​អ្នក​ផ្ទុក COVID-19 ឥណ្ឌូណេស៊ី ២​នាក់ ដែល​តេស្ត​វិជ្ជមាន​នៅ​ពេទ្យ​ផា​យ៉ា​ថៃ ក្រុង​បាងកក តែ​ក្រោយមក​បានធ្វើ​ដំណើរ​មក​ព្យាបាល​នៅ​ខេត្តសៀមរាប​។​



អត្ថបទទាក់ទង


​ក្រោម​ហេតុផល​មិនមាន​ថវិកា​បង់ថ្លៃ​ពេទ្យ​ថៃ ទើប​បុរស​ឥណ្ឌូណេស៊ី​២​នាក់ បានធ្វើ​ដំណើរ​មក​ព្យាបាល​ជំងឺ COVID-19 នៅ​ខេត្តសៀមរាប ដោយសារ​ដឹងថា រដ្ឋាភិបាល​កម្ពុជា មិន​យក​កម្រៃ​លើ​សេវា​ព្យាបាល​ទាំង​ជនជាតិខ្មែរ និង​បរទេស​។​

«​យើង​ដឹង​ហើយ​ថៃ មិនមែន​មើល​ទទេ​នោះទេ ដោយ​តម្រូវ​ឲ្យ​បង់លុយ ខ្ញុំ​មិនដឹង​ប៉ុន្មាន​នោះទេ ប៉ុន្តែ​បើតាម​ការប្រកាស​របស់​ថៃ ជនបរទេស​ទាល់តែ​មាន​ធានារ៉ាប់រង​សុខភាព​រហូត​ទៅដល់​១០​ម៉ឺន​ដុល្លារ​ឯណោះ​។ ដោយសារ​អត់​មាន​លុយ ឥណ្ឌូណេស៊ី​ទាំងពីរ​ក៏​ធ្វើដំណើរ​ទៅ​សៀមរាប ដោយសារ​ឮថា ស្រុក​ខ្មែរ​អត់​យកលុយ​កាក់​»​។ នេះ​ជាការ​ពន្យល់ របស់លោក​ស្រី ឱ វណ្ណឌី​ន​។​

​អ្នកនាំពាក្យ​រូបនេះ បាន​ឆ្លើយឆ្លង​ទៅកាន់​អ្នកសារព័ត៌មាន​ទាំង​ម៉ោង​១២​យប់ ថា ពេលធ្វើ​ដំណើរ​ឆ្លងកាត់​កម្ពុជា ជនជាតិ​ឥណ្ឌូណេស៊ី​ទាំងពីរ​មិនមាន​រោគសញ្ញា​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ ជាពិសេស​កំដៅ​ខ្លួន ដោយ​មិនដឹងថា ពួកគេ​លេបថ្នាំ ឬ​យ៉ាង​នោះទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី​បាន​បញ្ជាក់ថា ករណី​ឆ្លង​បន្ត​អាចមាន​កម្រិត​ទាប ដោយសារតែ​អ្នកជំងឺ​ទាំងពីរ​នោះ បាន​ម៉ៅ​តាក់ស៊ី​ផ្តាច់​ពី​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ទៅកាន់​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​

«​យើង​ឃើញតែ​អ្នកបើក​តាក់ស៊ី​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ប៉ះពាល់​ផ្ទាល់ មិនមាន​អ្នកផ្សេង​នោះឡើយ ហើយ​បច្ចុប្បន្ន អ្នក​រត់តាក់ស៊ី​រូបនោះ កំពុង​រង់ចាំ​លទ្ធផល​តេស្ត​»​។ លោកស្រី ឪ វណ្ណឌី​ន បាន​រៀបរាប់​យ៉ាង​ដូច្នេះ ដោយ​សន្យា​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​លើ​ករណីនេះ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ឥណ្ឌូណេស៊ី​ទាំងពីរ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ខេត្តសៀមរាប​។​

​ករណី​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំងពីរ​នេះ បាន​នាំ​ឲ្យ​ខេត្តសៀមរាប កើន​ដល់​៥​ករណី បន្ថែម​ពីលើ​បុរស​ជនជាតិខ្មែរ​៣​នាក់​។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​ពី​ករណី​ច​ត្តា​ឡី​ស័ក​មនុស្ស​៣៤០​នាក់ រយៈពេល​១៤​ថ្ងៃ ដោយសារតែ​ពួកគេ​ធ្លាប់មាន​ទំនាក់ទំនង​ដោយ​ប្រយោល​ជាមួយ​ទេសចរ​បារាំង​ប្រមាណ​៣០​នាក់ ដែលមាន​តេស្ត​វិជ្ជមាន COVID-19 ពេលទៅដល់​ខេត្ត​ព្រះសីហនុ​៕




© រក្សាសិទ្ធិដោយ thmeythmey.com